ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​«​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​បោសសម្អាត​គ្រាប់មីន​មិនទាន់​ឱ្យអស់​នៅត្រឹម​ឆ្នាំ២០២៥ ក្នុង​គោលដៅ​ផ្តល់​សុខ​សុវត្ថិភាព និង​លើកកម្ពស់​ភាពសុខដុមរមនា​របស់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

អនុក្រឹត្យ​ស្តីពី​ការបង្កើត​មូលនិធិ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេច​បង្កើត​«​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​សរសេរ​ជា​អក្សរ​កាត់ «​ម​.​ក​.​គ​.​ម​-២០២៥» សម្រាប់​គ្រប់គ្រង​ថវិកា​ក្នុងការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ព្រមទាំង​រំដោះ​ផ្ទៃដី​សង្ស័យ​មាន​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​ចូលរួម​គាំទ្រ​គោលដៅ​កម្ពុជា​អស់​មីន​ឆ្នាំ​២០២៥​។​

​ក្នុង​អនុក្រឹត្យ​ដែលមាន​ចែង ៨មាត្រា បានឱ្យដឹងថា «​ម​.​ក​.​គ​.​ម​-២០២៥»​មាន​ប្រភពធនធាន​ពី​វិភាគទាន​ដំបូង​ពី​ថវិការដ្ឋ​ចំនួន ១២៣ ១៨០លាន​រៀល (៣០ លាន​ដុល្លារ​អាមេរិក​)​។​វិភាគទាន​ថវិការដ្ឋ​នេះ​សម្រាប់​ឆ្នាំ​២០២៣-២០២៤ និង ២០២៥ តាម​ការចាំបាច់​ជាក់ស្តែង និង​វិភាគទាន​ពី​ប្រភព​ស្របច្បាប់​ផ្សេងទៀត​។​

​អនុក្រឹត្យ​ដដែល បន្តថា វិភាគទាន​រដ្ឋ​ត្រូវ​កត់ត្រា​នៅក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​រដ្ឋមន្ត្រីក្រសួង​នេះ​គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ជា​អ្នកទទួលខុសត្រូវ ក្នុងការ​គ្រប់គ្រង ប្រើប្រាស់ និង​ចាត់ចែង ដោយមាន​អគ្គនាយកដ្ឋាន​ថវិកា​ជា​លេខាធិការដ្ឋាន​។ ធនធាន​ហិរញ្ញវត្ថុ​របស់ ម​.​ក​.​គ​.​ម​-២០២៥ ត្រូវ​រក្សាទុក​ក្នុង​គណនី​ប្រាក់​បញ្ញើ​នៅ​រតនាគារជាតិ ឬ​គណនី​ធនាគារជាតិ​កម្ពុជា ហើយ ម​.​ក​.​គ​.​ម​-២០២៥ អាចមាន​គណនី​នៅ​ធនាគារពាណិជ្ជ ដើម្បី​ប្រើប្រាស់​តាម​ការសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​។​

ក្នុង​អនុក្រឹត្យ​ដ​ដែល គូសបញ្ជាក់ថា ៖«​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ការងារ ដែល​ត្រូវ​ប្រើប្រាស់​ប្រភព​មូលនិធិ ម​.​ក​.​គ​.​ម​-២០២៥ ដោយមាន​បញ្ជាក់​ពី​ទីតាំង ទំហំ​ផ្ទៃដី​ដែល​ត្រូវ​បោសសម្អាត និង​ប្រតិទិន​ការងារ ព្រមទាំង​របាយការណ៍​សមិទ្ធកម្ម នៃ​ការអនុវត្ត​សកម្មភាព​ការងារ​»​។

ផែនការ​សកម្មភាព​នេះ ជា​កម្មវត្ថុ​នៃ​ការសម្រេច​របស់​នាយក​រដ្ឋមន្ត្រី តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុ​ជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​

​បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ពី​នាយករដ្ឋមន្ត្រី អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ត្រូវ​រៀបចំ​គម្រោង​ស្នើសុំ​ថវិកា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ និង​ផ្តល់ជូន​តាម​ការជាក់ស្តែង​។​

លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែធ្នូ ថា​មូលនិធិ​នេះ មាន​សារៈសំខាន់ ដើម្បី​រំដោះ​ប្រទេសជាតិ​ដែល​ខ្លោច​ផ្សា ដោយសារ​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​ការខិតខំ​របស់​កម្ពុជា​រយៈពេល ៣០​ឆ្នាំ មកនេះ នៅតែ​ជួប​បញ្ហា ព្រោះ​នៅ​ការគំរាមកំហែង​ដល់​ដីធ្លី សុខ​សុវត្ថិភាព​ប្រជាជន​។

លោក​ថា​៖«​ឯ​ដៃគូ​របស់​យើង​បាន​ជួយ​កម្ពុជា​រយៈពេល ៣០​ឆ្នាំ ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ ចូលរួម​ជាមួយ​ដៃគូ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ដៃគូ​របស់​យើង​មួយចំនួន កាន់តែ​បន្ថយ​នូវ​លទ្ធភាព​ជួ​យមក​កម្ពុជា​»​។​

លោក​បន្តថា​ដូច្នេះ​ការបញ្ចប់​អនុសញ្ញា​អន្តរជាតិ​ត្រឹម​ឆ្នាំ២០២៥ ខាងមុខ​មាន​កត្តា​សំខាន់​ជា​មូលដ្ឋាន មិន​ត្រឹមតែ​សម្រាប់​កម្ពុជា ក៏​សម្រាប់​អន្តរជាតិ​ក្នុងនាម​ជា​ប្រទេស​ដែល​ទទួលរង​គ្រោះ គឺ​យល់​ពី​សារៈសំខាន់​នៃ​ការសម្រេចបាន​នូវ​អនុសញ្ញា​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ ក្នុងការ​ហាមប្រាម​ប្រើប្រាស់​គ្រាប់មីន​។​

លោក​ថា​៖«​ការដោះមីន មាន​សារៈប្រយោជន៍​ខ្លាំង​សម្រាប់​សេដ្ឋកិច្ចជាតិ ប្រសិន​យើង​អាច​បោសសម្អាត​គ្រាប់មីន​បាន​ឆាប់​វា​ជា​ឱកាស​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ជាពិសេស​ខាង​វិស័យ​កសិកម្ម ក្នុងការ​ប្រើប្រាស់​ដីធ្លី​»​។​

គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០២២ លោក ហេង រតនា បាន​ថ្លែង​ក្នុង​ក្របខ័ណ្ឌ​អង្គភាព​ស៊ីម៉ាក់ គឺ​សម្រេចបាន​ខេត្ដ​មួយចំនួន​ដែល​អស់​មីន រួមមាន​ខេត្ត​កែប កំពត តាកែវ ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និង​ខេត្តកំពង់ចាម ខណៈ​លោក​ថា​ នៅ​ចុងឆ្នាំ ២០២២ ខេត្ត​ចំនួន១១ គ្រោង​ប្រកាស​អស់​មីន​។​

ដោយឡែក អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​លោក លី ធុជ បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​៣០​ឆ្នាំ​របស់​អង្គការ MAG ដែល​បាន​ចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ដែលជា​ការងារ​ដ៏​អស្ចារ្យ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ និង​ការចូលរួមចំណែក​ក្នុង​ការកសាង​អនាគត​របស់​កម្ពុជា​។​

លោក​លើកឡើងថា​៖ «​ទោះបី​ជាមាន​ព្រឹត្តិការណ៍​អកុសល​នៅ​ឆ្នាំ១៩៩៦ ដែល​អង្គការ MAG បាន​បាត់បង់​វីរបុរស​ដ៏​អស្ចារ្យ​ចំនួន​២រូប ដោយសារ​ខ្មែរក្រហម គឺ​លោក Christopher Howes និង​លោក Huon Hourth​ប៉ុន្តែ​ឆន្ទៈ​របស់​អ្នកដោះមីន​ដ៏​ក្លាហាន​របស់​អង្គការ MAG បាន​បន្ត​ការខិតខំ​ប្រឹងប្រែង ដើម្បី​បោសសម្អាត​មីន​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ​»​។

លោក​បានបញ្ជាក់​ថា៖ «​ឆ្នាំនេះ គឺជា​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​អង្គការ MAG នៅ​កម្ពុជា សូមឱ្យ​យើង​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ដើម្បី​ចងចាំ និង​អរគុណ​ដល់​វីរបុរស​ដែល​បាត់បង់​ជីវិត​របស់​យើង​ទាំងអស់ ដែល​បាន​លះបង់​ជីវិត​សម្រាប់​សកម្មភាព​មីន និង​សូម​អរគុណ​ដល់​វីរបុរស​កម្ចាត់មីនរ​បស់​យើង ដែល​បន្ត​ធ្វើការ​ដោយ​មិន​ភ័យខ្លាច និង​ឥតឈប់ឈរ ដើម្បី​កម្ចាត់​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ពី​ប្រទេសជាតិ​របស់​យើង​»​។​

សូមជម្រាបថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែធ្នូ បានឱ្យដឹងថា ថវិកា​ចំនួន ១៨ ៤៧៣ ៥៧០ដុល្លារ ដែល​ចេញពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ​និង​សប្បុរសជន សម្រាប់​ការដោះមីន​ត្រូវ​ចំណាយ​អស់​នៅត្រឹម​ព្រឹក​ថ្ងៃ​១​ធ្នូ​២០២២​នេះ​។ ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​ចូលរួម​ឧបត្ថម្ភ​ទៅតាម​លទ្ធភាព​៕