ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​ក្នុង​១​គ្រួសារ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ​១០​ម៉ឺន​រៀល ដើម្បី​ជួយ​សម្រួល​ក្នុងការ​ដោះស្រាយ​ជីវភាព​។​

សារលិខិត​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ បានឱ្យដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ក្រសួងផែនការ ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ចំនួន ៣​លើក​។​

ការឧបត្ថម្ភ​នេះ​បែងចែក​ទៅតាម​កម្រិត​តំបន់​រួមមាន ការឧបត្ថម្ភ​នៅ​រាជធានី​ភ្នំពេញ ១​គ្រួសារ​ទទួលបាន ៩៩ ៩០០ រៀល​ហើយ​សមាជិកគ្រួសា​រ​នឹង​ទទួលបាន​បន្ថែម​ម្នាក់ៗ ២៨ ០០០​រៀល​ក្រៅពី​ប្រាក់​គោល​អាស្រ័យ​លើ​សមាជិកគ្រួសារ​តិច​ឬ​ច្រើន​។ ទីប្រជុំជន ១​គ្រួសារ​ទទួលបាន ៨៧ ៣០០​រៀល​សមាជិកគ្រួសារ​ប​ន្ថែ​ម​ម្នាក់ៗ ២៤ ០០០​រៀល និង​ជនបទ​ក្នុង​១​គ្រួសារ​ទទួលបាន​៨១ ៣០០​រៀល​សមាជិកគ្រួសារ​ប​ន្ថែ​ម​ក្នុង​ម្នាក់ៗ ២០ ០០០​រៀល​។​

កម្មវិធី​នេះ ត្រូវអនុវត្ត​ក្នុង​១​គ្រា​នៃ​វិបត្តិ​ដែល​ការបើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ធ្វើឡើង​ចំនួន ៣​លើក ដោយ​លើក​ទី​១ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២ លើក​ទី​២ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣​។​

សារលិខិត​បន្តថា ចំពោះ​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ នៅក្នុង​តំបន់​ភូមិសាស្ត្រ​នៃ​រាជធានី​-​ខេត្ត​មាន​គោលដៅ​ចំនួន​១៦ ដែល​ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់ តាម​ប្រភេទ​មុខសញ្ញា​។​ក្នុង​១​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​៨​ម៉ឺន​រៀល ហើយ​សមាជិកគ្រួសារ​ក្នុង​បន្ថែម​ម្នាក់ ១៦០០០​រៀល កុមារ​អាយុ​ពី​០-៥​ឆ្នាំ ក្នុង​ម្នាក់ ១៦០០០​រៀល ជន​មាន​ពិការភាព​ក្នុង​ម្នាក់ ១៦០០០​រៀល និង​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០​ឆ្នាំទៅ​ក្នុង​១​នាក់​ទទួលបាន ១៦០០០​រៀល​។​ កម្មវិធី​ជំនួយ​សង្គម​ដែល​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទឹកជំនន់ ត្រូវអនុវត្ត​ការបើក​ផ្តល់ជូន ១​ខែម្តង សម្រាប់​រយៈពេល ៣​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០២២ តទៅ​។​

​លោក ហ៊ុន សែន បាន​ណែនាំ​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ដែល​ទទួលបាន​នូវ​ការកំណត់​អត្តសញ្ញាណ និង​ការផ្ទៀងផ្ទាត់​ឈ្មោះ​នៅ​ឃុំ សង្កាត់ រួចរាល់ ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅ​រៀងរាល់​សប្តាហ៍​ទី​២ នៃ​ខែធ្នូ ឆ្នាំ​២០២២​ខែមករា និង​កុម្ភៈ ឆ្នាំ​២០២៣ នៅតាម​បញ្ជរ​វី​ង​ណាមួយ ដែល​នៅ​ជិត​កន្លែង​បងប្អូន​រស់នៅ តាម​កាលបរិច្ឆេទ​នីមួយៗ​។​

​សូម​ជម្រាបជូន​ថា គ្រួសារ​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ មិន​ទទួលបាន​ការឧបត្ថម្ភ​លើក​ទី​១ ពី​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​បន្ថែម​នោះទេ​។​

ប៉ុន្តែ​គ្រួសារ​គោលដៅ​នេះ នឹង​ទទួលបាន​ការឧបត្ថម្ភ​លើក​ទី​២ និង​ទី​៣ ដូច​គ្រួសារ​ងាយ​រង​ហានិភ័យ​ដទៃទៀត នៅ​ទូទាំងប្រទេស​។​លោក​ហ៊ុន សែន លើកឡើងថា មូលហេតុ​ដែល​ឧ​ប​ត្ភ​ម្ភ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​បន្ទាប់ពី​កម្ពុជា​បាន​ជួបប្រទះ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​នាពេល​កន្លងទៅ​ដែល​ប៉ះពាល់​ក្នុង​តំបន់​ភូមិសាស្ត្រ​មួយចំនួន ក្នុង​រាជធានី ខេត្ត​ចំនួន ១៦ រួមមាន រាជធានី​ភ្នំពេញ​ខេត្តកណ្តាល​តាកែវ​ពោធិ៍សាត់​បាត់ដំបង​បន្ទាយមានជ័យ​សៀមរាប​កំពង់ធំ​កំពង់ចាម​ត្បូងឃ្មុំ​ខេត្តក្រចេះ​កំពង់ឆ្នាំង​ព្រៃវែង​កំពត​ស្វាយរៀង​និង​ឧ​ត្ត​រ​មានជ័យ​។​

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា​ការដាក់ឱ្យ​អនុត្ត​កម្មវិធី​នេះ​គឺជា​រឿង​ល្អ​មួយ​ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ជួប​ការលំបាក ដែលជា​គោលនយោបាយ​គិតគូរ​របស់​រដ្ឋាភិបាល​ប៉ុន្តែ​អ្វីដែល​សំខាន់ ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល​លោក​ចង់ឃើញ ការផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រកបដោយ​តម្លាភាព​ដោយ​មិនមាន​ការរើសអើង​។​

លោក អំ សំអាត បាន​ប្រាប់ថា​៖«​អ៊ីចឹង​ពលរដ្ឋ​រងគ្រោះ​ប្រហាក់ប្រហែលគ្នា ត្រូវតែ​ទទួលបាន​ដូចគ្នា ព្រោះ​គាត់​ជា​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ ទោះបី​ជាមាន​និន្នាការ​នយោបាយ​យ៉ាងណាក៏ដោយ​»​។​

លោក ហ៊ុន សែន បញ្ជាក់ថា​ឆ្លើយតប​នឹង​ស្ថានភាព​អូសបន្លាយ​នៃ​វិបត្តិ​កើតចេញពី​សម្ពាធ​អតិផរណា ក៏ដូចជា​ដើម្បី​ផ្តល់នូវ​អន្តរាគមន៍​ជំនួយ​សង្គម​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​រាជរដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​យន្តការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ងាយ​រង​ហានិភ័យ​ជា​បន្តទៀត​។​

លោក​បន្តថា​៖«​ដើម្បី​ធានាថា​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ ក៏ដូចជា​គ្រួសារ​ក្រីក្រ​ដែល​កំពុង​ជួប​ការលំបាក ពិតប្រាកដ​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​១៩​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ និង​សម្ពាធ​អតិផរណា​ខ្ញុំ​សូម​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់ ឱ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​កំណត់​អត្តសញ្ញាណ ក៏ដូចជា​សម្របសម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គោលដៅ ឱ្យ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទាន់ពេល ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានាបាន​នូវ​យុត្តិធម៌ សមធម៌ សុចរិត​ភាព និង​តម្លាភាព តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​»៕