
លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានលើកបង្ហាញគ្រំចំពុះទាដែលត្រូវបានដាក់លក់នៅផ្សារម៉ាក្រូ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១។ រូបថត ក្រសួងបរិស្ថាន
កោះកុងៈ គ្រំចំពុះទា គឺជាអាហារសមុទ្រប្រចាំទឹកដីខេត្តកោះកុង ដែលល្បីល្បាញថា មានរសជាតិឆ្ងាញ់ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងសហគមន៍ការពារធម្មជាតិពាមក្រសោប។ ប្រជាជននៅតំបន់នេះបានចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាតាំងតែពីឆ្នាំ១៩៩៣ មកម្ល៉េះ ប៉ុន្តែកាលណោះ ទីផ្សារគឺពឹងទាំងស្រុងលើប្រទេសថៃ។
ពី១ឆ្នាំ ទៅ១ឆ្នាំប្រជាជនដែលរស់នៅក្នុងតំបន់នេះបានងាកមកចិញ្ចឹមគ្រំចំពុះទាកាន់តែច្រើន ដោយបានឃើញពីទីផ្សារល្អ។ បើទោះបីជាក្រសួងពាក់ព័ន្ធព្យាយាមធ្វើសកម្មភាពផ្សព្វផ្សាយរកទីផ្សារនៅក្នុងស្រុកបន្ថែមក្ដី បច្ចុប្បន្នប្រជាសហគមន៍ពាមក្រសោបនៅតែពឹងផ្អែកលើការនាំចេញទៅប្រទេសថៃ ដែលមានរហូតទៅដល់៧៥% នៃការនាំចេញឯណោះ។
លោក វង្ស តារា អនុប្រធានសហគមន៍ការពារធម្មជាតិពាមក្រសោបបានកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ការបញ្ជាទិញពីឈ្មួញថៃបានចាប់ផ្ដើមថយចុះ ដែលនាំឱ្យរូបលោក និងប្រជាសហគមន៍ដទៃទៀតមានការព្រួយបារម្ភជាខ្លាំង។
អនុប្រធានសហគមន៍រូបនេះបានរៀបរាប់ថា៖ «ទីផ្សារនៅថៃបច្ចុប្បន្នលុះត្រាតែនៅក្នុងស្រុកគេផ្គត់ផ្គង់មិនគ្រប់គ្រាន់ទើបគេទិញពីយើង ដូច្នេះហើយយើងមិនអាចពឹងផ្អែកលើទីផ្សារគេបានទៀតទេ»។
លោកបន្តថា៖ «ជារឿងល្អប្រសិនបើទីផ្សារក្នុងស្រុកយើងកើនឡើង ព្រោះវាមានភាពងាយស្រួលជាង និងមានទំនុកចិត្តជាងទីផ្សារខាងក្រៅ ម្យ៉ាងទៀតក៏យើងមិនសូវចំណាយពេលច្រើនលើការដឹកជញ្ជូនដែរ»។
លោកបានបន្តរៀបរាប់ថា ការនាំចេញទៅទីផ្សារខាងក្រៅក៏មិនងាយស្រួលប៉ុន្មានដែរ ដោយហេតុថា គ្រំចំពុះទានេះអាចរស់បានត្រឹមតែ២៤ម៉ោងប៉ុណ្ណោះក្រោយពេលលើកចេញពីទឹក។ ដូច្នេះ ត្រូវធានាថា ការដឹកជញ្ជូនត្រូវតែលឿន ទើបអតិថិជនអាចទទួលបានរសជាតិឆ្ងាញ់ពិសា។
បើតាមការឱ្យដឹងបន្ថែមរបស់អនុប្រធានសហគមន៍រូបនេះ បច្ចុប្បន្នមានប្រជាជនចំនួន ១១៥គ្រួសារ កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដោយពួកគេប្រមូលផលតាមរដូវដូចជាធ្វើស្រែដូច្នោះដែរ។
បើគិតពីទំហំនៃការលក់ចេញវិញ លោកបានបញ្ជាក់ថា ក្នុង១ឆ្នាំសហគមន៍របស់លោកអាចនាំចេញបានរហូតដល់ពី២ទៅ៣ពាន់តោន ដែលមាននាំចេញទៅទីផ្សារប្រទេសថៃ៧៥% វៀតណាម១៥% និងក្នុងស្រុក១០%។
ដោយឡែកទីផ្សារក្នុងស្រុកចំនួន១០%នេះ ក៏មានការកើនឡើងជាដំណាក់កាលផងដែរ បើធៀបទៅនឹងពេលមុនៗ។ កើនឡើងក៏ដោយសារតែការផ្សព្វផ្សាយកាន់តែទូលាយ រីឯប្រជាជនក៏ចូលចិត្តរសជាតិរបស់គ្រំប្រភេទនេះផងដែរ។
យ៉ាងណាមិញ ក្រសួងពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានជួយផ្សព្វផ្សាយ និងស្វែងរកទីផ្សារក្នុងស្រុកជូនសហគមន៍ដដែលនេះជាបន្តបន្ទាប់។ កន្លងមក គ្រំប្រភេទនេះក៏មានវត្តមាននៅក្នុងផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញដែរ ដែលនេះជាជំហានមួយក្នុងការគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។
ការជួយរកទីផ្សារក្នុងស្រុកបែបនេះមិនត្រឹមតែជួយសហគមន៍ប៉ុណ្ណោះទេ តែក៏អាចជាចំណែកក្នុងការជួយថែរក្សាដើមកោងកាងដែលជាជម្រករបស់គ្រំប្រភេទនេះទៀតផង។
គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង ជាទូទៅអាចប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យារពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។
គ្រំប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយងាប់ដែរ ដោយវារស់នៅធំធាត់បានដោយស្វ័យជីវិតក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់ដោយទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។
គ្រំចំពុះទា អាចកែច្នៃជាមុខអាហារច្រើនប្រភេទដូចជា ដាក់ក្នុងភីហ្សា ស៊ុបខ្ទិះប្រភេទលោកខាងលិច ជាដើម តែប្រជាជនកម្ពុជាចូលចិត្តអាំងជ្រលក់ទឹកត្រីកោះកុង ឆាក្តៅឬញាំសម្លខ្ទិះដូង ឆាគ្រឿង កែង ហើយក៏អាចផលិតជាប្រេងខ្យងបានដែរ៕