សៀមរាបៈ អគារ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ​ដែលមាន​ទីតាំង​នៅ​ខេត្តសៀមរាប ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន ​ដើម្បី​ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ​ដល់​ជនពិការ ​ចំនួន​៣​ខេត្ត ​គឺ​ខេត្តសៀមរាប ​ខេត្តកំពង់ធំ ​និង​ខេត្តព្រះវិហារ​។​

​រដ្ឋបាល​ខេត្តសៀមរាប​ ឱ្យដឹងថា ​អគារ​ថ្មី​នៃ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្តសៀមរាប ​ស្ថិត​ក្នុង​ភូមិ​វិហារ​ចិន ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ត្រូវបាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ឡើងវិញ​ នៅ​ព្រឹក​ថ្ងៃទី​១ ​ខែធ្នូ ​ឆ្នាំ​២០២២​។ ទីតាំង​អគារ​ថ្មី​នេះ​សម្រាប់​ការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ ដល់​ជនពិការ ​ចំនួន​៣​ខេត្ត ​គឺ​ខេត្តសៀមរាប ​ខេត្តកំពង់ធំ ​និង​ខេត្តព្រះវិហារ​។​

រដ្ឋបាលខេត្ត​បញ្ជាក់ថា​៖«ការទទួលបាន​អគារ​ថ្មី​នេះ ​ស្របទៅ​នឹង​កំណើន​នៃ​តម្រូវការ​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ​វត្តមាន​នៃ​សេវា​ស្តារ​ ប្រកប​ដោយ​គុណភាព ​និង​អាច​ទទួលយក​បាន ​ដោយ​ពុំមាន​ឧបសគ្គ ​ពិតជា​មិនអាច​ខ្វះ​បាន ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​ជនពិការ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ ​និង​ស្មើភាព​គា្ន​ក្នុង​សង្គម»។​

លោក​នាក់ ​ណេរ៉ុន ​អភិបាលរង​ខេត្តសៀមរាប ​បាន​ថ្លែង​នាឱកាស​នោះ​ថា ​បច្ចុប្បន្ន ​កម្ពុជា ​ជា​ប្រទេស​១ ​ដែល​នៅតែ​ធានាបាន​នូវ​ឯកភាព​ជាតិ ​និង​ទឹកដី​សន្តិភាព ​និង​ស្ថិរភាព​ខាង​នយោបាយ ​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​សង្គម​ល្អប្រសើរ ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា​ធ្វើដំណើរ​លើ​មាគ៌ា​នៃ​ការគោរព​សិទ្ធិមនុស្ស ​ការពង្រឹង​នីតិរដ្ឋ ​និង​លទ្ធិប្រជាធិបតេយ្យ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

ជាមួយគ្នា​នោះ ​លោក ​ស៊ឹម សុធន ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបន្ទុក​ជានា​យក​នៃ​មូលនិធិ​ជនពិការ ​ក៏បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល ​និង​ប្រជាជន​អូស្ត្រាលី ​ដែល​តែងតែ​ផ្តល់​ការគាំទ្រ ​និង​ការយក​ចិត្ត​ទុកដាក់​ដ​ល់​វិស័យ​ពិការភាព​។​

​លោក​បញ្ជាក់ថា​៖«​ជាពិសេស ​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​នៅ​កម្ពុជា ​ជាង​១​ទសវត្សរ៍​កន្លងមក​នេះ​ ក្រោម​ការយកចិត្ត​ទុកដាក់ ​គិតគូរ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​ក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា ​និង​ដោយ​មាន​ការចូលរួម​ចំណែក​ពី​អាជ្ញាធរខេត្ត ​និង​ការគាំទ្រ​បន្ថែម ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ តាមរយៈ ​កម្មវិធី​ACCESS»​។

លោក​ស៊ឹម សុធន ​បន្ថែមថា ​ទោះបី​ជាមាន​បញ្ហា​ប្រឈម​យ៉ាងណា​ក៏ដោយ ​ក៏​មូលនិធិ​ជនពិការ ​នៅតែ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការផ្តល់​សេវា​ជូន​ជនពិការ ​និង​ខិតខំ​ស្នើសុំ​ថវិកា ​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ផ្តល់​សេវា​ជូន​បងប្អូន​ជនពិការ​ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ។

បើតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ​គិតពី​ឆ្នាំ​១៩៩១​មក ​មាន​អតិថិជន​ជាង​ ៨ ០០០​នាក់​បានមក​ទទួល​សេវា​ស្តារ​ពី​មជ្ឈមណ្ឌល​នេះ​។ តួលេខ​នេះ​នៅមាន​ចំនួន​ទាប​នៅឡើយ ​ដោយ​មូលហេតុ​កង្វះ​នៃ​ការផ្សព្វផ្សាយ​អំពី​សេវា​ស្តារ ​ដែល​ផ្តល់ជូន​ដោយ​មជ្ឈមណ្ឌល​នេះ​។ កង្វះ​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ​អាជ្ញាធរ​មូលដ្ឋាន ​និង​អង្គការ​ជនពិការ​។​ល​។ ក្នុងនោះ ​តម្រូវការ​នៃ​សេវា​ស្តារ ​ឧបករណ៍​ជំនួយ​ រួមទាំង​រទេះរុញ ​មាន​ការកើនឡើង ​ធនធាន​មនុស្ស ​និង​ធនធាន​ថវិកា នៅ​មាន​កម្រិត​។​

នាឱកាស​នោះ ​លោក​ស៊ឹម សុធន ​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ ​និង​ស្ថាប័ន​ពាក់ព័ន្ធ ​អង្គការ​ដៃគូ​ រួមទាំង​បងប្អូន​ជនពិការ ​និង​ក្រុមគ្រួសារ ​បន្ត​ការគាំទ្រ​ដល់​មជ្ឈមណ្ឌល​ស្តារ ​និង​ជួយ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យបាន​ទូលំ​ទូលាយ ​អំពី​សេវា​របស់​មជ្ឈមណ្ឌល​ស្តារ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជនពិការ ​និង​ការចូលរួម​កសាង​សង្គម​១​ប្រកប​ដោយ​បរិយាប័ន្ន​។​

ក្នុង​សារលិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នា​ឱកាស​ទិវា​ជន​មាន​ពិការភាព​កម្ពុជា ​លើក​ទី​២៤ ​និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៤០ ​ថ្ងៃទី​៣ ​ខែធ្នូ ​ឆ្នាំ​២០២២ ​ក្រោម​ប្រធានបទ ​«ពិការភាព​ទាំងអស់​មិនអាច​កំណត់​ដោយ​ការមើល​នឹង​ភ្នែក​នោះទេ» ​បានឱ្យដឹងថា ​ក្នុង​ឆ្នាំ​២០២២ ​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន​៣៧ ​មាន​ចំនួន​៣ ៧៤៨​នាក់​។ ក្នុងនោះ​ស្ត្រី​មាន​ពិការភាព​ចំនួន ​៨៦២​នាក់ ​ជន​មាន​ពិការភាព​កម្រិត​ធ្ងន់​ចំនួន ​២ ២៦០នាក់ ​បើ​គិត​ជា​ភាគរយ​ ២,០១% ​កើន​លើស​ឆ្នាំ​២០២១។

​ដោយ​ឡែក ​វិស័យ​ឯកជន ​រួមមាន ​ធនាគារ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​សណ្ឋាគារ ​និង​រោងចក្រ ​បាន​ចុះ​បញ្ជិកា ​និង​ទទួលបាន​វិញ្ញាបនបត្រ​លើ​ការអនុវត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ទូទាំង​ប្រទេស ​មាន​ចំនួន​ ២៩១​គ្រឹះស្ថាន ​រោងចក្រ ​សហគ្រាស ​ដែលមាន​ជន​មាន​ពិការភាព​ចូល​បម្រើ​ការងារ​ចំនួន ​៥ ៨៣៩​នាក់ ​ស្ត្រី​មាន​ពិការភាព ​៣ ៨៣៦​នាក់ ​សរុប​ទាំង​ស្ថាប័នរដ្ឋ ​និង​វិស័យ​ឯកជន​ទូទាំង​ប្រទេស ​មាន​ចំនួន​ជន​មាន​ពិការភាព​ ៩ ៥៨៧​នាក់​កំពុង​បម្រើ​ការងារ​៕