ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ​បាន​បណ្តេញ​ជនបរទេស​ជាង​១០០​នាក់ ​មាន​៥​សញ្ជាតិ ​ដែល​បាន​ស្នាក់នៅ ​និង​ធ្វើ​ការងារ​ខុសច្បាប់ ​ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ​ហើយ​ជនបរទេស​ទាំងនោះ​ត្រូវបាន​ហាមឃាត់​ចូល​កម្ពុជា​រយៈពេល​៣ឆ្នាំ​ផងដែរ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ចុះ​ថ្ងៃទី​២​ ខែធ្នូ ​បានឱ្យដឹងថា ​ចាប់ពី​ថ្ងៃទី​៣០​ ខែវិច្ឆិកា ​ដល់​ថ្ងៃទី​២ ​ខែធ្នូ ​ឆ្នាំ​២០២២ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​ជនបរទេស​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១០៤​នាក់​ ស្រី​២៤​នាក់ ​មាន ៥​សញ្ជាតិ​។ ក្នុងនោះ​ជនជាតិ​ឥណ្ឌា​ចំនួន​២​នាក់​ អាមេរិក​១នាក់​ ឡាវ​២នាក់​ ចិន​៤នាក់ ​និង​ជនជាតិ​វៀតណាម ​ចំនួន​៩៥​នាក់។ ការបណ្តេញ​ចេញ​នេះ​ អនុលោម​តាមច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ​តាម​ប៉ុស្តិ៍​នគរបាល ​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«ជនបរទេស​ចំនួន​១០៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​ពាក់ព័ន្ធ​បទល្មើស​លួច​ស្នាក់នៅ ​និង​ធ្វើ​ការងារ​ខុសច្បាប់ ​ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ​ដោយ​ត្រូវធ្វើ​ការបណ្ដេញ​ចេញ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ​និង​ហាមឃាត់​ការចូល​ប្រទេស​កម្ពុជា​រយៈពេល​៣ឆ្នាំ»។​

ជាមួយ​គ្នានេះ ​រដ្ឋបាល​ខេត្តព្រះសីហនុ ​បានឱ្យដឹងថា ​កាលពី​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ​ដល់​ថ្ងៃទី​២ ​ខែធ្នូ ​ឆ្នាំ​២០២២​ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ​ដឹកនាំ ​ដោយ​លោក ​ម៉ាង ស៊ី​ណេត ​អភិបាលរង​ខេត្ត ​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ​ពេញ ​ពិសិដ្ឋ ​ព្រះរាជអាជ្ញារង ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ​បាន​ចុះ​ប្រតិបត្តិការ ​និង​ឆែកឆេរ​អគារ​ក្រុមហ៊ុន​១​កន្លែង​ស្ថិតនៅ​ក្រុម​៩​ ភូមិ​១​ សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ ​តាម​ពាក្យបណ្តឹង​លេខ​៦២៧ ​តាមរយៈ​ហត​ឡាញ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ​កាលពី​ថ្ងៃទី​២៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០២២​។

រដ្ឋបាលខេត្ត​បន្តថា ​បន្ទាប់ពី​ពិនិត្យ ​និង​ធ្វើការ​ឆែកឆេរ​ទីតាំង​ខាងលើ​នេះ ​គឺ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​មាន​ជនបរទេស​ចំនួន​២២៣​នាក់ ​ក្នុងនោះ​ស្រី​ចំនួន​៣៥​នាក់ ​ព្រមទាំង​វត្ថុតាង​មួយចំនួន​ទៀត។

​រដ្ឋបាលខេត្ត​បន្ថែមថា​៖«បន្ទាប់ពី​ក្រុម​ប្រតិបត្តិ​ការធ្វើ​ការឆែកឆេរ ​និង​ត្រួតពិនិត្យ​លើ​ទីតាំង​អគារ​ក្រុមហ៊ុន​នេះ ​បាន​រកឃើញ​អ្នកប្តឹង​ចំនួន​៥នាក់​ជា​ជនជាតិ​ចិន ​ដែលមាន​ដូច​នៅក្នុង​បណ្តឹង​លេខ​៦២៧ ​នៅក្នុង​បន្ទប់​លេខ​៣១៦​ជាន់​ទី​៣​។ ចំពោះ​ការពិនិត្យ​លើ​ស្ថានភាព​ជនជាតិ​ចិន​ទាំង​៥​នាក់ ​ក្នុង​បណ្តឹង​នៅក្នុង​បន្ទប់​លេខ​៣១៦ ​ពុំមាន​ការធ្វើ​ទារុណកម្ម ​និង​មិនមាន​វត្ថុតាង​ណាមួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ»។​

ចំពោះ​ករណី​ខាងលើ​នេះ ​ គឺ​កំពុង​ស្ថិតក្នុង​នីតិវិធី​របស់​សមត្ថកិច្ច ​ដោយឡែក​ព័ត៌មាន​លម្អិត ​នឹង​ផ្តល់ជូន​នៅពេល​បន្ទាប់​៕