​ភ្នំពេញៈ អភិបាលក្រុង​អាស៊ាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា សម្រាប់​អភិវឌ្ឍ​ទីក្រុង​របស់ខ្លួន​ឱ្យ​កាន់តែ​រីក​ចម្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ខណៈ​សាលាក្រុង​ភ្នំពេញ​អះអាងថា កិច្ចប្រជុំ​អភិបាល​រាជ​ធានី និង​រដ្ឋធានី​អាស៊ាន (MGMAC) និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា «​យ៉ាង​ត្រចះត្រចង់​»​។​

​សាលាក្រុង​ភ្នំពេញ​បញ្ជាក់​ក្នុង​គេហ​​ទំព័រ​នា​ថ្ងៃទី ​៣​ធ្នូ ថា​៖ «​កិច្ចប្រជុំ MGMAC និង​វេទិកា​AMF ឆ្នាំ ​២០២២ បានបញ្ចប់​ដោយ​ជោគជ័យ​ជាមួយ​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់ ដោយ​បណ្តា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បានទទួល​​យក​បទពិសោធន៍ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​អភិវឌ្ឍ​ទីក្រុង​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើន ឆ្លើយ​តប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​»​។​

​ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា AMF នៅ​ថ្ងៃទី​ ៣ ខែធ្នូ លោក ឃួ​ង ស្រេង អភិបាល​​រាជធានី​ភ្នំពេញ​ថ្លែងថា ថ្នាក់ដឹកនាំ​ទីក្រុង​អាស៊ាន​បាន​ចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ចក្ខុវិស័យ​ជាក់ស្តែង​និយម និង​ការគិតគូរ​យកចិត្តទុកដាក់​ក្នុងន័យ​ស្ថាបនា​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការពិភាក្សា​ដែលជា​អនុ​​សាសន៍​សម្រាប់​ទិសដៅ​រួមគ្នា​នៃ​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន​។​

​លោក​ថ្លែងថា​៖ «​បញ្ហា​ប្រឈម និង​ទស្សនវិស័យ​ជា​សកល​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ថ្នាក់ដឹកនាំ​ទីក្រុង​អាស៊ាន បាន​យល់​ស្របគ្នា​អំពី​សារៈសំខាន់​នៃ​ភាពជា​ដៃគូ និង​កិច្ច​សហ​​ប្រតិបត្តិការ​សម្រាប់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​រួម ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដែលជា​មូលដ្ឋាន​ដ៏​ចាំបាច់ ក្នុង​ការលើក​​កម្ពស់ ការស្តារ​ឡើងវិញ​នូវ​សេដ្ឋ​កិច្ច និង​សង្គមកិច្ច ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩»​។

​លោក​បន្តថា​អភិបាលក្រុង​អាស៊ាន​បាន​ឯក​​ភាព​ក្នុង​ការជំរុញ​សម្ទុះ​នៃ​ការ​​កសាង​ទីក្រុង​ឆ្លាត ប្រកបដោយ​ភាព​ធន់ ចីរភាព​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ពួកគេ​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​សារៈសំខាន់ និង​ភាពចាំបាច់​នៃ​កិច្ច​សហប្រតិបត្តិ​ការល្អ​ក្នុងចំណោម​រាជធានី​រដ្ឋ​ធានី​អាស៊ាន រដ្ឋបាលខេត្ត ទីក្រុង​​សម្ព័ន្ធមេត្រី និង​បណ្តា​ទីក្រុង​អា​​ស៊ាន​ក្នុងន័យ​ជំរុញ​ឱ្យសម្រេចបាន​ទីក្រុង​ដែល​ឆ្លាត មាន​ភាព​ធន់ និង​ចីរភាព​។​

​វេទិកា និង​កិច្ចប្រជុំ​នេះ​បានចេញ​ឯកសារ​ចំនួន​ ២​ គឺ​សេចក្តីប្រកាស​​រួម​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន​ដែលមាន​ខ្លឹមសារ​ ៦​ ចំណុច និង​សេចក្តីថ្លែងការណ៍​វេទិកា​អភិបាលក្រុង​អាស៊ាន​ឬ​ហៅថា សេចក្ដី ថ្លែងការណ៍​រាជ​ធានី​ភ្នំពេញ​ឆ្នាំ​ ២០២២ ដែលមាន​ខ្លឹមសារ​ចំនួន​ ១២ ​ចំណុច​។​

​លោក ឃួ​ង ស្រេង ថ្លែងថា​៖ «​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ទាំង​ ២​ នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​រួម​របស់​អភិបាល​អភិបាលរង​រាជធានី រដ្ឋធានី ខេត្ត និង​ក្រុង​នៃ​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ក្នុងការ​ពួតដៃគ្នា​បន្តដំណើរ​ទៅមុខ​រួមគ្នា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិត​ស្និទ្ធ​បន្ថែមទៀត ដើម្បី​កសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព សម្រាប់​បម្រើឱ្យ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​រួម​ស្របតាម​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ ​២០២៥ និង​ក្រោយ​ឆ្នាំ​ ២០២៥ ផងដែរ​»​។​

​គេហទំព័រ​ដដែល​បញ្ជា​ក់ថា​រដ្ឋបាល​ក្រុង​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ក្លាយជា​ប្រធាន​ប្តូរ​​វេន​នៃ​កិច្ចប្រជុំ MGMAC និង​វេទិកា AMF នៅ​ឆ្នាំ​ ២០២៣ ដោយបាន​ប្តេជ្ញា​បន្ត​បម្រើ​ជា​យន្តការ​ប្រើប្រាស់​ជា​វេទិកា​ជជែក​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍ ក៏ដូចជា​គំនិត​ផ្តួចផ្តើម និង​ន​វា​នុ​វត្ត​ន៍​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាព​រីកចម្រើន​នៃ​បណ្ដាញ​រដ្ឋ​​បាល​ថ្នាក់ក្រោម​ជាតិ​អាស៊ាន​។​

​លោកស្រី Bernadia Irawati Tjandradewi អគ្គលេខា​ធិ​ការ​សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ និង​វេ​ទិ​​កា​នេះ​ថា កិច្ចពិភាក្សា​រក​ដំណោះ​​ស្រាយ និង​បទពិសោធន៍​ពី​រាជ​ធានី និង​រដ្ឋធានី​ដទៃទៀត​នៅក្នុង​កិច្ចប្រជុំ​ទាំង​ ២ ​នេះ​គឺជា​ធាតុ​ចូលក្នុង​ការពង្រឹង និង​គ្រប់គ្រង​រាជ​ធានី រដ្ឋធានី​អាស៊ាន ដោយមាន​ការគិតគូរ​ដល់​ពលរដ្ឋ​ជាធំ និង​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​។​

​លោកស្រី​ត្រូវបាន​ស្រង់​សម្តី​ចុះផ្សាយ​ក្នុង​គេហទំព័រ​សាលា​ក្រុងភ្នំពេញ​ថា កិច្ចប្រជុំ និង​វេទិកា​នៅថ្ងៃនេះ គឺជា​មូលដ្ឋាន​គ្រឹះ​មួយ សម្រាប់​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នៅក្នុង​តំបន់​អាស៊ាន​។

លោកស្រី​ត្រូវបាន​ស្រង់​សម្តី​ថា​៖ «​កិច្ចការ​នេះ មិនមែនជា​អ្វីដែល​កើតឡើង​នៅក្នុង​ថ្ងៃនេះ ឬ​ម្សិលមិញ​នោះទេ គឺជា​អ្វីដែល​បាន​បន្តម​ករាប់​ឆ្នាំ​មកហើយ ដើម្បី​អាច​ទៅមុខ​រួម​គ្នា ជោគជ័យ​ទាំងអស់គ្នា ដោយ​ត្រូវ​បន្ត​សាមគ្គី​ភាពជា​បន្តទៅទៀត ដើម្បី​អាច​សម្រេចបាន​គោលដៅ ក្នុងការ​បង្កើត​ទីក្រុង​ដែលមាន​ភាព​ឆ្លាត​វៃ មាន​ភាព​ធន់ និង​មាន​និរន្តរភាព​»​។

​លោកស្រី​បាន​សន្យា​នឹង​បន្ត​កិច្ចការ​នេះ​ជាមួយ​អភិ​​បាល​ក្រុង​ឥណ្ឌូនេស៊ី​បន្តទៀត​ដែលជា​ប្រធាន​ប្តូរ​វេន នៅ​ឆ្នាំ ២០២៣ បន្ទាប់ពី​កម្ពុជា ដើម្បី​រួមគ្នា​ធ្វើឱ្យ​ទីក្រុង​ក្នុង​តំបន់​អាស៊ាន​មាន​ភាព​​ឆ្លាត​វៃ​មាន​ភាព​ធន់ និង​និរន្តរភាព​។​

​លោក​ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា គោលដៅ​របស់​កម្ពុជា គឺ​ត​ភ្ជាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ក្រុង​និង​នៅតាម​បណ្តា​ខេត្ត​ឱ្យមាន​ចរី​ភាព បរិ​យា​ប័ន្ន​ដើម្បី​ប្រ​យោ​​ជន៍​ដល់​ប្រជាជន និង​ការអភិវឌ្ឍ​មូលដ្ឋាន​។

​លោក​ថ្លែងថា​៖ «​ការ​គិតគូរ​វែងឆ្ងាយ រៀបចំ​ប្លង់​មេ និង​គោលនយោបាយ​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត​នេះ​គឺត្រូវធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នូវ​បញ្ហា​សង្គម និង​តំបន់​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​ដូចជា​គ្រោះធម្មជាតិ ប​ម្រែ​សម្រួល​អាកាសធាតុ កំណើនប្រជាជន បញ្ហា​សុខុមាលភាព បញ្ហា​បរិ​ស្ថាន​។​ល​។ ដែល​បញ្ហា​ទាំងនេះ​ត្រូវ​ការជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​​មកជា​មួយ​បណ្តា​សមាជិក​អា​-​ស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន​»​។​

​ដោយឡែក​រាជធានី​ភ្នំពេញ និង​រាជធានី​បាងកក ប្រទេស​ថៃ បាន​ឯកភាពគ្នា​បង្កើត​ក្រុម​ការ​​ងារ​បច្ចេកទេស​មួយ ដើម្បី​រៀបចំ​ផែនការ​រួមគ្នា​ធ្វើឱ្យ​ទីក្រុង​ទាំង​ ២ ​មានការ​អភិវឌ្ឍ រីកចម្រើន ពិសេស​រួមគ្នា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។​ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ឃួ​ង​ ស្រេង និង​លោក Chadchart Sittipunt អភិបាល​រាជធានី​បាងកក នៅ​ល្ងាច​ថ្ងៃទី​ ២ ខែធ្នូ​។​

​លោក Sittipun ​ត្រូវបាន​ស្រង់​សម្តី​មក​ចុះផ្សាយ​ក្នុង​គេហទំព័រ​សាលាក្រុង​ភ្នំពេញ​នា​ថ្ងៃទី​ ៣ ថា​៖ «​ក្នុងនាម​ជា​ប្រទេសជិតខាង​ភូមិ​ផង​របង​ជាមួយគ្នា ត្រូវ​ទំនាក់​ទំនង​ការងារ​ជាមួយគ្នា​ឱ្យបាន​ល្អ ដោយ​យើង​នឹង​បង្កើតជា​ក្រុម​ការងារ​មួយ​ដើម្បី​ទាក់ទង​គ្នា​ធ្វើ​ការ ជាមួយគ្នា​ឱ្យបាន​ល្អ​ពិសេស​គឺ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ទីក្រុង​ទាំង​ ២ ពាក់ព័ន្ធ​បញ្ហា​ប្រឈម​សំរាម ការកកស្ទះ​ចរាចរណ៍ និង​ការ​ជំរុញ​ជើងហោះហើរ​ត្រង់​ពី​ភ្នំ​​ពេញ​ទៅ​បាងកក​ជាដើម​»​។​

​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​វៀង​​ចន្ទន៍ ប្រទេស​ឡាវ ក៏បាន​ឯកភាពគ្នា​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​ដែរ​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​ប្រ​ជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២​ ដែល​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​កាលពី​ថ្ងៃទី​ ៣ ​ធ្នូ រវាង​លោក ឃួ​ង ស្រេង និង​លោក Atsaphangthong Siphandone អភិបាល​រដ្ឋធានី​វៀងចន្ទន៍ នៅ​ទីក្រុង​ភ្នំពេញ​។​

​លោក Siphandone ត្រូវបាន​ស្រង់​សម្ដី​មក​ចុះផ្សាយ​ក្នុង​គេហទំព័រ​សាលាក្រុង​ភ្នំពេញ​នា​ថ្ងៃទី​ ៤ ខែធ្នូ ថា លោក​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ទាំង​ ២​ កាន់​​តែ​ល្អប្រសើរ​ថែមទៀត​ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំង ២ ខណៈ​ភាគី​ទាំង​ ២​ បាន​ឯកភាពគ្នា​ផ្លាស់ប្ដូរ​និស្សិត​អាហា​​រូបករណ៍​ទៅ​សិក្សា​រវាង​ទីក្រុង​ទាំង​ ២ ​ទៅវិញទៅមក​៕