ភ្នំពេញៈ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាល និង​ក្រសួង​សន្តិសុខ​សាធារណៈឡាវ ដែល​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស បទល្មើស​គ្រឿងញៀន។

លោក ស ខេង ថ្លែងបែបនេះ​ពេល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក អាត់សផានថង ស៊ីផានដូន អភិបាល​រដ្ឋធានី វៀងចន្ទន៍ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ នៅ​វិមានរដ្ឋសភា នាព្រឹក​ថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ​២០២២នេះ។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា និង ឡាវ ជា​ប្រទេស​ភូមិ​ផង​ជាមួយ​គ្នា និងជា​ប្រទេស​មាន​ទំនៀម​ទម្លាប់​ប្រពៃណី​ប្រហាក់​ប្រហែល​គ្នា។ ផ្អែក​លើ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​គ្នា​កន្លងមក លោក​សង្ឃឹម​ជឿជាក់ថា ភាគី​ទាំង ២ នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត។

លោកថ្លែងថា៖ «ក្រសួង​មហាផ្ទៃ តែង​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមភាគី​ឡាវ យ៉ាងល្អ​ប្រសើរ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ប្រជុំ​រវាង​ខេត្តជាប់​ព្រំដែន ក៏​ដូចជា កិច្ច​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​ក្រសួង មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈឡាវ»។

លោកបន្តថា ភាគី​ទាំង ២ តែង​បាន​បន្ត​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ទោះបីជា​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏ដោយ ក៏​បាន​ជួប​ប្រជុំ​ជាមួយ​គ្នាតាម​កាល​កំណត់ តាម​រយៈ​ប្រព័ន្ធ​វីដអូដែរ។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ ខ្ញុំ​សូមថ្លែង​អំណរគុណ​រដ្ឋាភិបាល និង​ក្រសួង​សន្តិសុខ​សាធារណៈឡាវ ដែល​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស បទល្មើស​គ្រឿងញៀន»។

លោករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​បន្ត​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​តាម​យន្តការ​ដែល​មាន​ស្រាប់ ធ្វើយ៉ាងណា​ថែរក្សា​បរិយាកាស​សន្តិសុខ​បាន​ល្អ​ប្រសើរ សម្រាប់​ប្រទេស​ទាំង ២ រួម​ចំណែក​ដល់​ការ​ពង្រីក​ទំនាក់ទំនង និង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ពិសេស​រវាង​ពលដ្ឋ​រស់នៅ​តាមព្រំដែន។

លោក អាត់សផានថង ស៊ីផានដូន អភិបាល​រដ្ឋធានី​វៀងចន្ទន៍ ថ្លែងថា លោក​ពិត​ជា​មាន​សេចក្ដី​រីករាយ​ក្នុង​ឱកាស​បាន​មកបំពេញ​ទស្សន​កិច្ចនៅកម្ពុជា ជាពិសេស អរគុណ​ចំពោះ​ការ​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់ក្ដៅ រាក់ទាក់​ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ។

លោកបាន​ជម្រាប លោក ស ខេង ថា ក្រុងវៀងចន្ទន៍ និង​រាជធានីភ្នំពេញ បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា តាំង​ពី​ឆ្នាំ ២០០៦មក ហើយ​ចាប់​តាំង​ពីពេល​នោះមក ភាគី​ទាំង ២ បាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ជាមួយ​គ្នាទៅវិញ​ទៅមក ជាពិសេស ក្នុង​រយៈពេល​កន្លងមក ភាគីទាំង​២ មាន​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​ប្រតិភូ​ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅ​លើ​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ។

លោក​បាន​លើក​ឡើង​ថា លោក​បាន​ឃើញ​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងច្រើន​របស់​រាជធានី​ភ្នំពេញ ហើយ​លោក​ចាត់​ទុក​ថា នេះ​ជាបទពិសោធន៍​មួយ​សម្រាប់​រដ្ឋធានី វៀងចន្ទន៍ ធ្វើការ​ផ្លាស់ប្ដូរ​ជាមួយ​កម្ពុជា ដើម្បី​រួម​ចំណែក​យក​បទពិសោធន៍​នេះ​ ទៅ​បន្ត​អភិវឌ្ឍន៍​រដ្ឋធានីវៀងចន្ទន៍៕