ភ្នំពេញៈ ក្រសួង​កិច្ចការនារី បាន​វាយតម្លៃថា អ្នកសារព័ត៌មាន មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុងការ​សរសេរ​អត្ថបទ​ព័ត៌មាន ពី​អំពើហិង្សា​លើ​ស្ត្រី ដោយមាន​ការគោរព និង​អនុវត្តតាម​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល​​ ៣​ ខែ​ចុងក្រោយ និង​បាន​ជំ​រុញឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចូលរួម​យុទ្ធនាការ​១៦​ថ្ងៃ​ក្នុង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​។​

​ការវាយតម្លៃ​នេះ ក្រោយ​ក្រុម​ការងារ​បាន​ពិនិត្យ និង​ផ្តល់​យោ​ប​ល់​លើ​របាយការណ៍​លទ្ធផល​នៃ​ការតាមដាន​លើ​សារព័ត៌មាន​ចំនួន​ ១២ ដែល​ស្រង់​ដោយ​ក្រសួង​កិច្ចការនារី អង្គការ​អាក​សិន​អេ​ដ និង​អង្គការ​យេន​ឌី​វ និង​កិច្ចអភិវឌ្ឍន៍​ដើម្បី​កម្ពុជា​កាលពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២២​។

​ការវាយតម្លៃ​នេះ ក៏​ស្រប​ពេលដែល​រដ្ឋាភិបាល​ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល បានរួម​គ្នា​ធ្វើ​យុទ្ធ​នា​ការ​ឌីជីថល​ក្រោម​ប្រធានបទ សារៈសំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ដែលជា​ផ្នែក​ ១ នៃ​យុទ្ធនាការ​ ១៦​ ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ចាប់ពី​ថ្ងៃទី​ ២៥ វិច្ឆិកា ដល់​ថ្ងៃទី ១០ ធ្នូ ផងដែរ​។​

​ក្រសួង​កិច្ចការនារី បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​ ៥​ ធ្នូ​ថា ជា​លទ្ធផល ក្រុម​ការ​ងារ​បាន​សង្កេតឃើញ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​របស់​អ្នក​សារ​ព័ត៌មាន ក្នុងការ​សរសេរ​អត្ថបទ​ព័ត៌មាន ការរាយការណ៍​ព័ត៌មាន​នៃ​អំពើហិង្សា​លើ​ស្ត្រី ដោយមាន​ការគោរព និង​អនុវត្តតាម​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​។

​ក្រសួង​បញ្ជាក់ថា​៖ «​អង្គប្រជុំ​បានកត់សម្គាល់​ឃើញថា ក្នុងចំណោម​សារព័ត៌​​មាន ​១២ ភាគច្រើន​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុងអំឡុង​ ៣ ​ខែ​ចុង​​ក្រោយនេះ ជាពិសេស ការគោរព​តាម​ក្រម​ប្រតិបត្តិ​បាន​ប្រសើរ​ជាង​មុន ដូចជា​កាត់បន្ថយ​ការបង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ ការផ្ដល់​ព័ត៌មាន​លម្អិត​ពេក​»​។

​ក្នុង​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន មានការ​កាត់បន្ថយ​ការរាយការណ៍​បែប​លែបខាយ ការលេង​សើច​លើ​ករណី​រំលោភ​សេពសន្ថវៈ ហើយ​ការរាយការណ៍​ភាគច្រើន​ផ្តោតលើ​ទង្វើ​របស់​ជនសង្ស័យ និង​មាន​ការគោរព​សិទ្ធិ ការរក្សា​ភាពថ្លៃថ្នូរ​របស់​ជនរ​ង​គ្រោះ និង​ជនសង្ស័យ​។​

​ជាមួយនឹង​ការមើលឃើញ​បែបនេះ ក្រសួង​កិច្ចការនារី ក៏បាន​អះអាង​ដែរ​ថា បើទោះជា​ទទួលបាន​ភាព​វិជ្ជមាន ក៏​នៅមាន​សារព័ត៌មាន​មួយចំនួន​នៅតែ​បន្ត​រាយការណ៍​ដោយ​មិន​ការ​​ពារ​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ ហើយ​ការរាយការណ៍​របស់គេ ភាគច្រើន​នៅ​មិនទាន់បាន​គិតគូរ​ដល់​ការផ្តល់​ព័ត៌មាន​ដែល​បង្កើន​ការយល់ដឹង និង​កែប្រែ​ឥរិយាបថ​របស់​សាធារណជន ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​នៅឡើយ ព្រោះ​ភាគច្រើន​នៃ​ចំណងជើង​អត្ថបទ​សារព័ត៌មាន នៅតែ​បន្ត​មាន​លក្ខណៈ​បែប​លេង​​សើច មិនបាន​ផ្តល់​តម្លៃ​ដល់​ជន​​រងគ្រោះ និង​សមាជិកគ្រួសារ​។​

​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​ក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងការ​​តាមដាន​លើ​សារព័ត៌មាន​អន​ឡាញ ជាពិសេស​ទំព័រ​ព័ត៌មាន ដែល​មិនបាន​ចុះ​បញ្ជិកា​ស្របច្បាប់​ជាមួយ​ក្រសួង​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​អន​ឡាញ​ដែល​មិនមាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ក្រុមការងារ​ក៏បាន​កត់សម្គាល់​អំពី​ឥទ្ធិពល​ជា​វិជ្ជមាន​ពី​មហាជន​តាម​បណ្ដាញ​សង្គម​នានា ដែល​ធ្វើឱ្យ​អ្នកសារព័ត៌មាន​កាន់តែ​បង្កើន​ការប្រុងប្រយ័ត្ន​ជាង​មុន ក្នុងការ​សរសេរ និង​ផ្សព្វផ្សាយ​អត្ថបទ​ណា ដែល​អាច​ប៉ះពាល់​តម្លៃ​ស្ត្រី និង​សីលធម៌​សង្គម​»​។​

​កាលពី​ឆ្នាំ​ ២០១៧ ក្រសួង​កិច្ចការនារី និង​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីប្រកាស​រួម​ស្តីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការយក​ករណី​ហិង្សា​លើ​ស្ត្រី (​ទាំង​ហិង្សា​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង​អំពើហិង្សា​លើ​ផ្នែក​សេដ្ឋកិច្ច​) ធ្វើជា​ព័ត៌មាន​បែប​កម្សាន្ត​សប្បាយ ឬ​កំប្លុក​​កំប្លែង និង​ដើម្បី​កែប្រែ​ឥរិយាបថ​សង្គម ក្នុងការ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​។

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា​៖ «​ជា​បន្តបន្ទាប់ ក្រសួង​កិច្ចការនារី ក្រសួង​ព័ត៌មាន និង​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ​កម្ម​​វិធី​បណ្ដុះបណ្ដាល និង​កម្មវិធី​ផ្សព្វផ្សាយ​ក្រម​ប្រតិបត្តិ​នេះ​ជាមួយ​បណ្ដា​អ្នកសារព័ត៌មាន​ក្រុម​សិល្បៈ អ្នកគ្រប់គ្រង​កម្មវិធី​ព័ត៌មាន និង​និស្សិត​សារព័ត៌មាន​នានា ដែល​អាច​យក​ក្រម​ប្រតិបត្តិ​នេះ​ជា​ផ្នែក​មួយ ក្នុងការ​ពង្រឹង​លើ​ក្រម​​សីលធម៌ និង​វិជ្ជាជីវៈ ព្រមទាំង​ពង្រីក​នូវ​តួនាទី​របស់​អ្នក​សារ​ព័ត៌មាន ក្នុងការ​ចូលរួម​ទប់​ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​»​។

​ជាមួយគ្នានេះ ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី ត្រូវបាន​បង្កើត​ឡើងជា​យន្តការ​កម្រិត​បច្ចេក​ទេស មាន​សមាសភាព​មកពី​ក្រសួង​កិច្ចការនារី ក្រសួង​ព័ត៌មាន ក្លិប​អ្នកកាសែត គ្រឹះស្ថាន​អប់រំ ស្ថានីយ​វិទ្យុជាតិ និង​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នានា​។ ក្រុមការងារ​នេះ បាន​ដំណើរការ​ការងារ​រប​ស់​ខ្លួន​ជា​​ប្រចាំ ក្នុងការ​ពិនិត្យ តាមដាន និង​ជំរុញ​ការអនុវត្ត​ក្រម​ប្រតិបត្តិ​នេះ​។​

​លោក ថេ ឈុន​ហាក់ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​សម​ភាព​យេនឌ័រ និង​អភិវឌ្ឍន៍​ក្រសួង​​កិច្ចការនារី បាន​ថ្លែងថា សម្រាប់​កិច្ចការ​ទៅមុខ ក្រុមការងារ នឹង​បន្ត​ដំណើរការ​ការងារ​របស់ខ្លួន និង​ពិនិត្យ​លើ​លទ្ធភាព​ក្នុងការ​រៀបចំ​វិធានការ​ជាក់លាក់ តាម​​រយៈ​ការចេញលិខិត​ណែនាំ​ដោយផ្ទាល់ ឬ​ដោយ​បើកចំហ ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ណា​ដែល នៅតែ​បន្ត​មិន​អនុវត្តតាម​ក្រម​ប្រតិបត្តិ និង​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់​-​ធ្ង​រ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី ក៏ដូចជា​តម្លៃ​របស់​ស្ត្រី​ទូទៅ​។

​លោក ថ្លែងថា ដើម្បី​ចូលរួមចំណែក​នៅក្នុង​យុទ្ធនាការ​ ១៦ ​ថ្ងៃ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី គឺ​ចាប់ពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​ ១០ ខែ​​ធ្នូ ឆ្នាំ​ ២០២២ ក្រុមការងារ​រៀបចំ​ជា​យុទ្ធនាការ​ឌីជីថល​ស្ដីពី​ «​សារៈ​​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​» តាម​បណ្ដាញ​សង្គម​របស់​ក្រសួង​កិច្ចការនារី និង​ដៃគូ​ពាក់ព័ន្ធ​។

​លោក ថេ ឈុន​ហាក់ បញ្ជាក់ថា​៖ «​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏ដូចជា​ប្រព័ន្ធ​​ផ្សព្វផ្សាយ ចូលរួម​យុទ្ធនាការ​នេះ​ឱ្យបាន​គ្រប់គ្នា តាមរយៈ​សកម្មភាព​សំខាន់ៗ និង​ជម្រើស​នានា​ជាច្រើន​ដែល​អាច​ចូលរួម និង​រួមគ្នា​នៅក្នុង​យុទ្ធនាការ​នេះ ដើម្បី​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ជាពិសេស​តាមរយៈ​ការបង្កើត Hashtag ការប្តូរ Cover Page ពណ៌​ទឹកក្រូច ការផលិត​កិច្ច​សន្ទនា​នារីរតនៈ ស្តីពី​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងការ​​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ការ​ផលិត​វីដេអូ​ទស្សន​មហាជន ការផលិត Poster ដោយ​ភ្ជាប់​ជាមួយ​សារ​គន្លឹះៗ និង​ការ​ផលិតកម្ម​វិធី​វិទ្យុ​ជាដើម​»៕