
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែធ្នូនេះ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥»។ SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែធ្នូនេះ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥» ដោយសរសេរជាអក្សរកាត់ «ម.ក.គ.ម- ២០២៥»សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ ២០២៥។
អនុក្រឹត្យស្តីពីការបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៣ ខែធ្នូ បានឱ្យដឹងថា ម.ក.គ.ម មានប្រភពធនធានពី វិភាគទានដំបូងពីថវិការដ្ឋចំនួន ១២៣ ១៨០ លានរៀល សមមូលនឹងប្រមាណ ៣០(សាមសិប) លានដុល្លារអាមេរិក វិភាគទានថវិការដ្ឋសម្រាប់ឆ្នាំ ២០២៣, ២០២៤ និង ២០២៥ តាមការចាំបាច់ជាក់ស្ដែង និង វិភាគទានពីប្រភពស្របច្បាប់ផ្សេងទៀត។
អនុក្រឹត្យរាជរដ្ឋាភិបាលបញ្ជាក់ថា៖ «វិភាគទានពីថវិការដ្ឋ ត្រូវកត់ត្រានៅក្នុងកញ្ចប់ថវិការបស់ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលខុសត្រូវក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែង «ម.ក.គ.ម-២០២៥» ដោយមានអគ្គនាយកដ្ឋានថវិកាជាលេខាធិការដ្ឋាន»។
ប្រភពដដែលបានឱ្យដឹងទៀតថា ធនធានហិរញ្ញវត្ថុរបស់ ម.ក.គ.ម-២០២៥ ត្រូវរក្សាទុកក្នុងគណនីប្រាក់បញ្ញើនៅរតនាគារជាតិ ឬ គណនីនៅធនាគារជាតិនៃកម្ពុជា។
ម.ក.គ.ម-២០២៥ អាចមានគណនីនៅធនាគារពាណិជ្ជ ដើម្បីប្រើប្រាស់ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំផែនការ សកម្មភាពការងារ ដែលត្រូវប្រើប្រាស់ប្រភពមូលនិធិ ម.ក.គ.ម-២០២៥ ដោយមានបញ្ជាក់ពីទីតាំង ទំហំផ្ទៃដីដែលត្រូវបោសសម្អាត និងប្រតិទិនការងារ ព្រមទាំងរបាយការណ៍សមិទ្ធកម្មនៃការអនុវត្តសកម្មភាពការងារ។ ផែនការសកម្មភាពនេះ ជាកម្មវត្ថុនៃការសម្រេចរបស់នាយករដ្ឋមន្ត្រីតាមសំណើរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។
ក្នុងអនុក្រឹត្យបញ្ជាក់ទៀតថា៖ «បន្ទាប់ពី ទទួលបានការអនុម័តពីនាយករដ្ឋមន្ត្រី អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំគម្រោងស្នើសុំថវិកាទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់ជូនតាមការជាក់ស្តែង»។
តាមរយៈមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចចេញប្រកាសស្តីពីនីតិវិធីអនុវត្តថវិកាលម្អិតបន្ថែមតាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តថវិកា ម.ក.គ.ម-២០២៥៕