ភ្នំពេញៈ បណ្ណាល័យ​កំពង់ស្ពឺ នឹង​ផ្តួចផ្ដើម​គម្រោង​យុទ្ធនាការ​លើកកម្ពស់​កា​រអា​ន​ជា​សាធារណៈ ដែលមាន​ឈ្មោះថា សៀវភៅ​១ សហគមន៍​១ រយៈពេល​៣​ថ្ងៃ ដើម្បី​លើកកម្ពស់​ការអាន និង​ការប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ឱ្យ​កាន់តែ​ប្រសើរឡើង មុនពេល​យុទ្ធនាការ​នេះ បន្តសកម្មភាព​បន្តបន្ទាប់​ទៅ​ខេត្ត​-​ក្រុង​ដទៃទៀត​ទូទាំងប្រទេស​។​

គម្រោង​យុទ្ធនាការ​លើកកម្ពស់​កា​រអា​ន​ជា​សាធារណៈ ដែលមាន​ឈ្មោះថា សៀវភៅ​១ សហគមន៍​១ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣-១៥ ខែមករា ឆ្នាំ​២០២៣ សហការ​ជាមួយ​ក្រុមការងារ Riel Tiger Solutions Co.,LTD បណ្ណាល័យ​បញ្ញវន្ត Business Record និង​ដៃគូ​សហការ​មួយចំនួនទៀត​។​

បណ្ណាល័យ​ខេត្តកំពង់ស្ពឺ បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចម្បង រួមគ្នា​លើកកម្ពស់​ការអាន​នៅតាម​សហគមន៍ តាមរយៈ​ការចែករំលែក​នូវ​ទស្ស​ន​ទាន​និង​បទពិសោធន៍​ល្អៗ អំពី​គន្លឹះ​ជោគជ័យ​ក្នុងការ​សិក្សា និង​សារៈសំខាន់​នៃ​ការអាន គន្លង​អាជីព និង​ការរៀបចំ​ផែនការ​ជីវិត​ដោយ​វាគ្មិន​ជា​ថ្នាក់ដឹកនាំ និង​ជា​អ្នកជំរុញ​ទឹកចិត្ត​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា​។​

សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា​៖« កម្មវិធី​រយៈពេល​៣​ថ្ងៃនេះ ក៏​នឹងមាន​ការចែក​សៀវភៅអាន​ជូន​សាធារណជន​ដោយ​ឥតគិតថ្លៃ និង​ការ​ផ្តល់ឱកាស​ឱ្យ​អ្នកអាន​ទាំងអស់ បានបង្ហាញ​សមត្ថភាព​ចូលរួម​ប្រកួតប្រជែង​អំ​ណាន​ជា​សាធារណៈ​ទៀតផង​»​។​

លោក សឿង សារ៉ាន់ ប្រធាន​បណ្ណាល័យ​កំពង់ស្ពឺ បាន​និយាយថា សម្រាប់​បេក្ខជន ជើងឯក​ជយលាភី​ផ្នែក​អំ​ណាន​ប្រចាំ​ប្រទេស នឹង​ទទួលបាន​ឱកាស​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ លើសពីនេះ​ទៀត​កម្មវិធី​ដ៏​កម្រ និង​លើកដំបូង​នេះ​នឹង​ផ្ដល់ឱកាស​ឱ្យ​អ្នក​ចូលចិត្ត​អាន​អាច​ស្វែងរក​សៀវភៅអាន និង​ស្នាដៃ​នានា​ដ៏​សម្បូរបែប​នៅក្នុង​កម្មវិធី​ពិព័រណ៍​និង​ផ្សារណាត់​សៀវភៅ​ផងដែរ ។

លោក បាន​បញ្ជាក់ថា​៖«​កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម ដំណើរការ​ដំបូង​នៅ​បណ្ណាល័យ​កំពង់ស្ពឺ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣, ១៤, ១៥ (​សុក្រ សៅរ៍ អាទិត្យ​) ខែមករា ឆ្នាំ​២០២៣ មុននឹង​បន្តសកម្មភាព​បន្តបន្ទាប់​ទៅ​ខេត្ត​ក្រុង​ដទៃទៀត​ទូទាំងប្រទេស​»​។​

ជាមួយគ្នានេះ លោក សឿន សារ៉ាន់ បាន​អំពាវនាវ​ដល់​សា្ថ​ប័ន​សាធារណៈ និង​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់ មជ្ឈដ្ឋាន​នៃ​ខេត្តកំពង់ស្ពឺ ព្រមទាំង​សិស្សានុសិស្ស​គ្រប់​ភូមិ​សិក្សា ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ឱ្យបាន​ច្រើន​កុះករ ក្នុង​ស្មារតី​រួមចំណែក​លើកកម្ពស់​ទម្លាប់​អាន និង​ការសិក្សា​ស្វែងយល់​នូវ​គន្លឹះ​សំខាន់ៗ​សម្រាប់​ដុសខាត់​សតិបញ្ញា និង​ផ្នត់គំនិត ដែលជា​មូលដ្ឋាន​ក្នុង​ការកសាង​សមត្ថភាព​ប្រកបដោយ​សក្តានុពល ឈានទៅ​សម្រេច​ផែនការ​ជីវិត​ដ៏​ប្រសើរ​នៅពេល​អនាគត និង​ស្វែងរក​ឱកាស​បង្ហាញ​សមត្ថភាព​នាំយក​ស្នាដៃ និង​កិត្តិយស ជូន​ទឹកដី​មាតុភូមិ​របស់​យើង​។

យុទ្ធនាការ​សៀវភៅ​១​សហគមន៍​១ គឺជា​គម្រោង​ដែល​បង្កើតឡើង​ដើម្បី​លើកកម្ពស់​វិស័យ​អំ​ណាន​ទៅដល់​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​៥ គឺ​ការប្រកួតប្រជែង​ការអាន ការចែក​សៀវភៅ បណ្ណាល័យ​ចល័ត ការអភិវឌ្ឍ​បណ្ណាល័យ និង​ផ្សារណាត់ ហើយ​គម្រោង​នេះ នឹងដាក់​ឱ្យ​ដំណើរការ​រយៈពេល ២៥​ខែ ចាប់ផ្តើម​ពី​ខែកុម្ភៈ ឆ្នាំ​២០២៣ ដល់​ខែមករា ឆ្នាំ​២០២៤​។ នេះ​បើតាម​លិខិត​ប្រកាស​របស់​គម្រោង​យុទ្ធនាការ​សៀវភៅ ១ សហគមន៍​។​

លោក សុខ ឡាក់ សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត និង​ជា​សហ​ស្ថាបនិក​យុទ្ធនាការ​សៀវភៅ​១ សហគមន៍​១ បាន​និយាយថា បណ្ណាល័យ​កំពង់ស្ពឺ គឺ​ទីតាំង​ដំបូង​គេ ដែល​គម្រោង​សៀវភៅ​១ សហគមន៍​១ នឹង​អនុវត្ត ដើម្បី​ឈាន​អនុវត្ត​គម្រោង​នេះ​ជា​បន្តបន្ទាប់​ឱ្យ​គ្រប់​២៥ រាជធានី​-​ខេត្ត​។​

លោក បាន​បញ្ជាក់ថា​៖ «​គម្រោង​របស់ខ្លួន នឹងចូលរួម​ជំរុញ​ឱ្យ​ស្ថាប័ន​មួយចំនួន​ទទួលយក​វប្បធម៌​អាន និង​ចំណេះដឹង​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ ខណៈ​សៀវភៅ ២៥ ០០០ ក្បាល និង​បណ្ណាល័យ​ចំនួន​២៥ ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​ទៅដល់​អ្នកអាន​ចន្លោះ​ពី​៥​ម៉ឺន ទៅ​៧​ម៉ឺន​នាក់​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​»​។​

យោងតាម​ការស្ទង់មតិ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា មាន​អត្រា​អក្ខរកម្ម​ទាប​បំផុត​ទី​២ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់ពី​ប្រទេស​ឡាវ និង​ប្រហែល​២៩​ភាគរយ នៃ​ប្រជាជន​សរុប គឺ​ខ្វះ​ជំនាញ​អាន និង​សរសេរ​ជា​មូលដ្ឋាន​។ ចំណែក​ការរកឃើញ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​យុវជន​ជាតិ (NYDC 2021) នៅ​កម្ពុជា​បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេស​ដែលមាន​យុវជន ៣២​ភាគរយ​ដែលមាន​អាយុ​ពី​១០ ដល់ ២៤​ឆ្នាំ និង ៧១​ភាគរយ​នៃ​យុវជន​មិនបាន​សិក្សា​ជា​ផ្លូវការ​៕