ភ្នំពេញៈ ក្នុង​រយៈ​ពេល​ ៤ ថ្ងៃ ចាប់​ពីថ្ងៃ​ទី ១ដល់​ថ្ងៃទី ៤ ខែធ្នូ​កម្លាំង​ការិយា​ល័យអត្ត​សញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ រួម​ទាំង​អធិការ​នគរ​បាល​ខណ្ឌទាំង ១៤ និង​ប៉ុស្តិ៍រដ្ឋ​បាល​ទាំង​អស់ បាន​ចុះ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​នៅតាម​ភូមិ​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ៣ ០០០ នាក់។ ​

លោក សាន សុខ​សីហា​ អ្នក​នាំពាក្យ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​នៅថ្ងៃ​ទី ៥ ខែធ្នូ​ថា បន្ទាប់​ពី​ទទួល​បទ​បញ្ជា និង​ការណែ​នាំរបស់​លោក ស ថេត អគ្គស្នង​ការ​រង និង​ជាស្នង​ការ​នគរបាល​រាជធា​នីភ្នំ​ពេញ កា​រិយា​ល័យ​ជំនាញអ​ត្ត​សញ្ញា​ណ​បណ្ណ​សញ្ជាតិខ្មែរ នៃស្ន​ងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ អធិការ​នគរបាល​ខណ្ឌទាំង ​១៤ និង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​ទាំង ១០៥ បានយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​កិច្ចការងារ​នេះ ដោយបា​នចុះចាប់​ផ្តើមយុទ្ធ​នាការតាំង​ពីថ្ងៃទី​១ ខែធ្នូ​ រហូត​មកដល់ថ្ងៃទី ៤ ខែធ្នូ​នេះ ធ្វើបាន​ជាង ៣ ០០០នាក់។

លោក​ថ្លែង​ថា៖«បើយើង​គិតស​រុប​រួម​មកគឺ​ធ្វើបា​ន ៣ ០៩៣ នាក់ធ្វើ​ជូន​បងប្អូន​ប្រជា​ពលរដ្ឋទាំង​អ្នក​ធ្វើ​ថ្មី ទាំង​អ្នក​ហួស​សុពល​ភាព ឬក៏ខូច​ផ្សេងៗ​»​។

តាម​រយៈយុទ្ធ​នាការ​នៃ​ការ​ចុះ​ធ្វើអ​ត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរដល់​តាមភូមិ និង​តាមខ្នង​នេះឃើញ​ថា មាន​ប្រជាពល​រដ្ឋ​ច្រើន ចូលរួ​មស​ហការ និង​ឆ្លៀត​ពេល​វេលា​មកធ្វើ​ច្រើន ដោយ​សារតែ​សេវានេះ​បានទៅ​ដល់មុខ​ផ្ទះនិង​បង្កភាព​ងាយ​ស្រួល​ជូន​ពួកគា​ត់។

លោក​បន្ថែម​ថា ​ភាព​ងាយ​ស្រួលនោះ​គឺប្រ​ជាពល​រដ្ឋ គាត់​ចំណេញ​ទាំង​ពេលវេលា និងប្រាក់កា​ស ​ខុស​ពីមុនដែល​ពលរដ្ឋ​គាត់​ត្រូវ​យក​ពេល​ម៉ោង​ការងារ​រដ្ឋ​បាល​ដោយ​ការ​សុំច្បាប់ ឬក៏គាត់​ឆ្លៀត​ពេល​ទៅ​ធ្វើអត្ត​សញ្ញាណ​បណ្ណ ប៉ុន្តែឥឡូវ​នេះគឺអត់​ទេ ពលរដ្ឋ​អាច​រង់ចាំ​នៅផ្ទះ​ ព្រោះពេល​សមត្ថកិច្ច​ទៅធ្វើគឺ​ភាគច្រើន​ពេល​ម៉ោងព​លរដ្ឋ​សម្រាក​ ​ជាពិសេស​សមត្ថកិច្ច​ចុះ​ធ្វើការ​ងារ​នេះ​ដល់​ពេល​យប់​ទៀត​ផង​។

​លោក​ថ្លែង​ថា៖«សំខាន់​បំផុត​គាត់​ចំណេញ​ពេល​វេលា​ច្រើន​មែន​ទែន អ៊ីចឹ​ង​គាត់ចេញ​ពីធ្វើការ​មក គាត់ចប់​ម៉ោងធ្វើកា​រគាត់​ចេញ​មក​អាច​ធ្វើ​បាន​។ សេវា​មួយ​ចំនួន​តែចប់​ម៉ោង​៥ម៉ោង​៦ គឺចប់ ប៉ុន្តែការងារ​នេះ​អត់ទេ គឺមន្ត្រី​យើង​ចុះធ្វើ​រហូតដល់​យប់ ម៉ោង​៦ ម៉ោង ៧រហូត​ដល់ម៉ោ​ង ១០យប់ ក៏ថាបា​ន»។

​ចំពោះការ​ចុះធ្វើ​អត្ត​សញ្ញា​ណបណ្ណ​ជូន​ពលរដ្ឋ​តាម​ភូមិ​នេះ លោក ប៉ា ចន្ទរឿន ប្រធា​ន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យកម្ពុជា ​បាន​​ថ្លែង​ថា ការចុះ​ធ្វើកិច្ច​ការងា​រ​នេះ​គឺជាការ​បង្ក​រលក្ខណៈ​ងាយស្រួ​លជូន​ប្រជាពលរដ្ឋ​នៅតាម​មូល​ដ្ឋាន ប៉ុន្តែទោះ​ជាយ៉ាងណា​ អាជ្ញាធរ​មូល​ដ្ឋាន ឬ​មន្ត្រី​ដែល​ធ្វើកិច្ចការងារ​នេះ គួរ​តែមាន​ការផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ប្រកាស​ឱ្យប្រ​ជាពលដ្ឋ​បានដឹង​មុន ៣ទៅ ៤ ថ្ងៃ ដើម្បីពួ​កគាត់​ត្រៀម​រៀបចំ កាល​វិភាគ​និង​ពេលវេ​លា ឱ្យបាន​សម​ស្រប​ដើម្បីរង់​ចាំធ្វើអ​ត្តសញ្ញាណ​បណ្ណ។​

លោក ប៉ា ចន្ទ​រឿន លើក​ឡើង​ថា តាមការ​សង្កេត​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា សន្លឹក​អត្តសញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ មាន​គុណ​ភាព​អន់ ហេតុ​នេះ​លោកសំណូមពរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​គិត​គូរ​ឡើង​វិញ​អំពីការ​ជ្រើស​រើសរូប​ធាតុយក​មក​ប្រើប្រាស់​សម្រាប់​ធ្វើ​អត្ត​សញ្ញាណ​ប​ណ្ណសញ្ជាតិ​ខ្មែរ ។ លោក​ថា ​អត្តសញ្ញាណ​បណ្ណ​ជាឯកសារ​សំខាន់​មួយរបស់​ជាតិ សម្រាប់​ប្រើ​ប្រាស់​ជាផ្លូវ​ការគួរ​តែ​ជ្រើស​រើស​សម្ភារ​ដែល​យក​មក​ធ្វើសន្លឹក​អត្តសញ្ញា​ណបណ្ណ​ឱ្យមាន​គុណ​ភាព​ខ្ពស់​ ។

លោកថ្លែង​ថា៖«មើល​ទៅគុណ​ភាព​នៃអត្ត​សញ្ញាណ​បណ្ណ ដែលជាឯក​សារ​ដ៏សំខាន់​របស់​ប្រជាពលរ​ដ្ឋហ្នឹង​ វាអន់​ជាង​កាត​ក្រុម​ហ៊ុន​ឯក​ជន​ ឬ​ក៏កាត​ធនាគារ​ទៅ​ទៀត​»​។

ឆ្លើយ​តប​ចំពោះបញ្ហាអត្ត​សញ្ញាណប​ណ្ណសញ្ជាតិ​ខ្មែរ​មាន​គុណ​ភាព​អន់នេះ អគ្គនាយក​ដ្ឋានអត្តសញ្ញា​ណកម្ម​បាន​ អះ​អាង តាម​រយៈហ្វេស​ Messenger ថា គុណភាព​របស់​អត្តសញ្ញា​ណបណ្ណ សញ្ជាតិ​ខ្មែរ​មាន​គុណ​ភាពល្អ សម​ស្របសម្រាប់​ការប្រើ ប្រាស់​តាម​សុព​លភាព។

ចំណែក​ លោក សុខ ហេង អធិការន​គរបាល​ខណ្ឌទួល​គោក ប្រាប់ភ្នំពេ​ញប៉ុស្តិ៍​នៅថ្ងៃ​ទី ៥ ​ខែធ្នូថា ចំពោះ​ការចុះ​ធ្វើអត្ត​សញ្ញា​ណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជូ​នប្រជាព​លរដ្ឋ​ កម្លាំង​សមត្ថ​កិច្ច​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ មេភូមិ​ ចៅសង្កាត់​ ធ្វើការផ្សព្វ​ផ្សាយ​ជូន​ដំណឹង​ឱ្យពលរដ្ឋ​បាន​ដឹង។ តាម​ការ​កត់​សម្គាល់ បន្ទាប់ពីមាន​ការផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ដល់​ប្រជាព​លរដ្ឋ ឃើញ​ថា ពលរដ្ឋ​ជាច្រើន​បាន​មក​ធ្វើអត្ត​សញ្ញាណ​បណ្ណ ដែលក្នុ​ង១ថ្ងៃ យ៉ាង​ហោច​ជាង ១០០ នាក់​ដែរនៅក្នុង​ខណ្ឌទួល​គោក​។

លោក​ថ្លែង​ថា៖«យើងផ្សព្វ​ផ្សាយ​ឱ្យពលរដ្ឋ​បាន​ដឹង​ថា ការ​បំពេញ​បែបបទ​ធ្វើអត្ត​សញ្ញាណ​បណ្ណហ្នឹង​ត្រូវការ​ឯក​សារ​អ្វីខ្លះ​ ហើយ​ពេលដែ​លគា​ត់មក​ធ្វើគា​ត់យកឯក​សារម​កគ្រ​ប់គ្រា​ន់។ អ៊ីចឹង​អត់​មាន​បញ្ហាអី​ប្រឈម​ជាមួយ​បញ្ហាឯក​សារ​ទេ»​។

លោក​បន្ត​ថា ចំពោះការ​ចុះយុទ្ធ​នាការ​ធ្វើ​អត្តសញ្ញា​ណបណ្ណ​សញ្ជាតិ​ខ្មែរ​នេះ គឺកម្លាំង​សមត្ថកិច្ច ​ធ្វើការ​ថត​បំពេញ​បែប​បទ​ រួច​បញ្ជូន​ទិន្ន​ន័​យទៅ​ស្នងកា​រដ្ឋានន​គរ​បាលរាជ​ធានីភ្នំពេ​ញ​ ហើយស្ន​ងការ​ដ្ឋាន​​នឹងប​ញ្ជូន​ទៅ​​អគ្គនាយកដ្ឋា​នអត្តស​ញ្ញា​ណក​ម្ម។​

ក្រោយ​​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​បោះ​ពុម្ពរួច កម្លាំង​សមត្ថិច្ច​នគរបាល​ក្នុងមូល​ដ្ឋាន​នឹង​យក​ទៅចែក​ជូនដល់​ប្រជាព​លរដ្ឋ​តាម​ខ្នង​ផ្ទះតែ​ម្តង​៕