ភ្នំពេញៈ នៅ​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា​បច្ចុប្បន្ន ​មាន​ស្វាព្រាម​ប្រភេទ​កម្រជិត​ផុតពូជ ​មាន​ច្រើន​ជាង​ ៣ ០០០ ​ក្បាល​ ដែល​ចំនួន​ច្រើន​នេះ​ហើយ ​ដោយសារ​តែ​កត្តា​អំណោយ​ផល ​ហើយ​កម្ពុជា​ត្រូវបាន​គេដឹង​ថា ​នៅ​មាន​វត្តមាន​ស្វា​ព្រាម​ជា​ច្រើន​បង្គួរ​ទៀត ​នៅ​តំបន់​ការពារ​ធម្មជាតិ។ នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន។

លោក​នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹងថា ​យោងតាម​ការសិក្សា ​ស្វាព្រាម​មាន​ចំនួន​ច្រើន​ជាង ​៣ ០០០ក្បាល ​នា​ពេលបច្ចុប្បន្ន​ ខណៈ​ចំនួន​ស្វាព្រាម​នៅលើ​ពិភពលោក​ មាន​និន្នាការ​ថយ​ចុះ​ប្រមាណ ​៥០%។

លោក​បាន​បញ្ជាក់ថា​៖«វត្ដមាន​ស្វាព្រាម​នេះ​ភាគច្រើន​មាន​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ​ដូចជា ​ដែនជម្រក​សត្វ​ព្រៃ​កែវសីមា ​លំផាត់ ​និង​ស្រែពក​។ ពួកវា​ចូលចិត្ដ​រស់នៅ​តាម​តំបន់​ទន្លេ ​និង​ព្រែក​ ដូចជា​ទន្លេ​សេកុង ​និង​ស្រែពក​ជាដើម»។

មុខងារ​១​ក្នុង​ចំណោម​មុខងារ​ផ្សេងៗ​របស់​ស្វាព្រាម​នេះ ​គឺ​វា​ជា​សត្វ​ស៊ី​ផ្លែឈើ ​ស្លឹកឈើ​។ ដូច្នេះ​វា ​គឺជា​ភ្នាក់ងារ​១ ​ក្នុង​ការនាំ​គ្រាប់ពូជ​រុក្ខជាតិ ​ពី​ ១កន្លែង​ ទៅ​ ១​កន្លែង ​ពី​តំបន់​១ ​ទៅ​ តំបន់​១ ​ដើម្បី​អាចឱ្យ​រុក្ខជាតិ ​ព្រៃឈើ​អាច​បន្ត​ដុះ​លូតលាស់​បាន​។ នេះ​បើ​តាម​លោក​នេត្រ ភក្ត្រា ​បញ្ជាក់។

ស្វា​ព្រាម​(Trachypithecusgermaini) ​ឈ្មោះ​អង់គ្លេស​៖ Silvered Langur ​មាន​សម្បុរ​ខ្មៅ​ប្រផេះ​ពាស​ពេញ​លើ​ដង​ខ្លួន​ ហើយ​ផ្ទៃមុខ​មាន​ពណ៌​ខ្មៅ​គ្មាន​រង្វង់​កងព័ទ្ធ​ជុំវិញ​ភ្នែក​ទេ។ ផ្នែក​ច្រមុះ ​និង​មាត់​មាន​ពណ៌​ស-​ប្រផេះ។

លោក​នេត្រ ភក្ត្រា ​ឱ្យដឹងថា ​ស្វាព្រាម​ មាន​ដុះ​កញ្ចុំ​ពុកមាត់​វែង​ព័ទ្ធ​ជុំវិញ​ផ្ទៃមុខ​ស្ទើរតែ​លុប​បាត់​ត្រចៀក​។ កូន​ស្វា​តូច​មាន​ពណ៌​ទឹកក្រូច​ខ្ចី ​មាន​ប្រអប់ដៃ ​និង​ប្រអប់​ជើង​ពណ៌ខ្មៅ ​និង​គ្មាន​រោម​កញ្ចុំ​នៅលើ​ក្បាល​ដូច​ស្វា​ចាស់​ទេ។

សត្វ​ប្រភេទ​នេះ ​ត្រូវបាន​គេ​ប្រទះឃើញ​វត្តមាន​នៅ​ព្រៃ​ស្រោង ​ព្រៃ​ពាក់​កណ្តាល​ស្រោង ​និង​តំបន់​ឆ្នេរ​ព្រៃ​កោងកាង​ តំបន់​ព្រៃ​លិច​ទឹក។ ចំណី​អាហារ​របស់​វា ​មាន​ដូចជា ​ត្រួយ​ឈើ ​មើម ​ផ្លែឈើ​ខ្ចី​(ផ្លែ​កកោះ​ ត្រសេក) ​ផ្កា ​និង​សត្វ​ល្អិត​ផង​ដែរ។ ស្វា​ព្រាម​ ចុះ​ក្នុង​បញ្ជី​ក្រហម​ IUCN (EN) ​ជា​ប្រភេទ​កំពុង​រងគ្រោះ​ថ្នាក់​ជិត​ផុត​ពូជ។

ដោយ​ឡែក ​នៅ​ប្រទេស​កម្ពុជា ​ក៏​មាន​ប្រភេទ​ស្វាក្តាម ​ផងដែរ ​ដែល​នៅ​ស្ទើរតែ​ទូទាំង​តំបន់​នៃ​ប្រទេស​នេះ។ នេះ​បើ​យោងតាម​ក្រសួ​ងបរិស្ថាន។

ស្វា​ក្តាម ​(Macaca fascicularis ) ​ឈ្មោះ​អង់គ្លេស​ ៖ Common Long-tailed Macaque។ ស្វា​ក្តាម​អាច​ផ្លាស់​ប្តូរ​ពណ៌​ពី​ដំណាក់​កាល​សំខាន់ៗ ​ពី​ពណ៌​ប្រផេះ​លាយត្នោត​ និង​ពណ៌ក្រហម​ភ្លឺ។ ចំពោះ​ការផ្លាស់ប្តូរ​ពណ៌​នេះ​មាន​ការប្រែប្រួល​ទៅ​តាម​អាយុ ​ភេទ ​និង​ទីតាំង​រស់នៅ​របស់​វា។ ស្វា​ក្តាម​មាន​កន្ទុយ​វែង​ជាង​គេ​ក្នុង​ចំណោម​ប្រភេទ​ស្វា​នានា​នៅ​ទ្វីប​អាស៊ី។

ក្រសួង​បាន​លើកឡើង​ថា ​ស្វា​ក្តាម​រស់នៅ​ក្នុង​តំបន់​ព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ​ក្នុង​នោះ ​រួមមាន​ ព្រៃ​ស្រោង ​ព្រៃពាក់​កណ្តាល​ស្រោង ​ព្រៃឫស្សី ​តំបន់​វាលភក់ ​ព្រៃ​លិចទឹក ​ព្រៃ​កោងកាង ​ឆ្នេរខ្សាច់ ​និង​តាម​ឆ្នេរកោះ ​ជាដើម។ ចំណី​របស់​វា ​រួមមាន ​ក្តាម ​បង្កង ​ខ្យង ​ ខ្ចៅ ​គ្រំ ​លៀស ​ងាវ ​សត្វល្អិត ​ផ្លែឈើ ​និង​ត្រួយ​ឈើ​ជាដើម។ ប្រភេទ​នេះ​មាន​ស្ទើរតែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា៕