ភ្នំពេញៈ កម្ពុជា​និង​ស្លូ​វ៉ា​គី បានបង្ហាញ​ពី​ជំហរ​ការទូត​ស្របគ្នា​ច្រើន​និង​មាន​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី បន្ទាប់ពី​មាន​ជំនួប​ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​រួច ខណៈ​អ្នកជំនាញ​យល់ថា ភាគី​ទាំង​២​ត្រូវការ​សំឡេងគាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ​ក្នុងនាម​ជា​ប្រទេស​តូច នៅ​ចំពោះ​មុខការ​ប្រណាំងប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​។​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​រប​ទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ បានឱ្យដឹងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​២ រវាង​កម្ពុជា​និង​ស្លូ​វ៉ា​គី នៅ​រដ្ឋធានី​ប្រា​ទី​ស្លា​វ៉ា​បានបង្ហាញ​ពី​ជំហរ​គាំទ្រ​និង​ស្របគ្នា​លើ​បញ្ហា​ទំនាក់ទំនង​ការទូត ជាពិសេស​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​នៃ​ការទូត​ប្រទេស​រៀងៗ​ខ្លួន​មុន​ជំនួប​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣ នៅ​រាជធានី​ភ្នំពេញ នាពេលខាងមុខ​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​បញ្ជាក់ថា ភាគី​កម្ពុជា​និង​ស្លូ​វ៉ា​គី បាន​ពិភាក្សាគ្នា​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ សង្គ្រាម​នៃ​ផ្នែក​ខ្លះ​ក្នុង​តំបន់​អឺរ៉ុប ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​រៀងខ្លួន​។

ក្នុងនោះ លោកស្រី​អ៊ី​ន​ហ្គ្រី​ត ប្រូ​ក​ខូ​វ៉ា រដ្ឋលេខាធិការ​ក្រសួងការបរទេស​ស្លូ​វ៉ា​គី បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ការចាក់​វ៉ាក់សាំង និង​វិធាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​១៩ កន្លងទៅ និង​លោកស្រី​បានបង្ហាញ​ក្តីបារម្ភ​របស់​ស្លូ​វ៉ា​គី​ចំពោះ​វិបត្តិ​វិស័យ​សន្តិសុខ​នៅ​តំបន់​អឺរ៉ុប​ប្រាប់​ដល់​ភាគី​កម្ពុជា​ផង​។​

ពី​ភាគី​កម្ពុជា​វិញ លោក​ចែម វី​ឌ្យ៉ា រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់ឱ្យដឹង​ផងដែរ​ពី​កិច្ច​ការដែល​កម្ពុជា​បាន​បំពេញ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​មូលបទ «​អាស៊ាន​រួមគ្នា​ធ្វើ​៖​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​»​ដែល​កម្ពុជា​សម្រេចបាន​ជាពិសេស កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​កន្លងទៅ ប្រាប់​ទៅដល់​ភាគី​ស្លូ​វ៉ា​គី​។

ជាមួយគ្នានេះ លោកស្រី អ៊ី​ន​ហ្គ្រី​ត ប្រូ​ក​ខូ​វ៉ា បានលើកឡើង​ពី​វិបត្តិ​ដែល​ស្លូ​វ៉ា​គី​កំពុង​ប្រឈម​តាមរយៈ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ថា​៖ «​បច្ចុប្បន្ន ស្លូ​វ៉ា​គី​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​នៃ​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន និង​រំហូរ​ជនភៀសខ្លួន​ជា​បន្តបន្ទាប់​»​។

ទន្ទឹមនឹងនោះ លោកស្រី បាន​ថ្លែងអំណរគុណ​ដល់​ជំហរ​រឹងមាំ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ផងដែរ​។

ជុំវិញ​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប ភាគី​ទាំង​២​បាន​យល់​ស្របគ្នា​ថា ទស្សន​:​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរ៉ុប គួរតែ​បំពេញបន្ថែម​ឱ្យ​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ ចំពោះ​ការប្រណាំង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​វិញ ភាគី​ទាំង​២​បាន​យល់​ស្របគ្នា​ថា ការប្រកួតប្រជែង​អំណាច​បាន​បញ្ចេញ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ប្រទេស​តូចៗ​ដូចជា កម្ពុជា និង​ស្លូ​វ៉ា​គី​។

ក្នុងន័យនេះ ភាគី​ទាំង​២​ជឿជាក់ថា វា​ចាំបាច់​ណាស់​ក្នុង​ការគោរព​ច្បាប់​អន្តរជាតិ និង​ពហុភាគី​និយម ក្រោម​ឆត្រ​របស់​ស្ថាប័ន​អន្តរជាតិ ដូចជា​អង្គការសហប្រជាជាតិ អាស៊ាន និង​សហភាព​អឺរ៉ុប​។​

ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ភាគី​ទាំង​២​បាន​ប្តេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប្រកបដោយ​សក្តានុពល តាមរយៈ​ការផ្លាស់ប្តូរ​គណៈប្រតិភូ​ធុរកិច្ច រួមទាំង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២ និង​បន្ត​ពង្រីក​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​អង្គការ​អន្តរជាតិ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់ យល់ថា នៅក្នុង​បរិបទ​មួយ​ដែល​ពិភពលោក​កំពុង​ពើបប្រទះ​នូវ​ការកើនឡើង​ការប្រណាំង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្លុក​ប្រជាធិបតេយ្យ និង​មិន​ប្រជាធិបតេយ្យ​នេះ ការធ្វើ​ពិពិធ​កម្ម​ការទូត​រវាង​ប្រទេស​តូចៗ ដូចជា​កម្ពុជា និង​ស្លូ​វ៉ា​គី​នេះ គឺជា​ភាពចាំបាច់​មួយ​មិនអាច​ខ្វះ​បាន​ក្នុង​ការបង្ហាញ​ការគាំទ្រ​ដល់​គ្នា​លើ​ឆាក​អន្តរជាតិ​។​

លោក​ថា ជាពិសេស​គាំទ្រ​លើ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស និង​ការប្រើ​កម្លាំងយោធា​ឈ្លានពាន​ប្រទេស​ដទៃ ដោយហេតុ​ទាំង​ស្លូ​វ៉ា​គី និង​កម្ពុជា សុទ្ធតែជា​ប្រទេស​ដែល​ធ្លាប់​ទទួលរង​មេរៀន​ពី​សង្គ្រាម​ក្នុង​អតីតកាល ដោយសារ​ការ​លូកដៃ​របស់​ប្រទេស​ខាងក្រៅ​។​

លោក​សេង វណ្ណ​លី បាន​គូសបញ្ជាក់​ពី​ការ​សម្លឹង​ឃើញ​ផលប្រយោជន៍​ពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ស្លូ​វ៉ា​គី ដូច្នេះ​ថា​៖ «​ក្រៅពី​កិច្ចពង្រឹង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​ហើយ ខ្ញុំ​យល់ថា ប្រទេស​ទាំង​២​បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការរួម​គ្នា​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាកនយោបាយ​អន្តរជាតិ ព្រោះ​ជាទូទៅ​ប្រទេស​តូចៗ​នឹងរង​គ្រោះ​នៅ​ខណៈ​ការ​ប្រណាំងប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ផុយស្រួយ​»​។

សាស្ត្រាចារ្យ​ទំនាក់​ទំ​ង​អន្តរជាតិ​រូបនេះ សង្កត់ធ្ងន់ថា ស្លូ​វ៉ា​គី​ដែលជា​សមាជិក​ថ្មី​របស់​សហភាព​អឺរ៉ុប កំពុង​សម្លឹងមើល​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្រៅ​តំបន់​តាមរយៈ​យន្តការ​របស់​សហភាព​អឺរ៉ុប ដែល​ខ្លួន​កំពុង​សម្លឹងមើល​ទីផ្សារ​អាស៊ាន ដែលនាំឱ្យ​មានការ​ធ្វើ​ពិពិធ​កម្ម​លើ​ការដោះដូរ​ពាណិជ្ជកម្ម ការវិនិយោគ​ជាមួយ​ក​ម្ពុ​ជា​ជាដើម​នេះ ជាការ​ចាំបាច់ ខណៈ​កម្ពុជា​ត្រូវការ​សំឡេង​របស់​ស្លូ​វ៉ា​គី ដើម្បី​គាំទ្រ​ខ្លួន​នៅក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប​ដូចគ្នា​។​

សូម​បញ្ជាក់ដែរថា នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បញ្ជូន​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក​ចែម វី​ឌ្យ៉ា រដ្ឋលេខាធិការ​ក្រសួងការបរទេស ទៅធ្វើ​ជំ​នូ​ប​ពិភាក្សា​ទ្វេភាគី​ជា​លើក​ទី​២ ជាមួយ​ក្រសួងការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​នៅ​រដ្ឋធានី​ប្រា​ទី​ស្លា​វ៉ា ប្រទេស​ស្លូ​វ៉ា​គី និង​បាន​បាន​ឯកភាពគ្នា​ថា កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣ នឹងធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នាពេលខាងមុខ​៕