ភ្នំពេញៈ គិតមក​ទល់​ពេល​នេះ ប្រជា​កសិករ​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​១៦ ដែល​រងគ្រោះ​ដោយទឹក​ជំនន់ បានដាំ​ស្រូវ​ស្ដារ​ឡើង​វិញ សម្រេច​បាន​ជាង​៩៩​ភាគរយ​ហើយ។ នេះបើយោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពីក្រសួង​កសិក​ម្ម រុក្ខា​ប្រមាញ់ និងនេសាទ។

គ្រោះទឹក​ជំនន់​ក្នុង​ឆ្នាំ​២០២២ បាន​បង្កផល​ប៉ះពាល់​ និង​ខូច​ខាត​ដំណាំស្រូវ​ជិត​២០​ម៉ឺនហិក​តា របស់​ប្រជា​កសិករ​នៅ​ក្នុង​រាជធានី-ខេត្ត​ចំនួន​១៦ រួម​មាន រាជ​ធានីភ្នំ​ពេញ ខេត្តកំ​ពត តាកែវ កណ្ដាល ព្រៃវែង ស្វាយ​រៀង ត្បូង​ឃ្មុំ កំពង់​ចាម កំពង់​ធំ សៀម​រាប ឧត្តរ​មាន​ជ័យ បន្ទាយ​មាន​ជ័យ បាត់​ដំបង ពោធិ៍​សាត់ កំពង់​ឆ្នាំង និងខេត្ត​ក្រចេះ។ ក្នុង​នោះ ខូចខាត​ទាំង​ស្រុង​អស់​ជាង​១១​ម៉ឺនហិកតា។ ក្រៅ​ពីដំណាំ​ស្រូវ ដំណាំ​ផ្សេងៗ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន ក៏បាន​រងផល​ប៉ះពាល់ និង​ខូចខាត​ផង​ដែរ។​

ការ​ខូច​ខាត​ផល​ស្រូវ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ បាន​ប៉ះពា​ល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ​​នៅ​ក្នុង​តំបន់​ទីជន​បទ។ ដោយ​មើល​ឃើញ​ពីទុក្ខ​លំបាក​នេះ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជំរុ​ញ​ដល់​ក្រសួង និងអាជ្ញាធរ​ពាក់​ព័ន្ធ បញ្ចេញ​ស្រូវពូជ​ជាច្រើន​ពាន់តោន ផ្ដល់​ជូន​ដល់​គ្រួសារ​កសិ​ករ រង​គ្រោះ ដើម្បី​ដាំស្ដារឡើង​វិញ ក្នុង​គោល​បំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​សន្តិ​សុខ​ស្បៀង​ នៅ​កម្ពុជា។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ និងជាអ្នក​នាំពាក្យ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេ​សាទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​ទទួល​បាន​ស្រូវ​ពូជ និង​បន្ទាប់​ពីទឹក​ជំនន់​បាន​ស្រកអស់​ពីក្នុង​ដីស្រែ កសិករ​នៅក្នុង​បណ្ដា​រាជ​ធានី-ខេត្ត ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទាំងនោះ​ បានចាប់​ផ្ដើមដាំ​ដុះស្រូវ​ស្ដារ​ឡើង​វិញ​ជាបន្ត​បន្ទាប់ ដែល​គិត​មកទ​ល់​ពេល​នេះ បាន​សម្រេច​១០០ភាគ​រយ​ហើយ លើក​លែង​តែនៅ​ខេត្ត​សៀមរាបមួយ​ប៉ុណ្ណោះ ដែល​នៅមិន​ទាន់​បាន​សម្រេច​១០០​ភាគរយ ដោយសារ​កង្វះ​គ្រឿង​ចក្រ​ភ្ជួរ​រាស់​ដី និង​ប្រព័ន្ធ​ស្រោច​ស្រព​។

កញ្ញា រចនា បាន​បញ្ជាក់​ថា៖«វឌ្ឍន​ភាព​នៃការដាំស្រូវ​ស្តារ​ឡើង​វិញ គិត​ត្រឹម​ថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ​២០២២ ការដាំ​ស្ដារ​ដំណាំ​ស្រូវ បាន​សម្រេច​ជាង៦​៣​ពាន់ហិកតា ស្មើ​៩៩,១២ភាគ​រយ​នៃផ្ទៃដី​ត្រូវដាំ​ស្ដារ​ឡើង​វិញ​សរុប​ជាង​៦៨​ពាន់​ហិកតា​។ ក្នុង​នោះ​រាជធានី-ខេត្ត​ចំនួន​១៥​បាន​ដាំស្រូវស្តារ​ឡើង​វិញ សម្រេច​បាន​​១០០​ភាគ​រយតាម​ផែនការ​ដែល​បាន​គ្រោង​ទុក។ ដោយ​ឡែក​នៅខេត្ត​សៀម​រាប មាន​សភាព​យឺត​យ៉ាវ​បន្តិច ដោយ​គិត​មក​ទល់​ពេល​នេះ ទើប​តែ​សម្រេច​បាន​ជាង ៨០​ភាគ​រយ​ប៉ុណ្ណោះ»​។

ជុំវិ​ញក​រណី​នេះ លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​សៀមរាប បា​នប្រា​ប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ គិត​មក​ទល់​​ពេល​នេះ ក្រៅពីស្រុក​ស្រីស្នំ នៅបណ្ដាស្រុក​ផ្សេងៗ​ទៀត​ក្នុង​ខេត្តសៀម​រាប ប្រជា​កសិករ​បា​ន​ដាំ​ស្រូវ​​ស្ដារ​ឡើង​វិញ​​សម្រេច​បាន​១០០​ភាគ​រយហើ​យ។ ចំណែក​នៅស្រុក​ស្រី​ស្នំ ការដាំស្ដារឡើង​វិញ​ទើប​តែ​​​សម្រេច​បាន​លើផ្ទៃដី​ជាង​៦ ០០០​ហិកតា ឬស្មើ​ជាង​៥០ភាគរ​យ​នៃ​ផ្ទៃដី​ដែល​ត្រូវដាំស្ដារ​ឡើង​វិញ​សរុប​១ ១០០​ហិកតា​។

លោក​ថ្លែង​ថា៖«ភាគ​យឺតយ៉ាវ​របស់​កសិករ​នៅ​ក្នុង​ស្រុកស្រីស្នំ​ គឺ​ដោយ​សារ​កង្វះគ្រឿង​ចក្រ​ភ្ជួរាស់​ដី និង កង្វះ​ប្រព័ន្ធ​ប្រឡាយ​សម្រាប់​នាំទឹក​ទៅស្រោច​ស្រព ដែល​ធ្វើ​ឱ្យកសិករ ​ដែល​ពួកគាត់​ទទួល​បាន​ស្រូវ​ពូជ​ហើយ ស្ទាក់​ស្ទើ​ក្នុងការ​ដាំស្ដារ​ឡើង​វិញ ហើយ​យកពូជ​ស្រូវ​ទាំង​នោះ ទៅប​ណ្ដាក់​ឱ្យ​កសិករ ដែ​លមា​ន​ដីស្រែ​ស្ថិត​នៅជាប់​ប្រព័ន្ធ​ប្រឡាយ​មេ ដែលមាន​ទឹក​គ្រប់​គ្រាន់​ ដើម្បីទទួល​បាន​ផលចំណេញ​ពីស្រូវ​ពូជ​នេះវិញ​»។

កាល​ពីថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ លោក ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍សាត់ ក្នុ​ង​ដំណើរ​ចុះសួរ​សុខ​ទុក្ខ​ប្រជា​កសិករ​នៅ​ឃុំស្រែ​ស្តុក ស្រុក​កណ្តៀង និង​ដើម្បី​ត្រួត​ពិនិត្យ​ពីវឌ្ឍន​ភាព​នៃការ​ដាំស្រូវ​ស្ដារ​ឡើង​វិញ បានថ្លែង​ដោយ​ជំរុញ​ដល់​កសិករ​ឱ្យ​យក​ចិត្ត​ទុក​ដាក់ ថែទាំស្រូវ​ដោយ​បោចស្មៅ និង​ថែទាំ​ដាក់​ទឹក​ដាក់​ជីឱ្យ​បាន​ល្អស្រប​តាម​ស្ដង់​ដាបច្ចេក​ទេស​ ដែល​ត្រូវ​បានណែ​នាំ​ដោយ​មន្ត្រី​ជំនាញ​កសិកម្ម។

លោក​ថ្លែងថា៖«ប្រភព​ទឹក​យើង​មាន​គ្រប់​គ្រាន់​ហើយ ប្រព័ន្ធ​ប្រឡាយ​សម្រាប់​បញ្ជូនទឹក​ទៅក្នុង​ស្រែ​ក៏​បានស្ថាប​នា​ទៅដល់​ជាប់​នឹង​ដីស្រែហើយ​ដែរ ដូច្នេះ​ស្រូវ​អាច​ផ្ដល់​ទិន្នផល​ល្អឬអត់​នោះ គឺ​អាស្រ័យ​លើការ​ថែ​ទាំ​​របស់​យើង។ យើង​ត្រូវថែ​ទាំស្រូវ​យើង​កុំឱ្យ​មាន​ស្មៅដុះនៅក្នុង​ដីស្រែ និង​ត្រូវ​បាញ់​ថ្នាំកម្ចាត់​សត្វ​ល្អិត​ចង្រៃ កុំឱ្យមក​ស៊ីស្រូវ​របស់​យើង និង ត្រូវ​បូម​ទឹក​បញ្ចូល​ស្រែ កុំឱ្យ​ដីស្រែ​ស្ងួតប្រេះ​ក្រហែង និង ដាក់​ជីបំប៉ន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​កសិក​ម្ម»​។

ទន្ទឹម​នឹង​នេះ លោក​បាន​សម្ដែង​ការ​រីក​រាយ​ជាមួយ​កសិករ​នៅក្នុង​ក្នុង​ស្រុក​កណ្ដៀង​ទាំង​មូល ដែ​លបា​ន​ប្រឹង​ប្រែង​ដាំស្ដារ​ឡើង​វិញ​សម្រេច​បាន​១០០​ភាគ​រយ លើផ្ទៃ​ដី​ដាំស្ដារ​ឡើង​វិញ​សរុប ១៦៧៤ហិកតា។ លោក​បាន​បន្ត​ថា គិតមក​ទល់​ពេល​នេះ នៅទូទាំង​ខេត្តពោធិ៍​សាត់​ទាំង​មូល​ ការដាំដុះ​ស្រូវ​ស្ដារ​ឡើង​វិញ សម្រេច​បាន​១០០​ភាគ​រយ នៃ​ផ្ទៃដី​ដែល​ត្រូវ​បាន​ដាំស្ដារ​ឡើង​វិញ​សរុប ៦៦៦៨​ហិកតា​៕

វីដេអូ៖