មណ្ឌលគិរីៈ ប្រជាពលរដ្ឋ ​៩​គ្រួសារ ​នៅ​ខេត្តមណ្ឌលគិរី ​បាន​ឡើងមក​ដាក់ពាក្យ​ប្តឹង​ជា​លើក​ទី២ ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់ ​ក្រសួងមហាផ្ទៃ ​និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​នៅ​ថ្ងៃ​ទី៦ ​ខែធ្នូ ​ដើម្បី​សុំ​អន្តរាគមន៍​ជួយ​រក​យុត្តិធម៌ ​ករណី​រងគ្រោះ​ដោយសារ​អភិបាលស្រុក​អូររាំង​ និង​អ្នកមាន​លុយ ​លួយ​ចុះបញ្ជី​លើដី​របស់​ពួកគាត់​ស្ថិត​ក្នុងភូមិ​ពូរ៉ាង ​ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូររាំង។

​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ ​ចុះ​ថ្ងៃទី៥ ​ខែធ្នូ ​លើកឡើងថា​ ពួកគេ​បាន​រងគ្រោះ​បាត់បង់​ដីធ្លី ​ដោយសារ​អភិបាលស្រុក​អូររាំង​ និង​អ្នកមាន​លុយ​ម្នាក់បាន​ឃុបឃិត​គ្នា​ចុះបញ្ជី​យក​ដី​ពួកគេ ​ដែលមាន​ទំហំ ​៣៥,៤២៤​ហិកតា ​នៅ​ភូមិ​ពូរ៉ាង ​ឃុំ​សែនមនោរម្យ​ ស្រុក​អូររាំង​។​ដី​នេះ​ពួកគេ​បាន​កាន់កាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ១៩៩៧ ​រហូតមក​ដល់​បច្ចុប្បន្ន ​ដោយ​មាន​ដំណាំ​កសិកម្ម​ចម្រុះ​ជាច្រើន​។

​តាមរយៈ​ពាក្យបណ្តឹង ​ពលរដ្ឋ​បញ្ជាក់ថា​៖«ដី​នេះ​មាន​ដំណាំ​ស្រូវ ​ដំឡូងមី ​ដើម​ខ្នុរ ​ស្វាយចន្ទី ​និង​ដំណាំ​ចម្រុះ​ផ្សេងៗ​ទៀត ​ហើយ​ដី​១​ផ្នែក​ទៀត​សម្រាប់​ឃ្វាល​គោ​ក្របី​។ ការកាន់កាប់​អាស្រ័យ​ផល​របស់​ពួកយើង​ក្នុង​រយៈពេល​ប្រមាណ​២៣​ឆ្នាំ​មកនេះ​ ពុំមាន​នរណាម្នាក​ជំទាស់​តវ៉ា​ទេ»។

​ប្រភព​ដដែល​ឱ្យដឹងទៀត​ថា ​នៅ​ឆ្នាំ​២០២០ ​ស្រាប់តែ​អភិបាលស្រុក​អូររាំង ​លោក​សៀក ​មុន្នី ​បានរៀបចំ​ដី​នេះ​ឱ្យទៅ​លោក​ឧកញ៉ា​ស្រី ​ចន្ធូ ​និង​បាន​លួច​ចុះបញ្ជី​ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់​ឧកញ៉ា​ស្រី ច​ន្ធូ​។ ចំពោះ​ករណី​ខាងលើនេះ ពលរដ្ឋ​អះអាងថា បានដាក់​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់ ក្នុងនោះ​ រួមមាន ​សាលាខេត្ត​មណ្ឌលគិរី ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​ប៉ុន្តែ​មិនទាន់មាន​លទ្ធផល​ដំណោះ​ស្រាយ​នៅ​ឡើយ ​ដោយ​គាំង​នៅត្រឹម​អាជ្ញាធរ​ខេត្ត។

​លោក​ម្លូស ​តេន ​តំណាង​ប្រជា​ពលរដ្ឋ ​ក្នុង​ទំនាស់​ដីធ្លី​នេះ ​ឱ្យដឹង​នៅ​ថ្ងៃទី​៦​ ខែធ្នូ ​ថា ​ការដាក់​ពាក្យបណ្តឹង​សាជាថ្មី​នេះ​ ដោយសារ​កាល​ដាក់​លើក​មុន ​ក្រសួង​មហាផ្ទៃ ​បានស្នើ​មក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ​ពិនិត្យ​ស្រាវជ្រាវ ​ប៉ុន្តែ​គណៈ​អភិបាលខេត្ត​ដែល​ទទួលបន្ទុក​កិច្ចការងារ​នេះ​ផ្អឹប​រឿង​ទុក ​ដោយ​ប្រាប់ថា ​លើក​ពេល​ដោះស្រាយ​ជា​បន្តបន្ទាប់​។

​លោក​និយាយថា​៖«មូលហេតុ​ដែល​យើង​ឡើងមក​ដាក់ពាក្យ​បណ្តឹង​សា​ថ្មី​ទៀត ​ដោយសារ​ពាក្យបណ្តឹង​កាល​មុន​គឺ​យើង​ដាក់​ហើយ​ខាង​ក្រសួង​មហាផ្ទៃ​លោក​បានចេញ ​ស.ជ.ណ. ​បញ្ជូន​ទៅឱ្យ​ខេត្ត​ដោះស្រាយ​។ ប៉ុន្តែ​ខេត្ត ​គាត់​អត់​ព្រម​ដោះស្រាយ ​ដូច្នេះ​យើង​មានតែ​ឡើងមក​ដាក់​សា​ថ្មី​ទៀត​ដើម្បី​ឱ្យ​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ធ្វើការ​រឿង​ហ្នឹង​ទៅ​ខេត្ត​វិញ»។​

​លោក​គ្រើង ​តុលា ​អ្នក​ប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ​នៅ​ខេត្តមណ្ឌលគិរី ​បញ្ជាក់ថា ​ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​ក៏ដូចជា​ក្រសួង​នៅ​ថ្នាក់ជាតិ​ គួរតែ​ពិចារណារ ​និង​ពិនិត្យ​ឡើងវិញ ​ទៅលើ​អនុក្រឹត្យ ​ដែល​ចេញ​ថ្មីៗ ​ធ្វើឱ្យ​ប៉ះពាល់​ស្រែចម្ការ ​លំនៅឋាន​ តំបន់​ជំនឿ ​កន្លែង​ឃ្វាលគោ​ក្របី​របស់​ពួក​គាត់​។

​លោក​ថ្លែងថា​៖«គួរតែ​ចុះ​សិក្សា​ឡើងវិញ ​បង្កើត​គណៈកម្មការ​សាជាថ្មី ​ហើយ​មុន​ធ្វើ​អ្វី​១​ យើង​ត្រូវ​និរាករណ៍ ​អនុក្រឹត្យ​សិន ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ មិនគួរ​ទុកឱ្យ​ប្រជាពលរដ្ឋ​រងទុក្ខ​វេទនា​នោះ​ទេ»។

​លោក​សៀក ​មុន្នី ​អភិបាល​ស្រុក​អូររាំង ​ថ្លែង​នៅ​ទី​៦ ​ខែធ្នូ ​ថា ​បញ្ហា​ដីធ្លី​នៅ​ទីនោះ​ លោក​បាន​សម្របសម្រួល ​និង​បញ្ចប់​រឿង​រួចរាល់​អស់​ហើយ​ ដោយ​ភាគី​ខាង​ប្រជាពលរដ្ឋ ​ព្រម​ទទួល​សំណង​ជា​ប្រាក់ ​ដែល​គិត​ទៅតាម​ទំហំ​ដី ​និង​ដំណាំ ​ដែល​ពួកគាត់​បាន​ដាំ​។ លោក​ថ្លែងថា​៖«កន្លងមក​យើង​បាន​សម្រប​សម្រួល​គ្នា​រួច​អស់​ហើយ​។ ដី​អស់​ហ្នឹង​អត់​មាន​បញ្ហា​អ្វី​ទៀត​ទេ»។

​ដោយឡែក ​លោក​ជាក់ ​ម៉េងហ៊ាង ​អភិបាលរង​ខេត្ត ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ថ្លែង ​នៅ​ថ្ងៃទី​៦ ​ខែធ្នូ ​ថា ​ចំពោះ​បញ្ហា​ដីធ្លី​នេះ​លោក ​នឹង​ពិនិត្យ​មើល ​ប៉ុន្តែ​បញ្ហា​ដីធ្លី​នៅ​ស្រុក​អូររាំង ​ក្នុង​ភូមិ​ពូរ៉ាង ​ឃុំ​សែន​មនោរម្យ​នេះ​មាន​ច្រើន​ក្បាល​ដី ​ហើយ​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់​លាស់​យ៉ាង​ណា​នៅ​ឡើយ៕