កម្ពុជា និងប្រេស៊ីល គ្រោង​បង្កើត​ស្ថានទូត​រវាង​ប្រទេស​ទាំង​២ និង​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ដើម្បី​ជំរុញ​វិស័យពាណិជ្ជកម្ម និង​វិនិយោគ ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ ២ កំពុង​បន្ត​កសាង​ទំនាក់ទំនង​ការទូត​ឱ្យ​កាន់​តែ​រឹងមាំ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ។

គម្រោង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក អ៊ុច បូររិទ្ធ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល ចាប់​ពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដើម្បី​ធ្វើ​ជា​សហប្រធាន​ជាមួយ​លោក Carlos Alberto Franco França រដ្ឋមន្ត្រី​ការបរទេស​​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​កម្ពុជា ប្រេស៊ីល លើក​ទី១។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី១ ខែធ្នូ បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ទាំង ២ បាន​ពិភាក្សា​លើ​វិស័យ​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី រួម​មាន​ទំនាក់ទំនង​ការ​ទូត​ពាណិជ្ជកម្ម​វិនិយោគ អប់រំ កីឡា ទេសចរណ៍ កសិកម្ម ការ​ជួញដូរ​មនុស្ស ការ​ដោះមីន និង​បេសកកម្ម​ថែរក្សា​សន្តិភាព។

សេចក្តី​ប្រកាស​បន្ត​ថា៖«ភាគី​ទាំង ២ បាន​បង្ហាញ​នូវ​ទស្សនៈ​សុទិដ្ឋិនិយម​ថា ប្រទេស​ទាំង​២ នៅ​មាន​វិស័យ​សក្តានុពល​ជាច្រើន​ទៀត​ដើម្បីស្វែងយល់​ពី​គ្នា និង​ទាញ​យក​ផល​ប្រយោជន៍ ក្នុង​ពេល​ដែល​ប្រទេស​ទាំង ២ កំពុង​បន្ត​កសាង​ទំនាក់ទំនង​ការ​ទូតឱ្យ​កាន់តែ​រឹងមាំ និង​ពង្រឹងកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​អាច​សម្រេច​បាន។ ភាគី​ទាំង​ ២ បាន​ពិភាក្សា​ផ្លាស់ប្តូ​យោបល់​លើ​កិច្ច​សហការ​ក្នុង​ការ​បើក​ស្ថានទូតរៀងៗ​ខ្លួន ទាំង​នៅ​ទីក្រុង ប្រេស៊ីល និង​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ពេលអនាគត​ដ៏​ឆាប់​ខាងមុខ»។

ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នៅមាន​កម្រិត​នៅ​ឡើយ លោក អ៊ុច បូររិទ្ធ បាន​ស្នើឱ្យ​មាន​វេទិកា​ធុរកិច្ច រៀបចំ​ឡើង​នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី២ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ពង្រីក​សកម្មភាព​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ ២។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា ក្នុង​វិស័យ​អប់រំ ភាគី ប្រេស៊ីល រីករាយ​នឹង​ផ្តល់​អាហារូបករណ៍​ចំនួន ៥ កន្លែង ដល់​សិស្សនិស្សិត​កម្ពុជា ក្នុងមួយឆ្នាំៗ។ ចំពោះ​វិស័យ​កសិកម្ម ដោយ​កម្ពុជា​និង​ប្រេស៊ីល មាន​អាកាសធាតុ​ត្រូពិច​ដូចគ្នា ប្រទេស​ទាំង ២ បាន​សម្តែង​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម តាម​រយៈការ​ចែក​រំលែក​បច្ចេកវិទ្យា ការ​បណ្ដុះបណ្ដាល និង​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​មន្ត្រី​ជំនាញ​ទៅ​វិញ​ទៅមក។

លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចាប់ដៃ​ជាមួយ​លោក Carlos Alberto Franco França រដ្ឋមន្ត្រី​ការបរទេស​​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល។ ក្រសួង​ការ​បរទេស​កម្ពុជា

ចំណែក​អំពី​ការ​ដោះមីន និង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ភាគី​ប្រេស៊ីល ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន និងផ្ដល់​ការ​ហ្វឹកហ្វឺន​តាម​រយៈមជ្ឈមណ្ឌល សកម្មភាព​កម្ចាត់​មីន​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ។

ក្រោយ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ លោក អ៊ុច បូររិទ្ធ បាន​ចុះហត្ថលេខា​ជាមួយ លោក Carlos França លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំង ២ និង​បាន​អញ្ជើញ​ទៅ​ទស្សនា វិទ្យាស្ថាន​ការទូត Rio Branco នៃ​ក្រសួង​ការបរទេស​ប្រេស៊ីល​ផងដែរ។

ទន្ទឹម​នឹង​នេះ លោក Carlos França បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជាប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ប្រកប​ដោយ​ជោគជ័យ នៅ​ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម​ផ្នែក​ភូមិសាស្ត្រនយោបាយ​ដ៏​លំបាក និង​បាន​វាយ​តម្លៃ​ខ្ពស់​​លើ​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​ប្រេស៊ីល ក្នុង​ភាព​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន។

ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច លោក អ៊ុច បូររិទ្ធ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក Augusto Pestana ប្រធាន​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ ប្រេស៊ីល និង​បាន​លើកឡើង​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ការ​ងើប​ឡើងវិញ​យ៉ាងឆាប់​រហ័ស​ក្រោយ​កូវីដ១៩ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ច្បាប់​វិនិយោគ​ថ្មី​ដ៏​ទាក់ទាញ ដែល​ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​លក្ខខណ្ឌអំណោយផល​ដល់​វិនិយោគិន​ប្រេស៊ីល។

លោក August Pestana បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈប្រតិភូ​កម្ពុជា​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស ប្រេស៊ីល និង​សង្ឃឹម​ថា អាច​នឹង​ពង្រីក​សកម្មភាព​ធុរកិច្ច​ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២៕