ព្រះវិហារៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) រួមគ្នា​រៀបចំ​កម្មវិធី "យាត្រា​ដើម្បី​បេតិក​ភណ្ឌ" នៅ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះវិហារ ក្នុង​គោល​បំណង់​រួមគ្នា​ស្តា​ឡើងវិញ​ នូវ​វិស័យ​ទេសច​រណ៍​កម្ពុជា ដែល​មាន​ការចូល​រួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួន​៥ ប្រទេស។

​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ឱ្យដឹង​ថា ព្រឹ​ត្តិការណ៍​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី៤ ធ្នូ ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​ទេ​ស​ចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​សរុប​ជិត​៣០០​នាក់ មកពី​ប្រទេស​ចំនួន៥ គឺ​កម្ពុជា ថៃ ភូមា អេស្ប៉ា​ញ និង​ឥណ្ឌូនេស៊ី។ អាជ្ញា​ធរ​ជាតិ​ព្រះវិហារ បាន​បញ្ជាក់​ថា៖«​កម្មវិធី​នេះ​បាន​ចាប់ផ្តើម​នៅ​ម៉ោង​៦:៣០នាទី​ព្រឹក ដោយ​អ្នកចូលរួម ត្រូវ​ដើរ​ដោយថ្មើរ​ជើងចេញដំណើរ​ពី​ជើងភ្នំ​ប្រាសាទព្រះវិហារ​រហូតដល់​គោ​បុ​រៈ​ទី៤នៃ​ប្រាសាទ​ព្រ​វិហារ ក្នុង​ចម្ងាយ៧​គីឡូម៉ែត្រ ដើម្បី​បាន​ទៅ​ដល់​គោល​ដៅ»។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ប្រាសាទ​ព្រះវិហារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៤ ធ្នូ​ថា នេះ​គឺជា​ព្រឹ​ត្តិការ​ណ៍ដំបូង​បំផុត ដែល​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានរួម​គ្នា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​បង្កើត​ឡើង​ក្នុង​ន័យ​ជា​ផ្នែក​មួយ​ក្នុងការ​ផ្សព្វ​ផ្សាយ​តំបន់​ទេស​ចរណ៍​នៅក្នុង​ប្រាសាទ​ព្រះវិហារ។

លោក បាន​បញ្ជាក់ថា៖«នេះ​គឺ​ជា​​ព្រឹ​ត្តិការណ៍​ទេសចរណ៍​កីឡា​ដែល​យើង​ធ្វើជា​លើក​ទី១ សម្រាប់​ប្រាសាទព្រះវិហារ​របស់​យើង។ យើង​ធ្វើ​នេះ គឺ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដោយ​យើង​ដើរ​ដើម្បី​បេតិកភណ្ឌ យើង​ដើរ​ដើម្បី​ទេសច​រណ៍ យើង​ដើរ​ដើម្បី​បរិស្ថាន និង​យើង​ដើរ​ដើម្បី​មិត្តភាព​រវាង​ចម្រុះ​ជាតិ​សាសន៍​ដែល​មក​ចូលរួម​ដើរ​ទាំងអស់គ្នា»។

បើតាម​លោក ពុទ្ធិការ ក្នុង​រយៈពេល​១១ ខែ ឆ្នាំ២០២២​នេះ ប្រាសាទ​ព្រះវិហារ ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ប្រមាណ​ជិត១០ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​មាន​ចំនួន​តិចតួច​មែនទែន​គឺមាន​ប្រមាណ២ ពាន់​នាក់​ប៉ុណ្ណោះ។ ​លោក គង់ ពុទ្ធិការ រំពឹងថា ព្រឹ​ត្តិការណ៍​នេះ អាច​នឹងចូលរួម​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​រមណី​យដ្ឋា​ន​ព្រះ​វិហារ​ឱ្យបាន​កាន់តែ​ច្រើន បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ មាន​ស្ថាន​ភាពថម​ថយ​ទៅ​វិញ​។

លោក​បាន​រៀបរាប់ថា៖«ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាជន​យើង ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ប្រាសាទព្រះវិហារ​ដែលជា​ប្រាសាទ​មួយ​មាន​លក្ខណៈខុស​ប្លែ​ក​ពី​ប្រាសាទ​ផ្សេងៗ​នៅក្នុង​ប្រទេស​យើង ដែល​បាន​កសាង​សង់​នៅលើ​កំពូល​ភ្នំ​ដង​រែក ហើយក៏​ជា​ប្រា​សាទ​មួយ​បង្ហាញ​ពី​និមិត្តរូប​នៃ​សាមគ្គីភាព​របស់​កម្ពុជា​ផងដែរ»។

នៅក្នុង​តំបន់​រមណី​យដ្ឋា​ន​ប្រាសាទ​ព្រះវិហារ​នេះ ក្រៅពី​ប្រាសាទព្រះវិហារ លោក គង់ ពុទ្ធិ​ការ បាន​ណែនាំថា ភ្ញៀវ​ទេស​​ចរ ក៏​អាចមក​ទស្សនា​តំបន់​ទេសចរ​ណ៍​ជាច្រើន​ទៀត ដែល​មាន​ដូចជា សហ​គមន៍​តំបន់ការពារ​ធម្មជាតិ​ត្មាត​ប៉ើយ តំបន់​ទេស​ចរ​ណ៍​ធម្មជាតិ​ភ្នំ​ត្បែង និង​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេ​រផងដែរ។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​និយាយថា ការរៀបចំ​ព្រឹ​ត្តិការណ៍​នេះ​ឡើង គឺជា​ការរួមចំណែក​មួយ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល ក្នុងការ​ស្តារឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិ​ច្ច​ក្នុង​ប្រទេស បន្ទាប់​ពី​ជួបប្រទះ​នូវ​វិបត្តិ​កូ​វីដ១៩។

បន្ថែម​ពីនេះ លោក បាន​អះអាងថា ព្រឹ​ត្តិការណ៍​នេះ ក៏​ដើម្បី​រឹតចំណង​មិត្តភាព​ជាមួយ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ​ជាដើម ដើម្បី​ចូលរួម​ជំរុញ​នូវ​​សាមគ្គីភាព​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល និង​អាចចូលរួម​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​​​​ពី​ប្រទេស​ទាំង​នោះ​ផង​ដែរ។

លោក ស៊ីណាន​ បាន​បញ្ជាក់​ថា៖«ព្រឹ​ត្តិការណ៍​នេះ មានការ​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក៏ដូចជា​ក្រសួង​វប្បធម៌​របស់​កម្ពុជា និង​ក្រសួង​ទេស​ចរណ៍។ សូម​ចូលរួម​លើកកម្ពស់ វិស័យ​ទេសចរណ៍ និង​បរិស្ថាន តាមរយៈ​ព្រឹត្តិ​ការណ៍​កីឡា​ទាំងអស់គ្នា “កីឡា​នាំមក​នូវ​សុខភាព និង​មិត្តភាព”យើង​រួមគ្នា​ដើរ​ដើម្បី​បេតិក​ភណ្ឌ​(មរតក) ​ទេស​ចរណ៍ បរិ​ស្ថាន មិត្តភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូល​ដ្ឋាន តាម​រយៈ​ព្រឹត្តិ​ការណ៍​កីឡា​ទេស​ចរណ៍»៕

វីដេអូ៖