ភ្នំពេញៈ ​ក្មេងស្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​អ្នកធ្វើ​ការជួយ​ជំរុញ​ការអភិវឌ្ឍ​របស់​ស្ដ្រី​ជនជាតិភាគតិច រកឃើញថា ក្មេងស្រី​ជនជាតិដើម​ភាគតិច រស់នៅក្នុង​ស្ថានភាព​ដែល​ខ្វះ​ព័ត៌មាន ដោយសារ​ផ្នត់គំនិត​សង្គម និង​សេវាសាធារណៈ​។​

ជនជាតិដើម​ភាគតិច​ព្រៅ​ម្នាក់​មកពី​ខេត្តរតនគិរី គឺ​យុវតី លេក ការី បាន​ប្រាប់ថា ​នៅក្នុង​សហគមន៍​ដែល​យុវតី ការី និង​ក្មេងស្រី​ដទៃទៀត​រស់នៅ គឺ​មើលឃើញថា​មិនទាន់មាន​ការគាំទ្រ​​ពេញលេញ​ទៅលើ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការគាំទ្រ​ពី​សហគមន៍ ឬ​អាជ្ញាធរ​លើ​ការសម្រេចចិត្ត​របស់​ពួកគេ​ទេ​។ យុវតី​រូបនេះ​បន្តថា ខ្លួន​រស់នៅ មានការ​ឃ្លាតឆ្ងាយ​ពីគ្នា ឬអាចជា​តំបន់​ដាច់ស្រយាល ដូច្នេះ​ការទទួលបាន​ការគាំទ្រ​អំពី​សេវាសាធារណៈ និង​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​អ្នករស់នៅ​ក្នុង​សហគមន៍ គឺ​វា​មិន​ងាយស្រួល​ឡើយ​។

យុវតី លេក ការី ថ្លែងថា៖ «គឺ​វា​មាន​ការពិបាក និង​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុងទំនាក់​ទំនងជា​មួយ​មនុស្ស​ដទៃទៀត ដូចជា ការបញ្ចេញ​មតិយោបល់ ឬក៏​ការបង្ហាញ​ពីការ​យល់ឃើញ ទៅកាន់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ជាដើម​»​។

យុវតី លេក ការី ថ្លែងថា​៖ «​ពួយ​យើងខ្វះ​ការគាំទ្រ​ការសម្រេចចិត្ត ខ្ញុំ​គិតថា​ វា​អាច​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​សហគមន៍​របស់ខ្ញុំ គឺ​វា​នៅមានកម្រិត មានន័យថា ​គេ​អត់​បើកទូលាយ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ដំណឹង​អ្វីមួយ អ៊ីចឹង​យើង​ខ្វះ​ព័ត៌មាន​មែនទែន​។ រួមជាមួយ​ការខ្វះ​ចំណេះដឹង​របស់​ធនធាន​ស្ដ្រី និង​ក្មេងស្រី​ទៀត គាត់​គិតថា​មិនបាច់​ត្រូវការ​គាំទ្រ​ពី​អ្នកណា​ទេ​»​។​

លោកស្រី គ្រី ស៊ុយ​ហៀ​ង នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​នារី​ដើម្បី​សន្តិភាព បាន​បាន​ប្រាប់ថា​ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រកឃើញ​ក្មេងស្រី​ជនជាតិភាគតិច​ជិត​៦០% មិនមាន​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍​ផ្សេង​ទៀតឡើយ ពីព្រោះ​ដោយសារតែ​ពួកគាត់​មាន​កន្លែង​រស់នៅក្នុង​តំបន់​ឆ្ងាយ​ពីគ្នា​។ លើសពីនេះ​ទៀត ក្មេងស្រី​ទាំងនោះ មិន​ហ៊ាន​ចេញមក​ខាងក្រៅ​ទេ គឺ​ដោយសារតែ​ពួកគាត់​មានការ​អៀនខ្មាស ក្នុងការ​និយាយស្ដី រួម​ជាមួយនឹង​ភាពភ័យខ្លាច​ដែលមាន​អ្នក​រើសអើង​ជាដើម​។

លោកស្រី គ្រី ស៊ុយ​ហៀ​ង​ ថ្លែងថា​៖ «​អ៊ីចឹង ខ្ញុំ​គិតថា ​ជាមួយ​បញ្ហា​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុងការ​ទទួលបាន​ព័ត៌មាន ហើយ​បើ​មិនអាច​ទទួលបាន​ព័ត៌មានឬទទួល​បានដែរ ប៉ុន្តែ​ទទួលបាន​ព័ត៌មាន​តិច ដូច្នេះហើយ​គាត់​អត់​មាន​សេចក្ដីក្លាហាន​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​នោះទេ​»​។​

លោកស្រី​បន្តថា ក្មេងស្រី​ទាំងនោះ ត្រូវ​បាត់បង់​ឱកាស និង​សិទ្ធិ​ចូលរួម​ក្នុង​ការងារ​សហគមន៍ និង​ការងារ​សង្គម​ផ្សេងៗ ហើយ​ការបាត់បង់​ឱកាស​នេះ នឹងធ្វើ​ឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច មិនអាច​បង្ហាញ​ការយល់ឃើញ​អំពី​បញ្ហា​ផ្សេងៗ ទៅកាន់​អាជ្ញាធរ​ភូមិ​-​ឃុំ​មូលដ្ឋាន​ផងដែរ​។​

លោកស្រី​បន្ថែមថា កត្តា​ប្រឈម​ទាំងនោះ គឺ​នៅ​ជុំវិញ​ក្មេងស្រី​ជនជាតិដើម​ភាគតិច​ទាំងនោះ រួមមាន​ទាំង​កត្តា​សង្គម កត្តា​បុគ្គល និង​កត្តា​ជា​ប្រព័ន្ធ​ផង ដែល​ធ្វើ​ឲ្យ​ក្មេងស្រី និង​ស្ដ្រី​ទាំងនោះ​ត្រូវ​ខ្វះខាត​ការទទួលបាន​ព័ត៌មាន និង​ការគាំទ្រ​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​។​

លោកស្រី ថ្លែងថា​៖ «​ជា​ដំណោះស្រាយ ចាំ​ចាច់​ត្រូវតែ​ជា​ដំណោះស្រាយ​ពហុ​វិស័យ មានន័យថា​ចាំ​ចាច់​ត្រូវតែមាន​ការចូលរួម​ពី​គ្រប់ភាគី ពហុ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ ហើយ​ការ​ចាំ​ចាច់​ក្នុងការ​ដោះស្រាយ​ដំបូង​គេ គឺ​ស្ដ្រី​ជនជាតិភាគតិច​ខ្លួនឯង ដើម្បី​ពង្រឹង​អំណាច​ក្នុងការ​ក្រោកឈរឡើង និង​ទាមទារ​អ្វី​ដែលជា​សិទ្ធិ​របស់​ខ្លួនឯង​ ហើយ​រួមជាមួយ​ឪពុក​ម្ដាយ​របស់គាត់ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត រួមមាន សហគមន៍ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ចូលរួម​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ទៅជា​វិជ្ជមាន​ចំពោះ​យេនឌ័រ​ផងដែរ​»​។​

លោកស្រី​បន្ថែមថា ចំណែក​តួអង្គ​សំខាន់​មួយទៀត គឺ​វិស័យ​សារព័ត៌មាន ពីព្រោះ​អ្នកសារព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​ឱកាស និង​ត្រូវ​ចែករំលែក​ព័ត៌មាន​ណា​ដែល​ពិតប្រាកដ​សម្រាប់​ស្ដ្រី និង​ក្មេងស្រី​ជនជាតិដើម​ភាគតិច​ទាំងនោះ​។​

ជុំវិញ​រឿងនេះ​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ចការនារី លោកស្រី ស ស៊ី​ណែ​ត​ បាន​ប្រាប់ថា​ ខាង​ក្រសួង​ក៏បាន​ធ្វើការ​ពង្រឹង និង​សហការ​ជាមួយ​មន្ទីរ​កិច្ចការនារី​ខេត្ត ដើម្បី​ពង្រឹងសមត្ថភាព​អ្នកផ្ដល់​សេវា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទូលំទូលាយ​បន្ថែមទៀត​សម្រាប់​ក្មេងស្រី និង​ស្ដ្រី​ទាំងនោះ​ផងដែរ​។​ លោកស្រី​បន្ថែមថា ក្រសួង​ជំនាញ​មានការ​រៀបចំ​ជា​ជា​គោលនយោបាយ និង​ផែនការ​សកម្មភាព ឱ្យឆ្លើយតប​តប​ទៅនឹង​ក្រុម​ងាយ​រងគ្រោះ ដោយ​ជនជាតិដើម​ភាគតិច ត្រូវបាន​ក្រសួង​ចាត់ទុកជា​ក្រុម​ដែលមាន​អាទិភាព​។

លោកស្រី ស ស៊ី​ណែ​ត ថ្លែងថា​៖ «​ដូច្នេះហើយ បានជា​គ្រប់​គោលនយោបាយ គ្រប់​ផែនការ យើង​បានដាក់​ប​ញ្ចូល​​បងប្អូន​ជនជាតិដើម​ភាគតិច ជា​ក្រុម​ងាយ​រងគ្រោះ ដែល​មានន័យថា ​គិតគូរ​ពី​បរិ​យា​ប័ន្ន​យេនឌ័រ ក៏ដូចជា​កា​រា​ប់ប​ញ្ជូ​លប​រិ​យា​ប័ន្ន​ហ្នឹង​ទៅក្នុង​ផែនការ​ហ្នឹង ដោយ​មិន​ទុក​ឲ្យ​នរណាម្នាក់​នៅ​ឯកោ​ទេ​»​។​

លោកស្រី​បន្តថា ក្រៅពី​ផែនការ​ទាំងនេះហើយ ក្រសួង​ក៏បាន​អនុវត្ត និង​ផ្សព្វផ្សាយ​ពី​ផែនការ​ទាំង​នេះដែរ ជាពិសេស​គឺ​ការផ្សព្វផ្សាយ ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​បង្ការ​នៅតាម​បណ្ដា​ខេត្តរតនគិរី អំពី​ផលប៉ះពាល់​នៃ​ការ​រៀបការ និង​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង​។​

លើសពីនេះ​ទៀត ស្ដ្រី និង​ក្មេងស្រី​ជនជាតិដើម​ភាគតិច​ទាំងនោះ ដោយសារ​សហគមន៍រ​បស់​ពួកគាត់​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពីគ្នា ដូច្នេះហើយ​ពួកគាត់​នឹង​ប្រឈម​នូវ​បញ្ហា​ផ្សេងៗ ដោយ​មិន​បានទទួល​ព័ត៌មាន​ពេញលេញ អំពី​សេវាសាធារណៈ​ជាដើម​។​

លោកស្រី​ស៊ី​ណែ​ត​បន្ថែមថា ៖ «​អ៊ីចឹង​ហើយ បានជា​ក្រសួង និង​មន្ទីរ​កិច្ចការនារី​បាន​ខិត​ចំ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ព័ត៌មាន និង​ខិត្តប័ណ្ណ អំពី​មាត្រា​មួយចំនួន ដែល​ទាក់ទង​ជាមួយ​ការរំលោភបំពាន​ផ្សេងៗ​»​។​

សូមបញ្ជាក់ថា ​កាលពី​ខែមេសា ឆ្នាំ​២០២២ អង្គការ​នារី​ដើម្បី​សន្តិភាព បានចេញ​ការសិក្សា​ស្រាវជ្រាវ​មួយ ដែលមាន​ឈ្មោះថា សំឡេងក្មេងស្រី​ជនជាតិដើម​ភាគតិច ដែល​ការសិក្សា​ស្រាវជ្រាវ​នេះ​បានបង្ហាញ​ពី​ការ​ប្រឈម​របស់​ក្មេងស្រី​ជាង​៣៤៣​នាក់ រួមមាន​ ជនជាតិដើម​ភាគតិច ជនជាតិដើម​ភាគតិច​វៀតណាម ជនជាតិ​ចាម​មូស្លីម និង​ខ្មែរក្រោម​ ហើយ​បាន​ប្រឈម​នឹង​ផ្នត់គំនិត​សង្គម ទទួលបាន​ការរើសអើង កង្វះ​សេវាសាធារណៈ​នៅតាម​មូលដ្ឋាន និង​អសន្តិសុខ​លំនៅដ្ឋាន​ជាដើម​៕