ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា យូ​នី​សេ​ហ្វ និង​ដៃគូ​នានា ចូលរួម​សិក្ខាសាលា​លើកទី១ដើម្បី​ដោះស្រាយ​ហានិភ័យ​បរិស្ថាន​មកលើ​សុខភាព​ដែល​កំពុង​កើនឡើង​ចំពោះ​កុមារ ដែល​ហានិភ័យ​ទាំងនោះ​មានដូចជា​ការបំពុល​ខ្យល់ ការរង​ឥទ្ធិពល​ពី​កាកសំណល់ និង​សម្ភារ​ដែលមាន​ជាតិពុល និង​គ្រោះថ្នាក់​សុខភាព​ពី​បរិស្ថាន ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែធ្នូ របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ក្រសួង​ចំនួន​១៨ បាន​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​សិក្ខាសាលា​បច្ចេកទេស១ ដែល​បាន​រៀបចំឡើង​នៅក្នុង​សប្ដាហ៍​មុន​នៅក្នុង​ខេត្ត​កំពង់ចាម ក្រោម​ការគាំទ្រ​ពី​យូ​នី​សេ​ហ្វ​។

គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ផ្ដួចផ្ដើម​ឲ្យ​មាន​វិធានការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ហានិភ័យ​បរិស្ថាន​មកលើ​សុខភាព​ដែល​កំពុង​កើនឡើង​ចំពោះ​កុមារ ដែល​ហានិភ័យ​ទាំងនេះ​មានដូចជា​ការបំពុល​ខ្យល់ ការរង​ឥទ្ធិពល​ពី​កាកសំណល់ និង​សម្ភារ​ដែលមាន​ជាតិពុល និង​គ្រោះថ្នាក់​សុខភាព​ពី​បរិស្ថាន ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួងសុខាភិបាល លោក​ កុល ហេ​រ៉ូ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា បរិស្ថាន និង​អាកាសធាតុ​គឺជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល ដោយសារ​បញ្ហា​ទាំង២នេះ​កំពុងតែ​បង្ក​នូវ​ផលប៉ះពាល់​កាន់តែ​ច្រើនឡើងៗ​ដល់​ប្រជាជន និង​កុមារ​។

លោក​ថ្លែងថា៖ «​សិក្ខាសាលា​នេះ​គឺជា​ជំហាន​មួយ​ឆ្ពោះទៅមុខ​ដ៏​សំខាន់ ដោយបាន​ស្នើសុំ​ដល់ដៃ​គូ​នានា​ឲ្យ​គិតគូរ​មែនទែន​ទៅលើ​ស្ថានភាព​នេះ និង​កំណត់​នូវ​វិស័យ​ដែល​ត្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត ដែល​ចាំបាច់​សម្រាប់​ការតាក់តែង​គោលនយោបាយ​នៅក្នុង​វិស័យនេះ​»​។​

លោក​កុល ហេ​រ៉ូ ថ្លែងថា នៅក្នុងសិក្ខាសាលានោះក៏បាន​ពិភាក្សា​អំពី​គោលនយោបាយ​ដែលមាន​ស្រាប់​ផងដែរ ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​សុខភាព​សាធារណៈ ហើយ​​ក៏បាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​បង្កើន​ចំណេះដឹង​ស្ដីពី​ហានិភ័យ សុខភាព​បង្កឡើង​ដោយ​បរិស្ថាន ក្នុង​គោលបំណង​តម្រង់ផ្លូវ​សម្រាប់​ការចាត់វិធានការ​នាពេល​ខាងមុខ​។

ក្នុង​សិក្ខាសាលា​នោះដែរ អង្គការ​យូ​នី​សេ​ហ្វ​បានធ្វើ​បទ​បង្ហាញ​អំពី​សារៈសំខាន់​នៃ​បរិស្ថាន​ដែល​ប្រកបដោយ​សុខភាព​សម្រាប់​កុមារ និង​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការឈានទៅរក​ប្រព័ន្ធ​សុខភាព ការអប់រំ ទឹក និង​អនាម័យ ដែល​ធន់​នឹង​អាកាសធាតុ​។​

លោក​អានៀរ​បាន ឆា​តឺ​រ​ជី តំណាង​ស្តីទី​នៃ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ក៏បាន​ថ្លែងថា​៖ «​សិទ្ធិ​ទទួលបាន​សុខភាព​ល្អ និង​ការអភិវឌ្ឍ​គឺជា​សិទ្ធិ​មួយ​ក្នុងចំណោម​សិទ្ធិ​មូលដ្ឋាន​បំផុត​របស់​កុមារ​»​។

លោក​បាន​បន្តថា នៅពេលនេះ ទាំងអស់គ្នា​មកជួបជុំ​គ្នា​ដើម្បី​ចែករំលែក​ចំណេះដឹង​ទៅលើ​ការកើនឡើង​នូវ​ការគំរាមកំហែង​នានា​មកលើ​សុខភាព​ដោយសារ​បញ្ហា​អាកាសធាតុ និង​បរិស្ថាន ដែល​កុមារ​កំពុង​ប្រឈម ហើយ​ទាំងអស់គ្នា​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​។

លោក ឆា​តឺ​រ​ជី ថ្លែងថា៖ «​យូ​នី​សេ​ហ្វ​នឹង​បន្ត​ធ្វើការ ដើម្បី​ធានាថា​ កុមារ​គឺជា​បេះដូង​នៃ​រាល់​ការធ្វើ​សេចក្ដីសម្រេចចិត្ត ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​-​បរិស្ថាន​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ អង្គការ​យូ​នី​សេ​ហ្វ​បានបង្ហាញ​អំពី​ការព្យាករណ៍​របស់ខ្លួន​ទៅលើ​កត្តា​ហានិភ័យ​បរិស្ថាន ដែល​ប៉ះពាល់​មកលើ​កុមារ ដោយ​ដកស្រង់​ចេញពី​របាយការស្រាវជ្រាវ​សកល​អំពី​ការពិត​នៃ​សារធាតុពុល (Toxic Truth Report) ចេញផ្សាយ​ដោយ​យូ​នី​សេ​ហ្វ និង​អង្គការ Pure Earth កាលពី​ឆ្នាំ​២០២០​។

របាយការណ៍​នេះ​បានដាក់​បញ្ចូល​នូវ​លទ្ធផល​រកឃើញ​ដែលថា​ មាន​កុមារ​កម្ពុជា​លើសពី៥០% អាចមាន​កម្រិត​លោហៈ​សំណ​កើន​ទ្បើង​នៅក្នុង​ឈាម​របស់​ពួកគេ ដែល​នេះ​ជា​កាតាលី​ករ​តម្រូវ​ឲ្យ​មាន​វិធាន​ការបន្ថែម​ដែល​នាំ​ឲ្យ​មានការ​រៀបចំ​សិក្ខាសាលា​នាពេលនេះ​។

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ជាតិ​លោហៈ​សំណ គឺជា​ជាតិពុល​សកម្ម​ចំពោះ​សរសៃប្រសាទ ដែល​អាច​បណ្ដាល​ឲ្យ​ខួរក្បាល​កុមារ​មានការ​ខូចខាត​មិនអាច​ស្ដារឡើងវិញ​បាន នាំ​ឲ្យ​មាន​បញ្ហា​រៀន​មិនចេះ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​បញ្ហា​អាកប្បកិរិយា រួមទាំង​កាត់បន្ថយ​សក្ដានុពល​ពេញលេញ​ក្នុងការ​រកប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​។ បន្ថែម​ពីលើ​ការបំពុល​ដោយ​ជាតិ​លោហៈ​សំណ​នេះ កម្ពុជា​ក៏មាន​កម្រិត​ការបំពុល​ខ្យល់​ចេញពី​ការរស់នៅ​តាម​ផ្ទះ ខ្ពស់បំផុត​ចំណាត់ថ្នាក់​ទី៣​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ផងដែរ​។​

យោងតាម​ទិន្នន័យបឋម​ពី​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា នាពេល​ថ្មីៗ​​កន្លងមកនេះ បានឱ្យដឹងថា ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​នា​ទសវត្សរ៍​ថ្មីៗ​នេះ នៅក្នុង​ការកាត់បន្ថយ​អត្រា​មរណភាព​កុមារ​។ អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥ឆ្នាំ បាន​ធ្លាក់ចុះ​ពី ១២៤នាក់ ក្នុងចំណោម​កំណើត​រស់​ចំនួន ១០០០នាក់ នៅក្នុង​ឆ្នាំ២០០០ មក​ត្រឹម១៦នាក់ ក្នុងចំណោម​កំណើត​រស់​ចំនួន ១ ០០០នាក់ នៅក្នុង​ឆ្នាំ២០២១​។

ការកាត់បន្ថយ​ហានិភ័យ​បរិស្ថាន​មកលើ​សុខភាព គឺជា​ការចាំបាច់​ណាស់​នៅក្នុង​ពេលនេះ ក្នុង​គោលបំណង​គាំទ្រ​ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​កុមារ​កាន់តែ​ប្រសើរ ដើម្បី​ឲ្យ​ពួកគេ​អាច​សម្រេចបាន​នូវ​សក្ដានុពល​ពេញលេញ​របស់ខ្លួន និង​បាន​ទទួលផល​ពី​ការអភិវឌ្ឍ​របស់​ប្រទេស​៕