
កំពង់ចាមៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នៅថ្ងៃទី២ ខែធ្នូ បានចុះពិនិត្យ និងបិទវគ្គហ្វឹកហ្វឺនជំនាញសាងសង់ស្ពានចល័តលើគោក និងស្ពានចល័តបណ្តែតទឹក របស់កងកម្លាំងមួកខៀវកម្ពុជា នៅឃុំអំពិលទឹក ស្រុកបាធាយ ខេត្តកំពង់ចាម។
ការចុះពិនិត្យ និងបិទវគ្គហ្វឹកហ្វឺននេះ រួមដំណើរដោយ លោក សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក លោកស្រី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
លោក សែម សុវណ្ណនី បានបញ្ជាក់ថា ដោយផ្អែកលើសមត្ថភាព បទពិសោធន៍ និងលទ្ធផលការងារកន្លងមក អ.ស.ប បានស្នើសុំជាផ្លូវការឱ្យកម្ពុជា បន្ថែមកម្លាំង និងសម្ភារ លើផ្នែក ជំនាញកម្ទេចគ្រឿងផ្ទុះ និងជំនាញសាងសង់ស្ពានចល័តលើគោក (TMM) និងស្ពានចល័តបណ្តែតទឹក (PMP)។ ដោយឡែក មធ្យោបាយ សម្ភារ ឧបករណ៍របស់កងកម្ទេចគ្រឿងផ្ទុះ (EOD ) ថ្មី បានដឹកចេញពីកម្ពុជារួចរាល់ហើយៗកម្លាំងនឹងចេញដំណើរនៅពេលខាងមុខនេះ។
លោក បានបន្តថា កងកម្លាំងជំនាញស្ពានចល័តលើគោក (TMM) និងស្ពានចល័តបណ្តែតទឹក (PMP ) គឺកំពុងហ្វឹកហ្វឺននេះបានចាប់ផ្ដើមបើកវគ្គក្រោមអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់ពីថ្ងៃទី៧ ខែតុលា ហើយនឹងបញ្ចប់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន៣៨រូប អ្នកសម្របសម្រួលទូទៅ១រូប អ្នកបកប្រែភាសាចិន១ រូប ក្រុមគ្រូចិនចំនួន៦រូប។
លោកបញ្ជាក់ថា៖«បន្ទាប់ពីហ្វឹកហ្វឺនរួចមក សិក្ខាកាមទទួលបានចំណេះដឹង ចំណេះធ្វើ ជាផ្លែផ្កាដូចជា៖ របៀបបែងចែកក្រុម និងអនុវត្តភារកិច្ចតាមតួនាទីនីមួយៗក្នុងក្រុម លក្ខណៈបច្ចេកទេសរបស់រថយន្ត ពោងស្ពាន និងកាណូត ការទម្លាក់និងសាឡើងវិញពោងស្ពាន ជើងនិងក្បាលស្ពាន និងកាណូត»។
ជាមួយគ្នានោះ សិក្ខាកាមក៏ចេះធ្វើការភ្ជាប់និងផ្តាច់ពោងស្ពានពីមួយទៅមួយ និងច្រានចូលគ្នា បច្ចេកទេសប្រើប្រាស់កាណូត ការភ្ជាប់ពោងស្ពាននឹងកាណូតធ្វើជាសាឡាង វិធីសាស្ត្រប្រើប្រាស់សាឡាង ការថែទាំនិងជួសជុលរថយន្តពោងស្ពាន និងកាណូត៕