ភ្នំពេញៈ លោក​ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានចេញ​សេចក្តីណែនាំ​ជុំវិញ​ការពង្រឹង​ការផ្តល់សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឯកជន បន្ទាប់ពី​កើតមាន​បាតុភាព​អវិជ្ជមាន​មួយចំនួន​នាពេល​ថ្មីៗ​នេះ និង​បាន​ក្រើនរំឭកដល់​បណ្តា​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងអស់​ឱ្យ​គោរព​ឱ្យ​ម៉ឺងម៉ាត់​នូវ​ដំណើរការ​បច្ចេកទេស តួនាទី ភារកិច្ច និង​ក្រមសីលធម៌​វិជ្ជា​ជីវៈរៀងៗ​ខ្លួន ដោយ​អនុលោម​តាមច្បាប់​ជា​ធរមាន​។​

នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២ លោក ម៉ម ប៊ុនហេង បានចេញ​សេចក្តីណែនាំ​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​ក្រម​ច្បាប់​មួយចំនួន​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ឯកជន​ក្រោម​មូលបទ «​ការពង្រឹង​ការផ្តល់សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឯកជន​»​។​

លោក ម៉ម ប៊ុនហេង បាន​សង្កត់ធ្ងន់​ដល់​បណ្តា​មន្ទីរពេទ្យ​ឯកជន​ថា ដោយ​សង្កេតឃើញថា ការគ្រប់គ្រង​ និង​ការផ្តល់សេវា​សុខាភិបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល​ឯកជន​មួយចំនួន​តូច​មាន​លេចចេញ​បាតុភាព​ជា​បន្តបន្ទាប់​។

លោក​ថា ៖ «​អ្នក​ដែល​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ ឬ​មានការ​ធ្វេសប្រហែស​លើ​ការងារ​គ្រប់គ្រង​មូលដ្ឋាន​សុខាភិបាល​ឯកជន​របស់ខ្លួន ឬ​ធ្វើ​ឱ្យ​មាន​កំហុស​បច្ចេកទេស​ធ្ងន់ធ្ងរ​ណាមួយ​បន្ថែម​លើ​ការដាក់វិន័យ នៃ​គណៈ​វិជ្ជាជីវៈ​នីមួយៗ នឹងត្រូវ​ប្រឈម​ទៅនឹង​ច្បាប់​ទៅតាម​សណ្ឋាន​ទម្ងន់ទោស​ដែល​មានចែង​នៅក្នុង​ច្បាប់​»​។​

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​បានចេញ​សេចក្តីណែនាំ​ដោយ​ភ្ជាប់​ជាមួយ​ក្រម​ច្បាប់​ចំនួន២ ពាក់ព័ន្ធ​នឹង​ទី​១ ច្បាប់​ស្តីពី​ការ​រំលូតកូន និង​ទី​២ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​។ ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត យកចិត្តទុកដាក់​ត្រួតពិនិត្យ​ការងារ​ផ្តល់​សុខាភិបាល ការចេញ​អាជ្ញា​ប័ណ្ណ ច្បាប់​អនុញ្ញាត​នានា​ចំពោះ​សេវា​សុខាភិបាល​ឯកជន និង​អំពាវនាវ​ឱ្យពលរដ្ឋ​ទៅពិនិត្យ​និង​ពិគ្រោះ​ជំងឺ​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ដែលមាន​ជំនាញ​ត្រឹមត្រូវ ចៀសវាង​ជួប​ហេតុការណ៍ជា​យថាហេតុ​ណាមួយ​។​

ជុំវិញ​បញ្ហា​នេះដែរ លោក​ អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួងសុខាភិបាល​ចំពោះ​ជំហរ​រឹតបន្តឹង​ចំពោះ​គុណភាព​នៃ​បណ្តា​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន ដើម្បី​ឱ្យ​អ្នកជំនាញ​ផ្នែក​នេះ​យកចិត្តទុកដាក់​លើ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ខ្លួន​បន្ថែម នៅ​ចំពោះមុខ​កម្សោយ​នៃ​ការយកចិត្តទុកដាក់​និង​បញ្ហា​បច្ចេកទេស​មួយចំនួន​នៅតាម​បណ្តា​គ្លីនិក​ឯកជន​។​

លោក​អ៊ូច វុទ្ធី ថ្លែងថា៖ «​សព្វថ្ងៃនេះ យើង​ឃើញ​បុគ្គល​មួយចំនួន​យក​លាភសក្ការៈ​ជាធំ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​សុខាភិបាល​ច្រើន កន្លែង​ហ្នឹង ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ដែលជា​គ្រូពេទ្យ​ទាំងឡាយ ត្រូវមាន​អាក​ប្ប​កិរិយា​ល្អ​ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​រវល់​គិតលុយ​ជាធំ​»​។​

លោក​បាន​បន្ថែមថា៖ «​ត្រូវ​ព្យាបាល​ពួកគាត់​ជាមុន ហើយ​លុយ​វា​មក​តាម​ក្រោយ​ទេ បើ​គាត់​អត់​ហើយ លើកដៃ​សំពះ​ហើយ គួរ​អនុគ្រោះ​គាត់​ទៅ​។​នៅតាម​ឱសថស្ថាន​ឯកជន​ខ្លះ មាន​ទាំង​ថ្នាំ​ហួស​កាលបរិច្ឆេទ​កំណត់​ផង ដែលជា​រឿង​គួរ​ឱ្យព្រួយបារម្ភ​ខ្លាំងណាស់​»​។

លោក វុទ្ធី ថ្លែង​បន្តថា បញ្ហា​នៅតាម​បណ្តា​គ្លី​និ​កឯកជន​ក្នុងស្រុក​មួយចំនួន​គឺ​ដោយសារ​កង្វះ​ការយកចិត្តទុកដាក់​នៅ​តាម​បណ្តា​គ្លី​និ​ក​ឯកជន​ទាំងនោះ​ផ្ទាល់​ដែល​មិន​អនុលោម​តាម​វិជ្ជាជីវៈ​ខ្លួន​ត្រឹមត្រូវ ដែល​ករណីខ្លះ លោក​ថា គ្រូពេទ្យ​ដែលមាន​ភារៈ​វះកាត់ ព្យាបាល​អ្នកជំងឺ ធ្វើ​សេចក្តីសម្រេចចិត្ត​អត្តនោម័ត​មិន​ពិគ្រោះ​ជាមួយ​នាយក​ធំ មុន​ព្យាបាល ឬ ករណីខ្លះ​ថៅកែ​ដែល​គ្មាន​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​បែរជា​បញ្ជា​គ្រូពេទ្យ​ទៅវិញ​ដោយ​មិន​អនុលោម​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​។​

លោក​អ៊ូច វុទ្ធី ក៏បាន​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​រឹតបន្តឹង​ និង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ឱ្យបាន​ញឹកញាប់​លើ​ការអនុវត្ត​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​នៅតាម​បណ្តា​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងឡាយ ហើយ​ក្នុងការ​ត្រួតពិនិត្យ​ត្រូវ​រក្សា​ការសម្ងាត់ ដោយ​មិនគួរ​ប្រាប់​ដំណឹង​ជាមុន ដែល​ធ្វើ​ឱ្យ​បណ្តា​មន្ទីរពេទ្យ​ឯកជន​បាន​ត្រៀមខ្លួន​រៀបរយ​ទុក​មុន ខុសពី​ការអនុវត្ត​ប្រចាំថ្ងៃ​លើ​ការផ្តល់សេវា​របស់ខ្លួន​។​

ស្រដៀង​គ្នា​នេះដែរ លោក​វេ​ង គឹម​យូ ជា​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​មួយកន្លែង​ក្នុង​ខេត្តបាត់ដំបង ថ្លែងថា កម្រិត​នៃ​ភាពទទួល​ខុសត្រូវ​របស់​បណ្តា​មូលដ្ឋាន​សុខាភិបាល​ឯកជន​អាស្រ័យ​ទៅតាម​តម្លៃ​សេវា ពោលគឺ​នៅតាម​គ្លីនិក​ដែលមាន​កញ្ចប់​សេវា​ថ្លៃ​។ តួយ៉ាង​នៅ​ទីក្រុង គេ​ផ្តល់​សេវា​ព្យាបាល​ដែល​ល្អ មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​សមត្ថភាព​គ្រូពេទ្យ​ពូកែ ខណៈ​បណ្តា​គ្លីនិក​ដែលមាន​កញ្ចប់​សេវា​ថោក​។​

លោ​កថា​ នៅតាម​បណ្តា​ខេត្ត កម្រិត​សេវា​ព្យាបាល​មិនសូវ​ជា​ល្អ ហើយ​បច្ចេកទេស​ព្យាបាល​ និង​សមត្ថភាព​គ្រូពេទ្យ​ក៏​នៅមានកម្រិត​ទៅតាម​ហ្នឹង​ដែរ​។​

​លោក​វេ​ង គឹម​យូ ថ្លែង​ថា​៖ «​ក្នុងករណី​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ភាគច្រើន​នៅតាម​បណ្តា​ពេទ្យ​ឯកជន ពេលខ្លះ​ពួកគាត់​មិន​ទទួលខុសត្រូវ​ទេ ដោយសារ​ពួក​គាត់​អាង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ​វិញ​»​។

ករណីខ្លះ គ្រូពេទ្យ​មួយ​ចំនួន​ដែល​បម្រើការ​នៅ​ពេទ្យ​រដ្ឋ គាត់​មក​បើក​គ្លី​និ​ក​ឯកជន ហើយ​នៅពេល​មាន​បញ្ហា ពួកគាត់​បញ្ជូនទៅ​កន្លែង​គាត់​ធ្វើការ ដោយ​គេចវេះ​ពី​ការទទួល​ខុសត្រូវ​ខ្លួន រួច​ដាក់បន្ទុក​មកកាន់​មន្ទីរពេទ្យ​រដ្ឋ​វិញ​។ នេះ​បើតាម​ការបន្ថែម​ពី​លោក វេ​ង គឹម​យូ​។​

គ្រូពេទ្យ​រូបនេះ សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​យន្តការ​ត្រួតពិនិត្យ​ណាមួយ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​តាមដាន​ការអនុវត្ត​វិជ្ជាជីវៈ ​និង​ក្រមសីលធម៌​របស់​គ្រូពេទ្យ​នៅតាម​បណ្តា​គ្លី​និ​កឯកជន បន្ទាប់ពី​បានផ្តល់​អាជ្ញា​ប័ណ្ណ​អនុ​អញ្ញាត​ផ្តល់​សេវា​សុខាភិបាល​ពី​សំណាក់​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងឡាយ​រួចមក និង​មានការ​បណ្តុះបណ្តាល​សម​ត្ថ​ភាព​បន្ថែម​សម្រាប់​គ្រូពេទ្យ​តាម​អង្គភាព​ឯកជន និង​ជាពិសេស​កាត់បន្ថយ​អំពើពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​នេះ​។​

សូម​រំឭកថា នាពេល​ថ្មីៗ​នេះ មានការ​វែកញែក ​និង​លើក​ឡើងជា​សាធារណៈមតិ​យ៉ាង​ផុសផុល​ចំពោះ​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន​នៅ​កម្ពុជា បន្ទាប់ពី​កើតមាន​ករណី​ស្ត្រី​អ្នកជំងឺ​ម្នាក់​បាន​ចូលមក​សម្រាក​នៅ គ្លីនិក​ដើម​អង្គ្រង ដោយ​រោគវិនិច្ឆ័យ កូន​ស្លាប់​ក្នុង​ស្បូន អាយុ ១៨សប្តាហ៍​។

ជាមួយគ្នានេះដែរ​ក្រសួង​តម្រូវឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន លើ​បាតុភាព​ដែល​បាន​កើតមានឡើង​ដែល​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់ខ្លួន​។ ការណ៍​នេះ ត្រូវបាន​មហាជន​យកមក​ជជែក​យ៉ាង​ផុសផុល​ពី​ស្ថានភាព​សុខាភិបាល​ឯកជន​កម្ពុជា ដែលជា​បញ្ហា​ប្រឈម​មួយ​ដែល​រដ្ឋ​ត្រូវ​គិតគូរ​កែប្រែ​ដើម្បី​វិស័យ​សុខភាព​សាធារណៈ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​៕