ភ្នំពេញៈ រយៈពេល​ ១១ ខែ ឆ្នាំ ២០២២ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងសាំង​ជិត​ ១​ ពាន់​កន្លែង មិន​អនុលោម​តាមច្បាប់ ខណៈ​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មាន​សារធាតុ​គីមី​ហាមឃាត់ និង​ផុត​រយៈពេល​ប្រើប្រាស់​ទូទាំង​​ប្រទេស​បាន​ជាង​ ២៣ ​តោន​។​

​របាយការណ៍ កប​ប ដែល​ទទួលបាន​កាលពី​ថ្ងៃទី ៤ ធ្នូ ឱ្យដឹងថា ក្នុង​រយៈពេល​ ១១ ខែ​ឆ្នាំ ២០២២ អគ្គនាយកដ្ឋាន កប​ប បាន​ប្រមូល​ផលិតផល​ម្ហូបអាហារ ដែលមាន​ភាពមិន​អនុលោម​សរុប​ជាង​ ២៣ តោន​ពី​តាម​បណ្តា​ទីផ្សារ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​នៅ​ទូទាំងប្រទេស ដើម្បី​កម្ទេចចោល​។

រ​បាយ​ការណ៍ បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ១១ ​ខែ​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​រកឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព មាន​សារ​ធាតុគីមី​ហាមឃាត់ និង​ផុត​រយៈពេល​ប្រើប្រាស់​បាន​ចំនួន​ ២៣​ តោន​និង​ ៦១១ គ​.​ក​។ ទំនិញ​ដែល​រឹបអូស​បាន​ត្រូវបានធ្វើ​ពិធី​បំផ្លាញចោល​នៅតាម​បណ្តា​សាខា ក​.​ប​.​ប រាជ​​ធានី ខេត្ត​ទៅតាម​ស្ថានភាព និង​ពេលវេលា​ជាក់ស្តែង ដែល​កំណត់ដោយ​សាខា​នីមួយៗ​»​។​

​ជាមួយនឹង​ការដកហូត​នេះ កប​ប បានឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល ​១១ ខែ​នេះដែរ មន្ត្រី កប​ប បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេងសាំង​ចំនួន​ ៣ ៦១២ កន្លែង​ទូទាំងប្រទេស ដោយ​ក្នុង​នោះបាន​រកឃើញ​ភាពមិន​អនុលោម​ចំនួន​ ៩៦៥ ​ស្ថានីយ​/​ដេប៉ូ​។

កប​ប ថា​៖ «​ស្ថានីយ​/​ដេប៉ូ​ប្រេងសាំង​ទាំង​​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​​ព្រមាន និង​ពិន័យ​អន្តរការណ៍​ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ អ្នកប្រើប្រាស់ និង​ឯកសារ​គតិយុត្ត​ជា​ធរមាន​។ ក្នុងករណី​មិន​រាងចាល ម្ចាស់​ដេប៉ូ​ទាំងនោះ​នឹងត្រូវ​ប្រឈម​នឹង​ការព្យួរ ដកហូត ឬ​លុបចោល​វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម​»​។​

​លោក ផាន អូន ប្រតិភូ​រាជ​រដ្ឋា​​ភិ​បាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ធ្នូ ថា រហូតមកដល់​ពេលនេះ ទំនិញ​ក្លែងក្លាយ​នៅតែមាន​ចរាចរ​លើ​ទីផ្សារ ហើយ​ការរកស៊ី​មិន​សុចរិត នៅតែ​រកឃើញ​មាន​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេងសាំង​ទូទាំងប្រទេស​។ កត្តា​ដែល​បណ្តាលឱ្យ​បទល្មើស​នេះ​នៅតែ​បន្ត​កើតមាន ព្រោះតែ​កត្តា​ច្បាប់ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ទើបតែ​ចាប់ផ្តើម​ក្នុងពេល​ខ្លី បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​។

​លោក​បន្តថា​៖ «​ការយល់ដឹង​ពាក់ព័ន្ធ​នឹង​ទំនិញ និង​សិទ្ធិអំណាច​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែល​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ទទួលបាន​នៅមានកម្រិត​។ ប្រ​​ជា​ពលរដ្ឋ​កម្ពុ​ជាមាន​កម្រិត​ជីវ​ភាពក្រីក្រ​ងាយស្រួល​នឹង​ទទួល​ការបោក​បញ្ឆោត​របស់​អា​ជីវ​ករ​ខិលខូច​មួយចំនួន​»​។

​ដើម្បី​កាត់​​បន្ថយ​បាន​នូវ​ចរាចរណ៍​ទំនិញ​ក្លែងក្លាយ រំលោភ​កម្មសិទ្ធិបញ្ញា លោក ផាន អូន បាន​អះអាងថា អគ្គនាយកដ្ឋាន ក​.​ប​.​ប បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ជាច្រើន ដើម្បី​បង្កើន​សកម្ម​ភាព​ត្រួតពិនិត្យ ស៊ើបអង្កេត​តាម​បណ្តា​ផ្សារ ឃ្លាំង​ស្តុក និង​ទីតាំង​ផ្សេងទៀត និង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​បុគ្គល​ប្រព្រឹត្តល្មើស​។

​លោក​ថ្លែងថា​៖ «​នឹង​បន្ត​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ផលិតករ អាជីវករ តាម​គ្រប់​មធ្យោបាយ​។ យើង​នឹង​ចុះ​ផ្សព្វផ្សាយ​បន្ថែមទៀត​ពាក់​ព័ន្ធ​នឹង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់​​គ្រង​ការផ្សាយពាណិជ្ជកម្ម​លើ​ផលិតផល​ទំនិញ និង​សេវា ព្រោះ​ប្រមុខ​ថ្នាក់ដឹកនាំ​លោក​បាន​ចុះហត្ថលេខា​ហើយ​។ យើង​ត្រូវអនុវត្ត ហើយ​យើង​នឹងមាន​ការផ្សព្វផ្សាយ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត​»​។​

​កាលពី​ថ្ងៃទី​ ៤ វិច្ឆិកា​ឆ្នាំ ២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយ​ពា​​ណិ​ជ្ជ​កម្ម​លើ​ផលិតផល​ទំនិញ និង​សេវា ដែលមាន ២៣ មាត្រា និង​ ៧ ជំពូក ហើយ​អនុក្រឹត្យ​នេះ មាន​គោលបំណង​ដើម្បី​ការពារ​អ្នកប្រើប្រាស់​និង​ជំរុញឱ្យមាន​ការ​​ប្រកួតប្រជែង​ដោយ​សុចរិត​៕​