ភ្នំពេញៈ ​បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​១៩ វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​យ៉ាងគំហុក រីឯ​អ្នក​បម្រើការ​ក្នុង​វិស័យនេះ ក៏បាន​បាត់បង់​ការងារ និង​ផ្លាស់ប្តូរ​មុខរបរ​ជា​បន្តបន្ទាប់ ​នៅ​កម្ពុជា​ករណីនេះបាន​ធូរស្រាល ហើយ​វិធាន​ការបិទ​ខ្ទប់​ផ្សេងៗ​ក៏ត្រូវ​បាន​ដកចេញ​អស់ ប៉ុន្តែ​សេវាករ​ដែល​បាន​ចាកចេញ​ឆ្ងាយ​ពី​វិស័យ​ទេសចរ​ណ៍​មិនទាន់បាន​ចូលមក​បម្រើការ​វិញ​គ្រប់គ្នា​នៅឡើយ។​

ជាមួយគ្នានេះ សេវាករ​មួយចំនួន​ក៏​ងាក​ទៅ​ចាប់​មុខរបរ​ផ្សេង ដោយ​សម្រេច​ថា​មិន​ត្រឡប់មក​ធ្វើការ​លើ​វិស័យ​ទេសចរណ៍ វិញ​តែម្តង​។ រឿងនេះ​បាន​បង្ក​ជាការ​ព្រួយបារម្ភ​ដល់​វិស័យ​ទេសចរណ៍​ទាំងមូល​ថា​នឹង​អាច​ខ្វះ​អ្នកបម្រើ​សេវាកម្ម​នៅពេលដែល​ភ្ញៀវទេសចរ​ចាប់ផ្តើម​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​វិញ​។​

ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នេះ ក្រសួងទេសចរណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចាប់ដំណើរការ​បណ្តុះបណ្តាល​ជំនាញ ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ផ្សេងនានាៗ​ដើម្បី​ធានាថា​ធនធានមនុស្ស​មាន​គ្រប់គ្រាន់​នៅពេលដែល​ត្រូវការ​ពិតប្រាកដ​។ ដោយឡែក នៅ​អ្នកជំនាញ​ទេសចរណ៍​ប្រមាណ ៤០០​រូប​ក្នុង​ខេត្តបាត់ដំបង​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ច (​ហូ​កា​) សម្រាប់​ឆ្នាំ​២០២៣​ខាងមុខ​។​

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ Swisscontact​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធជាមួយ​ក្រសួងទេសចរណ៍ ក្នុងការ​គាំទ្រ​លើ​កម្មវិធី​បណ្តុះបណ្តាល​ប​ដិ​ស​ណ្ឋា​រ​កិច្ច ហូ​កា ដែល​កន្លងមក​កម្មវិធី​បណ្តុះបណ្តាល​នេះ​បានធ្វើការ បណ្ដុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​សរុប​ចំនួន​ប្រមាណ ៣ ០០០​រូប ចាប់ពី​ឆ្នាំ​២០១៧ ដល់​២០២១ រួចមកហើយ​។​

ពី​វិស័យ​ឯកជន លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ ទេសចរណ៍​បាន​យល់ស្រប​យ៉ាង​ពេញទំហឹង​ចំពោះ​ការអនុវត្ត​គម្រោង​មួយ​នេះ ព្រោះ លោកស្រី​យល់ថា នេះ​ជា​ជំហាន​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធន​មនុស្ស​ផ្នែក​នេះ​ឡើងវិញ​។

លោកស្រី​បាន​បន្ថែមថា​៖ «​ការបណ្តុះបណ្តាល​ជំនាញ​បែបនេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វិស័យនេះ​ត្រូវការ​អ្នកជំនាញ​ច្បាស់លាស់​ដើម្បី​ធានា​ការផ្គត់ផ្គង់​របស់​យើង​ឡើងវិញ​»​។​

លោកស្រី ឆាយ ស៊ីវ​លីន ក៏បាន​មើលឃើញ​អំពី​សក្ដានុព​ល​នៃ​ខេត្តបាត់ដំបង​ផងដែរ​ថា​៖ «​ខេត្តបាត់ដំបង​នេះ​មាន​សក្ដា​នុព​ល​ខ្លាំងណាស់​ដោយ​បង្កប់​នូវ​ប្រវត្តិសាស្ត្រ​យ៉ាង​ជ្រាលជ្រៅ ដូច្នេះ​វា​កាន់តែ​សំខាន់​ថែមទៀត​សម្រាប់​សេវាករ​ទេសចរណ៍​នៅ​ខេត្តបាត់ដំបង​»​។​

យ៉ាងណាមិញ ប្រធាន​សមាគម​ទីភ្នាក់ងារ ទេសចរណ៍​រូបនេះ​ក៏​បង្ហាញ​ការព្រួយបារម្ភ​ផងដែរ​ថា​នឹង​អាច​ប្រឈម​នឹង​ការខ្វះ​ធនធានមនុស្ស ខណៈដែល​កំណើន នៃ​ភ្ញៀវទេសចរ​ចាប់ផ្តើម​ហក់​ឡើងវិញ​ជា​បណ្តើរៗ​ទៅហើយនោះ​។ លោកស្រី​បារម្ភ​ថា ៖ «​យើង​មាន​ផលិតផល​ល្អ រួចហើយ ប៉ុន្តែ​បែរជា​មិនមាន​អ្នកលក់​ទៅវិញ​»​។​

អ្នកជំនាញ​រូបនេះ​បាន​សង្កត់ធ្ងន់ថា បើ​ចង់​រុញ​ឱ្យ​វិស័យ​ទេសចរណ៍​ត្រឡប់​ទៅ​ដូច​មុនពេល​ជំងឺ​កូ​វីដ​១៩ កម្ពុជា​​ត្រូវតែមាន ធនធានមនុស្ស​ផ្នែក​នេះ​ឱ្យ​បាន​គ្រប់គ្រាន់ និង​ត្រៀម​រួចជាស្រេច​សម្រាប់​លក់​ផលិត​ដល់​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​

លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ ថ្លែងថា ការដាក់បញ្ចូល​ខេត្តបាត់ដំបង​ទៅ ក្នុង​គោលដៅ​គម្រោង​សម្រាប់​ការបណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​របស់​គណៈកម្មការ​គ្រប់គ្រង គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យ​បាន​កាន់​ល្អប្រសើរ​តាមរយៈ​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​បុគ្គលិក​ស​ម្រា​ប់​ឆ្នាំ​២០២៣​ខាងមុខ​។

គម្រោង​នេះ​នឹង​ផ្តល់​ការបណ្ដុះបណ្តាល​ដល់ គ្រូ​បង្គោល​ចំនួន ៦០​រូប និង​អ្នកជំនាញ​ទេសចរណ៍​ចំនួន​៣៥០​នាក់ លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ​ និង​ភេសជ្ជៈ ការិយាល័យ ជួរមុខ គេហកិច្ច និង​ជំនាញ​ឆុង​កា​ហ្វ​។​

សូម​រំឭក​ផងដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​កម្ពុជា (HoKa) ជា​សមាសធាតុ​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) ដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) អនុវត្ត គម្រោង ដោយ​អង្គការ ស្វ៊ីសខន់​ថាក់ ដោយ​គាំទ្រ​ក្រសួងទេសចរណ៍​តាមរយៈ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា ដើម្បី ធ្វើការ​បណ្ដុះ បណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ដល់​យុវជន យុវនារី អ្នកជំនាញ​កម្រិត​ទាប ម្ចាស់​អាជីវកម្ម និង​សហគមន៍ ទេសចរណ៍ នៅ​ខេត្ត​ចំនួន ១០​នៅ​ភូមិភាគឦសាន្ត និង​ជុំវិញ​បឹង​ទន្លេសាប​៕