ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចុះ​MoU បន្ត​សុពលភាព​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ESS របស់​ជប៉ុន រយៈ​ពេល១០ឆ្នាំ​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​ផ្តល់​សេវាក​ម្ម​ព័ត៌មាន​សន្តិសុខ បន្ទាប់ពី​បាន​អនុវត្ត​ដោយ​ជោគជ័យ​រយៈពេល១០ឆ្នាំ​ក្នុងការ​ការពារ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​សង្គម​ជូនព​ល​រដ្ឋ​កម្ពុជា និង​ធុរជន​ដែលជា​អតិថិជន​របស់​ក្រុមហ៊ុន។

ការចុះ MoU បន្ត​សុពលភាព​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី៦ ខែធ្នូ ​ដោយមាន​ការចូលរួម​ពី​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ និង​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​បន្ត​សុពលភាព​លើ​ឧបសម្ព័ន្ធ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MoU) រវាងអគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​ក្រុមហ៊ុន E SECURITY SERVICE Co,Ltd (ESS)។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឧបសម្ព័ន្ធ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​​ក្រុមហ៊ុន ESS នាពេលនេះ គឺ​បញ្ជាក់​អំពី​ការបន្ត​សុពលភាព​រយៈពេល១០ឆ្នាំ បន្ថែម​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ច្បាប់ដើម ស្ដីពី​ការសហការ​ផ្តល់​សេវាក​ម្ម​ព័ត៌មានសន្តិសុខ រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រុមហ៊ុន ESS ដែល​ផុត​សុពលភាព​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងបានអះអាងថា MoU គឺ​គ្មាន​ការផ្លាស់ប្ដូរ​ខ្លឹមសារ​ ដូច​មានចែង ក្នុង​មាត្រា​នៃ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ច្បាប់ដើម​នោះទេ។

ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា៖«ពិធី​ចុះ MoU បន្ត​សុពលភាព​នៃ​ការយោគយល់​គ្នា រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​ក្រុមហ៊ុន ESS នាពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី លោក OKUBO Hideo ជា​ស្ថាបនិក​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ហៅ​កាត់​CIESF នាឱកាស​សុំ​ការអនុញ្ញាត​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្ដេច​ក្រឡាហោម

លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ទី២១ ខែកញ្ញា ឆ្នាំ២០២២ ដែល​អនុស្សរណៈ​នេះ​ត្រូវបាន​ផុតកំណត់​នៅ​អំឡុង​ខែតុលា ឆ្នាំ២០២២កន្លងមក»។

លោក TAKEHARU MIZUKOSHI នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ESS បាន​និយាយថា ក្នុង​ឆ្នាំ២០១២ បន្ទាប់ពី​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​កម្ពុជា ក្នុងការ​បង្កើត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រុមហ៊ុន​ESS រួចមក ទាំង​ភាគី​ក្រុមហ៊ុន និង​កងកម្លាំង​នគរបាលជាតិ​កម្ពុជា បាន​សហការគ្នា​ចាត់តាំង​អនុវត្ត​ស្របតាម​ស្មារតី និង​ខ្លឹមសារ​ដូច​មានចែង​ក្នុង MoU ដោយ​ផ្តោត​សំខាន់​ទៅលើ​ការចូលរួម​ការពារ​រ​ក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធុរជន​ដែលជា​អតិថិជន​របស់​ក្រុមហ៊ុន​ផ្ទាល់។

លោក បាន​បញ្ជាក់ថា៖«ដោយឡែក​តាមរយៈ​ឧបករណ៍ សម្ភារ​បច្ចេកទេស និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​សន្តិសុខ​របស់​ក្រុមហ៊ុន និង​ដោយមាន​ការគាំទ្រ​សម្របសម្រួល​ពី​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត កិច្ចសហការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​បង្ការ​ទប់ស្កាត់ បទល្មើស​ទទួលបាន​ល​ទ្ធ​ផល​ជាច្រើន​ផងដែរ»។

ដោយ​ក្នុងនោះ លោក TAKEHARU ក៏បាន​អះអាង​ដែរ​ថា ក្រុមហ៊ុន ESS ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា និង​បាន​អនុវត្ត​នីតិវិធី​សុពលភាព MoU កន្លងមក បាន​សហការ​យ៉ាង​ជិតស្និទ្ធជាមួយ​អាជ្ញាធរ​កម្ពុជា និង​បានផ្តល់​សេវាកម្ម​ជូន​ដល់​អតិថិជន​កម្ពុជា​បានជា​ច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា ករណី​ចោរកម្ម អគ្គិភ័យ គ្រោះទឹកជំនន់ សង្គ្រោះបន្ទាន់​ជាដើម។

ក្រុមហ៊ុន​ប្រព័ន្ធ​សុ​វត្តិភាព ESS គឺជា​ក្រុមហ៊ុន​មួយ​ដែល​អាច​ការពារ​សុ​វត្ថិភាព​ទីតាំង​របស់​អស់លោកអ្នក ទោះបីជា​ទីតាំង​គ្មាន​អ្នកយាម​ក៏ដោយ ដោយ​ក្រុមហ៊ុន​នេះ អាច​ការពារ​បាន​យ៉ាង​មាន​ប្រ​សិទ្ឋភាព​ជាមួយនឹង​ប្រព័ន្ធ​សុ​វត្ថិភាព​ទំនើប​ចុងក្រោយ​របស់ Japan ពី E-Security Services-ESS ដែល​ធ្វើការ​ត្រួតពិនិត្យ​ឃ្លាំមើល២៤ម៉ោង​ពី ESS Control Room រាម​រយៈ​ការបំពាក់​ប្រព័ន្ធ​ប្រកាសអាសន្ន Alarm System និង​មាន​ក្រុម​ចុះ​អ​ន្តរាគម​ន៍​បាន​រហ័សភ្លាមៗ ក្នុង​កិច្ចសហការ​​ពី​ខាង​កងកម្លាំង​ប៉ូលិស​ប្រចាំ​មូល​ដ្ធា​ន។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ក្នុងឱកាស​នោះ ដោយបានកោតសរសើរ​ចំពោះ​សមិទ្ធផល​របស់​ក្រុមហ៊ុន ESS ដែល​សម្រេចបាន​ក្នុង​រយៈពេល១០ឆ្នាំ នៃ​ការអនុវត្ត MoU កន្លងមក។ លោក បានចាត់ទុក​ក្រុមហ៊ុន​មួយ​នេះ​ថា បាន​ដើរតួ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​នៅ​កម្ពុជា តាមរយៈ​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ប៉ូលិស។

លោក សង្ឃឹមថា៖«ក្រុមហ៊ុន​នេះ នឹង​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ជំ​រុញឱ្យ​ពួកគាត់​ប្រើប្រាស់​ប្រព័ន្ធ​សេវាកម្ម​ព័ត៌មាន​សន្តិសុខ​នេះ​ឱ្យបាន​កាន់តែច្រើន ហើយ​ក្រសួងមហាផ្ទៃ ស្វាគមន៍​ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នេះ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​ការបន្ត​សុពលភាព​រយៈពេល១០ឆ្នាំ​ទៀត»៕