ភ្នំពេញៈ ឯកអគ្គរាជទូត​បែលហ្ស៊ិក​ប្រចាំ​ប្រទេស​៤ នៅ​តំបន់​អាស៊ាន បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៣ ថ្ងៃ ដើម្បី​ស្វែងយល់​ដោយផ្ទាល់​នៅ​មូលដ្ឋាន​អំពី​ការងារ​អភិរក្ស​ជីវចម្រុះ និង​ការអភិរក្ស​សត្វ​ក្តាន់ និង​សត្វ​ផ្សោត​នៅ​ទន្លេមេគង្គ​។​

ឯកអគ្គរាជទូត​បែលហ្ស៊ិក​ប្រចាំ​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ លោកស្រី Sibille de Cartier d’Yves​បានធ្វើ​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ ក្នុង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ ក្នុង​គោលបំណង​ស្វែងយល់​ដោយផ្ទាល់​នៅ​មូលដ្ឋាន​អំពី​ការងារ​អភិរក្ស​ជីវចម្រុះ ក្រោម​ជំនួយ​មូលនិធិ​ពី​រដ្ឋាភិបាល​បែលហ្ស៊ិក តាមរយៈ​អង្គការ​WWF​បែលហ្ស៊ិក អនុវត្ត​ដោយ​អង្គការ​WWF​កម្ពុជា​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ទីជម្រក​សត្វ​ក្តាន់​ក្នុង​តំបន់​នៃ​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី និង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ដែន​ជម្រក​កាំ​ពី​ផងដែរ​។ ជាមួយគ្នានេះ លោកស្រី មានឱកាស​ជួប​ផ្ទាល់​ជាមួយ​សមាជិក​សហគម​ន៍​មូលដ្ឋាន​ដែល​ចូលរួម​ក្នុងការ​អភិរក្ស​សត្វ​ក្តាន់ និង​សត្វ​ផ្សោត​ទន្លេមេគង្គ ដើម្បី​ស្វែងយល់​ពី​កិច្ច​អភិរក្ស​នេះ​។

អង្គការ​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ​ប្រចាំ​កម្ពុជា​(WWF) ដែល​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ បានឱ្យដឹងថា​៖«​មិនតែប៉ុណ្ណោះ គណៈប្រតិភូ​ក៏បាន​សំណេះសំណាល និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ ការពង្រឹង​ការអនុវត្ត​ច្បាប់ ការតាមដាន​និង​ស្រាវជ្រាវ​ជីវចម្រុះ និង​កម្មវិធី​អភិវឌ្ឍន៍​ជីវភាព​សហគមន៍ ដែល​អនុវត្ត​ដោយ​អង្គការ WWF​កម្ពុជា​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​»​។​

WWF គូសបញ្ជាក់ថា សត្វ​ផ្សោត ត្រូវបាន​ចាត់ទុកថា​ជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​របស់​ប្រទេស​កម្ពុជា ហើយ​ចំនួន​របស់​វា​មាន​ត្រឹមតែ​ប្រមាណ ៨៩ ក្បាល​ប៉ុណ្ណោះ​ដែល​រស់នៅក្នុង​ទន្លេមេគង្គ​ចាប់ពី​ខេត្តក្រចេះ​ដល់​ខេត្តស្ទឹងត្រែង យោងតាម​ជំរឿន​សត្វ​ផ្សោត​ក្នុង​ឆ្នាំ​២០២០​។

WW សង្កត់ធ្ងន់ថា ៖«​ការ​រ​ស់រាន​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​គំរាមកំហែង​ដោយ ការនេសាទ​ខុសច្បាប់​ក្នុង​តំបន់​ការពារ និង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ផ្នែក​ខាងលើ ។ កិច្ចសហការ​រួមគ្នា​ប​ន្ទា​ន់ និង​កាន់តែខ្លាំង​ឡើង​ជាង​មុន គឺ​ចាំបាច់​ដើម្បី​រៀបចំ​វិធានការ​អភិរក្ស​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ក្នុង​ការការពារ​សត្វ​ផ្សោត​ឱ្យ​ចៀស​ផុតពី​ភាព​វិនាស​ផុត​ពូជ​»​។​

អង្គការ WWF​កម្ពុជា ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការផ្តល់​មូលនិធិ និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​ប្រទេស​បែលហ្ស៊ិក (DGD) តាមរយៈ​អង្គការ​WWF​បែលហ្ស៊ិក សម្រាប់​គាំទ្រ​ដល់ ការអនុវត្ត​កម្មវិធី​អភិរក្ស​រាប់​ចាប់ពី​សកម្មភាព​គ្រប់គ្រង​តំបន់​ការពារ ការអភិរក្ស​ជីវចម្រុះ និង​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​ប្រទេស​កម្ពុជា​។​

យោងតាម​ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅ​តំបន់​ព្រៃ​លិច​ទឹក​មេគង្គ ក្រសួងបរិស្ថាន និង​អង្គការ​WWF បាននិងកំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយនឹង​មន្ទីរ​ពាក់ព័ន្ធ សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រួមគ្នា​ការពារ​ព្រៃឈើ ធនធានធម្មជាតិ​និង​សត្វព្រៃ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​តំបន់​ការពារ​ចំនួន​២ ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​៦២​ពាន់​ហិកតា​។ ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ​ដែលជា​ទីជម្រក​នៃ​សត្វ​ក្តាន់ ឈ្លូស ឆ្មា​ដាវ សំពោច និង​ដែនជម្រកសត្វព្រៃ​សំបូរ​ដែលជា​ជម្រក​សត្វ​រមាំង និង​ប្រភេទ​បក្សី​សំខាន់ៗ​ដូចជា ត្រ​យង​យក្ស ត្រ​យង ច​ង្កំ​កស កុក​ពាក់​អំបោះ ត្រដក់​តូច ក្ងោក និង​សត្វ​រំពេ​ទន្លេ​ដែលជា​ប្រភេទ​សត្វ​កម្រ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕