
បេក្ខជន-បេក្ខនារី ពិនិត្យមើលឈ្មោះប្រឡងសញ្ញាបត្រទុតិយភូមិ កាលពីថ្ងៃម្សិលមិញ។ រូបថត ក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន នៅព្រឹកថ្ងៃទី ៤ ខែធ្នូ បានអំពាវនាវឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់ នូវបទប្បញ្ញត្តិ និងកម្រិតវិន័យ ដែលក្រសួងដាក់ចេញ និងរំឭកឱ្យបេក្ខជនទាំងអស់ទទួលទានអាហារ និងទឹក ព្រមទាំងសម្រាក ឱ្យបានគ្រប់គ្រាន់ ដើម្បីមានសុខភាពល្អ ត្រៀមចូលរួមការប្រឡង។
ថ្លែងសារតាមរយៈវីដេអូខ្លីជាង ២ នាទី នៅព្រឹកថ្ងៃទី ៤ ខែធ្នូ លោកហង់ជួន ណារ៉ុន បានជូនពរដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការប្រឡង។ លោកបានអំពាវនាវឱ្យបេក្ខជនទាំងអស់ ត្រូវចេះកាត់បន្ថយភាពតានតឹងត្រៀមលក្ខណៈប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវរំឭកមេរៀន ឡើងវិញ។ បន្ថែមលើនេះ បេក្ខជន ត្រូវអនុវត្តតាមវិធានការសុខភាពរបស់ក្រសួងសុខាភិបាល វិធានការ ៣ កុំ និង ៣ ការពារ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវសូមឱ្យបេក្ខជនទាំងអស់គោរព យ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងកម្រិតវិន័យដែលក្រសួងអប់រំដាក់ចេញសម្រាប់ការប្រឡងនេះ។ ខ្ញុំសូមឱ្យក្មួយៗទទួលទានអាហារ ទទួលទានទឹក និងសម្រាកឱ្យបាន គ្រប់គ្រាន់ ជាពិសេសទទួលទានដំណេកឱ្យគ្រប់គ្រាន់ដើម្បីមានសុខភាពល្អ សម្រាប់ចូលរួមការប្រឡង»។
លោករដ្ឋមន្ត្រីបានរំឭកបន្ថែមដល់បេក្ខជនប្រឡង ធ្វើដំណើរដោយប្រុងប្រយ័ត្ន ដោយគោរពតាមច្បាប់ចរាចរណ៍ និងវិធានការក្នុងការធ្វើចរាចរណ៍ផ្លូវទឹកដែលក្រសួងអប់រំយុវជន និងកីឡាបានដាក់ចេញ។ លោកក៏បានរំឭកឱ្យបេក្ខជនទាំងអស់ទៅមើលឈ្មោះ ១ ថ្ងៃមុនថ្ងៃប្រឡង ហើយត្រូវមានវត្តមានក្នុងមណ្ឌលប្រឡងយ៉ាងហោចណាស់ ៣០ នាទី ឬ ១ ម៉ោងមុនចាប់ផ្តើមការប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា បេក្ខជន ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ ១៩ និងបេក្ខជនដែលមានកម្តៅលើសពី ៣៧.៥ អង្សាសេ ឬមានរោគសញ្ញា ដូចជាក្អកហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទៅមណ្ឌលប្រឡងឱ្យបានមុនបេក្ខជនទូទៅដើម្បីទទួលការស្ទង់កម្តៅ និងឆែកឆេរសំណៅឯកសារ មុនគេ ព្រមទាំងដាក់ដោយឡែក។
លោកមឹង វាសនា ប្រធានការិយាល័យប្រឡងចំណេះទូទៅ និងអប់រំបច្ចេកទេស នៃនាយកដ្ឋានកិច្ចការប្រឡង ឱ្យដឹងនៅថ្ងៃទី ៤ ខែធ្នូ ថា អ្វីដែលបេក្ខជនត្រូវតែ អនុវត្តក្នុងថ្ងៃប្រឡង គឺត្រូវពាក់ម៉ាស់ តម្រង់ជួរ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ ម៉ែត្រកន្លះ នៅមុខមណ្ឌលប្រឡង។ បន្ទាប់មកគណៈកម្មការ នឹងត្រូវត្រួតពិនិត្យបណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន មុនពេលឆែកឆេរសំណៅឯកសារ និងអនុញ្ញាតឱ្យចូលមណ្ឌលប្រឡង។
លោកបញ្ជាក់ថា៖ «នៅក្នុងបន្ទប់ប្រឡង បេក្ខជនត្រូវអង្គុយតាមលេខតុ ដែលបានកំណត់ ដោយរក្សាភាពស្ងៀមស្ងាត់។ នៅពេលធ្វើដំណើរការសំណេរ បេក្ខជនមិនត្រូវងើបឈរ ងាកឆ្វេងស្តាំ អើតឈោងទៅមុខ ឬដើរចេញពីកន្លែងអង្គុយ ដោយគ្មានការអនុញ្ញាតពីអនុរក្ស និងដំណើរការសំណេរ បេក្ខជនមិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការឡើយ»។
ក្រសួងអប់រំបញ្ជាក់ថា បេក្ខជនមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ក្រសួងអប់រំ បន្ដថា នៅថ្ងៃទី ៤ ខែធ្នូ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធានអនុប្រធានមណ្ឌលប្រចាំរាជធានី-ខេត្តនីមួយៗ និងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡង។
ការពិនិត្យនេះធ្វើឡើងផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខារនានា ព្រមទាំងបន្ទប់បម្រុងទុកក្នុងករណីបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ការរក្សានូវអនាម័យ និងសុវត្ថិភាព ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់ មណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។
សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹង នៅថ្ងៃទី ២ ៨វិច្ឆិកា ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ៥ និងទី ៦ ធ្នូនេះ អង្គភាពប្រឆាំងអំពើពុករលួយគ្រោងរៀបចំអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជិត ៣ ០០០ នាក់ និងដាក់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ប្រមាណ ៣០០ នាក់ ដើម្បីចូលរួមសង្កេតការណ៍។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំឱ្យដឹងថា ហឹបវិញ្ញាសា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានដឹកជញ្ជូនពីរដ្ឋបាលសាលារាជធានី-ខេត្ត ទៅរក្សាទុកនៅតាមសាលាស្រុកនីមួយៗ ប្រកបដោយសុវត្ថិភាពហើយ។
ក្រសួងបញ្ជាក់ថា៖ «ក្នុងដំណើរការ នៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវ ខ្ពស់ពីសំណាក់គណៈមេប្រយោគ គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡង ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
បើយោងតាមក្រសួងអប់រំ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយទម្រង់វិញ្ញាសា ត្រូវបានរៀបចំជា ២ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលជាសន្លឹកក្រដាស ចែកជូនបេក្ខជន៕