
ផលិតផលកសិកម្ម របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បាននាំយកទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ក្នុងខេត្តបន្ទាយមានជ័យ។ រូបថត សហការី
បន្ទាយមានជ័យៈ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានចាប់ផ្តើមនាំយកផលិតផលកសិកម្មរបស់ខ្លួន ទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ក្នុងខេត្តបន្ទាយមានជ័យ រៀងរាល់ចុងសប្តាហ៍ នៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។
អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថា ការនាំផលិតផលកសិកម្មទៅលក់នៅផ្សារសហគមន៍នេះ ធ្វើឡើងក្រោយពីបានយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ ធានាបាននូវសុខសុវត្ថិភាព សុខភាពកងទ័ព និងមួយចំនួនលើសតម្រូវការ។
ក្រៅពីភារកិច្ចស្នូល អង្គភាពកងពលតូចថ្មើរជើងលេខ៥១ គ្រប់បណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ បានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយ ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់កងទ័ព និងគ្រួសារទ័ព។ ជាក់ស្តែង ជាលទ្ធផលដែលបានមកនេះ ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី លោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។
អង្គភាពនេះបានបញ្ជាក់ថា៖ «ការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលផលិតបានដោយអង្គភាព និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមទ័ព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព កាត់បន្ថយការនាំចូលបន្លែត្រី សាច់ មួយចំនួនពីខាងក្រៅដែលមានផ្ទុកសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាព»៕