គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ព្រមាន​បំផ្លាញ​ចោល​នូវ​រាល់​មធ្យោបាយ​ដែល​ដឹក​ជញ្ជូន​ឈើ​មិនមាន​លិខិត​អនុញ្ញាត​ពី​ជំនាញ​ត្រឹមត្រូវ​តាម​ច្បាប់ និង​បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ បន្ទាប់​ពី​ការ​ចុះផ្សាយ​ថា​ បទល្មើស​ព្រៃឈើ​កំពុង​កើតឡើង​យ៉ាង​រង្គាល​នៅ​ខេត្ត​មួយ​ចំនួន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចុះ​ថ្ងៃ​ទី២ ខែធ្នូ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ បាន​សង្កេត​ឃើញ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម និង​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​តូច បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​បទល្មើស​ព្រៃឈើ ជាពិសេស ពាក់ព័ន្ធ​នឹង​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​មួយ​ចំនួន​ទៀត។

សេចក្តី​ប្រកាស​បន្ត​ថា៖ «ព័ត៌មាន​ខ្លះ​ដែល​បាន​ផ្ដល់​មក​ឱ្យ​យើង​ខ្ញុំ ជា​ព័ត៌មាន​ពិត​ឈាន​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង​ផងដែរ ប៉ុន្តែ​ព័ត៌មាន​មួយចំនួន​ទៀត​ជា​ព័ត៌មាន​មិនពិត។ តាម​ការ​ស្រាវជ្រាវ​របស់​ជំនាញ​កង​រាជអាវុធហត្ថ​បង្ហាញ​ថា សារព័ត៌មាន​ខ្លះ​បាន​យក​រូបភាព​ចាស់ៗ យកឈ្មោះ​បុគ្គល​នេះ ឈ្មោះ​បុគ្គល​នោះ ឬ​ឈ្មោះ​ក្រុមហ៊ុន​មក​ធ្វើ​ការ​ផ្សព្វផ្សាយ​ដែល​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ និង​ខូច​កិត្តិយស​បុគ្គល ឬ​ក្រុមហ៊ុនដែល​ប្រកប​របរ​អាជីវកម្ម​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​គូស​បញ្ជាក់​ថា ទោះបីជា​យ៉ាង​នេះក្តី ប្រធាន​គណៈកម្មការជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិលោក សៅ សុខា បាន​បញ្ជា​ឱ្យ​ក្រុម​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​ការស្រាវជ្រាវ​ករណី​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា "បទល្មើស​ព្រៃឈើ កំពុង​កើត​យ៉ាង​រង្គាល នៅ​តំបន់​ស្នូល​ព្រៃឡង់​ក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ...” ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​ដដែល​បាន​លើកឡើង​ថា កម្លាំង​ស្រាវជ្រាវ​ព័ត៌មាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ដល់​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ធ្វើការ​ស្រាវជ្រាវ ពិនិត្យ​ទីតាំង​ជាក់ស្ដែង ស្តាប់​ការ​បំភ្លឺ​ពី​មេភូមិ ពី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ពី​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រវៀង និង​ត្រួត​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នៅភូមិសាស្ត​នោះ។ ជាលទ្ធផល ពុំ​មាន​សកម្មភាព​ការ​កៀរគរ​កម្មករ គោយន្ត និង​ឈរ​ចាំទិញ​ឈើ​ពី​ខាងក្រៅ​អូស​ចូល​ក្រុមហ៊ុន ដូច​ការ​ចុះផ្សាយ​នោះ​ឡើយ។ ប៉ុន្តែ​ទោះ​យ៉ាងណា ក្រុម​ការងារ​ស្រាវជ្រាវ​ព័ត៌មាន រង់ចាំ ទទួល​គ្រប់​ពេល​នូវ​រាល់​ព័ត៌មាន​ពិត ដើម្បី​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ»។

តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​បាន​សង្កត់​ធ្ងន់​ថា៖ «ចាប់​ពី​ថ្ងៃ​ប្រកាស​ព័ត៌មាន​តទៅ រាល់​មធ្យោបាយ​ដែល​ដឹក​ជញ្ជូន​ឈើ​មិនមាន​លិខិតអនុញ្ញាត​ពី​ជំនាញ​ត្រឹមត្រូវ​តាម​ច្បាប់ ត្រូវ​ធ្វើការ​បំផ្លាញ​ចោល ដើម្បី​បំបាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ រក្សា​បាន​ព្រៃឈើ​គង់វង្ស»។

ជាមួយគ្នានេះ គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អរគុណ​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់ពលរដ្ឋល្អ អ្នក​សារព័ត៌មាន ហើយ​ក៏​អំពាវនាវ​បន្ត​ផ្តល់​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ​នេះ​ ទៅ​ដល់​អាជ្ញាធរ​ដែនដី ជំនាញ​រដ្ឋបាល​ព្រៃឈើ ជំនាញ​បរិស្ថាន ជាពិសេស គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​គ្រប់​ជាន់ថ្នាក់។

កាល​ពី​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កម្លាំង​កងរាជ​អាវុធហត្ថ បាន​បង្ក្រាប​ចាប់​រថយន្ត​ម៉ាកសាំយ៉ុង កែច្នៃ​ចំនួន ២គ្រឿង ដឹក​ឈើ​អារគ្រឿង​ប្រហែល ១០​ម៉ែត្រ​ត្រីគុណ នៅ​ចំណុច​ភូមិ​ឈើទើ ឃុំ​ខ្ពបតាងួន ស្រុក ស្ទឹងត្រង់ ខេត្ត​កំពង់ចាម វត្ថុតាង​បាន​រក្សាទុក​នៅ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែកប្រសព្វ។ រថយន្ត​ម៉ាក​សាំយ៉ុង​កែច្នៃ​ចំនួន ២ គ្រឿង​ខាងលើ នឹង​ធ្វើការ​បំផ្ទុះ​ដោយ​ម្សៅ TNT នៅ​ថ្ងៃទី​៥ ខែធ្នូ នាពេល​ខាង​មុខ​នេះ ដើម្បី​បំផ្លាញ​ចោល​ឱ្យ​រាងចាល៕