លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើន​រំឭក​ជា​ថ្មី​ដល់​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និងមាន​ប្រសិទ្ធភាព និង​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​រហ័ស​ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។

ការរំឭក​ឡើងវិញ​នេះ ធ្វើ​ឡើង​នា​ឱកាស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៣ ៤៥៧ នាក់​នៅ​ខេត្ត​កណ្ដាល ដែល​បាន​រៀបចំ​ឡើង​នៅ​វិមាន ៧មករា កាល​ពី​ទី​៣ ខែធ្នូ ឆ្នាំ​២០២២នេះ។

នា​កិច្ច​សំណេះ​សំណាល​នោះ លោក ហ៊ុន សែន បាន​ថ្លែង​អបអរសាទរ​ចំពោះ ក្រុម​ប្រឹក្សា ឃុំ/សង្កាត់ ក្នុង​ខេត្ត​កណ្ដាល​ទាំងអស់ ដែលទទួល​​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ តាម​រយៈការ​បោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។

លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​បាន​ល្អ ការ​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ទប់​ស្កាត់​បាន​នូវ​ទង្វើ​បង្ក​ចលាចល​នានា​ក្នុង​សង្គម។

ទន្ទឹមនេះ លោក​បាន​ក្រើន​រំឭក​ដល់​សមាជិក សមាជិកា គណបក្ស​ទាំងអស់​ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និង​ប្រជាជន ជាពិសេស បន្ត​យក​ចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​សាធារណៈ រួម​មាន​សេវា​តម្រូវ​ការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូនប្រជាពលរដ្ឋ ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​ឱ្យ​អស់​នូវ​ភាព​អសកម្មនានា។

លោកថ្លែងថា៖ «អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ផ្តល់​នូវសេវា​ចាំបាច់នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បានលឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា។ ត្រូវ​រួមគ្នា​បន្ត​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ និង​ជំងឺ​រាតត្បាត​នានា និងលើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ​តាម​បែបក្រៅ​ប្រព័ន្ធ​តុលាការ»។

ការក្រើន​រំឭក​ជាថ្មីនេះ ក៏​មិនខុសគ្នា​ទៅ​នឹង​កិច្ច​សំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាង ៣ ពាន់នាក់ កាល​ពីថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ផងដេរ។

សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក ម៉ៅ ភិរុណ មានប្រសាសន៍​ថា ការ​អញ្ជើញ​សំណេះ​សំណាល​របស់​ប្រធាន​គណបក្ស​នា​ពេល​នេះ គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះសុខ​ទុក្ខ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្ត​កណ្ដាល​ទាំងមូល។

ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ លោក ម៉ៅ ភិរុណ បាន​គូស​បញ្ជាក់​ថា៖ «អាជ្ញាធរ​ខេត្ត​កណ្តាល បាន​យក​ចិត្តទុក​ដាក់ រក្សា ការពារ និង​ពង្រឹង​ជា​ប្រចាំ​ហើយ​ជារួម ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាល​គ្រប់ថ្នាក់​ក្នុង​ខេត្ត​កណ្ដាល បាន​និង​កំពុង​ចូលរួម​សហការ​ក្នុង​ការ​បង្ក​លក្ខណៈ​ល្អ​ប្រសើរ»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ លោក អំ សំអាត ធ្លាប់​លើក​ឡើង​ថា ការ​ជំរុញ​តាម​រយៈ​កិច្ច​សំណេះ​សំណាល​នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​ក្រើន​រំឭក​អាជ្ញាធរ​ក៏​ដូចជា សមាជិក សមាជិកា​គណបក្ស​កាន់​អំណាច​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា​នេះ។

លោកថា៖ «ជា​ឱកាស​ល្អ ដែល​ជា​ការ​ជំរុញ​និង​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​សមស្រប​ពី​សម្តេច​នាយក​រដ្ឋមន្រ្តី ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឱ្យយក​ចិត្ត​ទុកដាក់ ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ពីព្រោះ យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ ជាពិសេស កសិករ​ពឹង​ផ្អែក​ទៅ​លើ​ដីធ្លី​សម្រាប់​បង្ក​បង្កើន​ផល ហើយ​ពលរដ្ឋ​ក៏​ត្រូវការ​ដី​ដើម្បី​លំនៅឋាន​របស់​ពួកគេ អ៊ីចឹង បើ​សិន​ជា​មិនមាន​ការ​ដោះស្រាយ​សម្រាប់​គាត់​ឱ្យ​បានទាន់​ពេល​វេលា​ទេ វា​ផ្ទុយ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កាត់​បន្ថយភាព​ក្រីក្រ»៕