
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូ ដែលធ្វើឡើងនៅវិមាន ៧មករា។ SPM
ភ្នំពេញៈ ការរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេស គឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ជាសមិទ្ធផលធំៗមួយចំនួនគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាលកម្ពុជា។
នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូ ដែលធ្វើឡើងនៅវិមាន ៧មករា។
លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ២០២២ នៅកម្ពុជាក៏ជាសមិទ្ធផលធំផងដែរ។
ក្នុងឱកាសនោះ លោក ហ៊ុន សែន បានក្រើនរំឭកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេស បន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា»។
លោកបន្តថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺរាតត្បាតនានា និងលើកទឹកចិត្តឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។
លោក ហ៊ុន សែន ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងខេត្តកណ្ដាលបានយ៉ាងល្អទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់មក៕