
ម៉ូតូជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុនៅថ្ងៃទី ៤ ធ្នូ។ រូបថត សហការី
ត្បូងឃ្មុំៈ ប្តីប្រពន្ធរួមនឹងកូនតូចៗ២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងជាង១០ថ្ងៃទី៤ ធ្នូឆ្នាំ២០២២ ខណៈកូនស្រីអាយុ២ឆ្នាំម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តដឹកស្រូវ ស្ថិតក្នុងភូមិ៥៤ ឃុំទួលសូភី ស្រុក អូររាំងឪ ។
លោកជាតិ ម៉េងឡាយ អធិការរងទទួលផែនចរាចរណ៍ស្រុកអូររាំងឪប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៤ធ្នូថា មនុស្សចំនួន៤នាក់ក្នុងនោះមានប្តីប្រពន្ធនិងកូនតូចៗ២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួមនឹងកូនស្រីអាយុ២ឆ្នាំរបស់ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ។
លោកថ្លែងថា៖«ជនរងគ្រោះតែ១គ្រួសារទេ គឺប្តីប្រពន្ធនិងកូនតូចរបស់គាត់៣នាក់ហើយក្មេងរងគ្រោះដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយ។ ហេតុការណ៍នេះវាបន្ទាន់ដូច្នេះយើងមិនទាន់បានស្រង់ឈ្មោះរបស់ជនរងគ្រោះបាននៅឡើយទេ»។
បើតាមលោក អធិការរងម៉េងឡាយ បញ្ជាក់តាមសាក្សីនៅកន្លែងកើតហេតុថា មុនកើតហេតុនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៤ធ្នូ ឆ្នាំ ២០២២ គេបានឃើញរថយន្តធុនធំ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ 3B-5992បន្ទាយមានជ័យ សណ្តោងរ៉ឺម៉កដឹកស្រូវពេញបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង(ពីខេត្តបន្ទាយមានជ័យ)និងម៉ូតូ១គ្រឿងពណ៌ស មានបុរសម្នាក់ឌុបប្រពន្ធនិងកូនប្រុសស្រីចំនួន៣នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ១១។
លុះមកដល់ចំណុចកើតហេតុស្ថិតក្នុងភូមិ៥៤ ឃុំទួលសូភី ស្រុក អូររាំងឪ ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូខ្ទេចដេកលើផ្លូវរដូករណែលស្លាប់ភ្លាមៗចំនួន៤នាក់។
លោកបន្តថា នៅពេលកើតហេតុភ្លាមៗនោះលោកមិនទាន់បានទទួលព័ត៌មានបន្ទាន់ភ្លាមៗទេ ប៉ុន្តែលោកទទួលព័ត៌មាននៅម៉ោង១១ព្រឹកថ្ងៃទី៤ធ្នូ ឆ្នាំ២០២២។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍មក លោកបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលផ្នែកចរាចរណ៍ចុះដល់កន្លែងកើតហេតុស្ថិតក្នុងភូមិ-ឃុំខាងលើនិងធ្វើកំណត់ហេតុដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។ រីឯអ្នកបើកបររថយន្តបានគេចខ្លួនបាត់ក្រោយបង្កហេតុ។
លោកបញ្ជាក់ថា បើតាមសាច់ញាតិភាគីខាងម៉ូតូរស់នៅស្រុកពារាំងខេត្តព្រៃវែង ហើយ១គ្រួសារនេះបានឌុបគ្នាមកលេងផ្ទះឪពុកនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយចៃដន្យក៏ជួបគ្រោះថ្នាក់បែបនេះទៅ។
ចំពោះជនរងគ្រោះ លោកមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែបើតាមក្រុមគ្រួសារ ប្រាប់ថាបុរសរងគ្រោះអាយុ៣៦ឆ្នាំ រីឯប្រពន្ធអាយុ៣២ឆ្នាំ ហើយសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅផ្ទះឪពុកខាងស្រី្តរងគ្រោះនៅឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ដើម្បីធ្វើបុណ្យ៕