
លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ថ្លែងក្នុងកិច្ចសំណេះសំណាលពីវិស័យកសិកម្មកាលពីថ្ងៃម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា សូមកុំយកអ្វីដែលលោកនិយាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងក្នុងការកែទម្រង់វិស័យកសិកម្មទៅបកស្រាយក្នុងន័យខុស ប៉ុន្តែបើសិនជាការបកស្រាយពន្យល់របស់លោកមានការខុសឆ្គងដោយអចេតនា សូមជួយកែសម្រួលធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋកាន់តែយល់ច្រឡំ នាំឱ្យការកែលម្អសកម្មភាពជីវភាពប្រជាពលរដ្ឋទៅមុខមិនរួច។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា ជាមួយអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម នៅរសៀលថ្ងៃទី ៦ ធ្នូ។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំនិយាយ បើខ្ញុំធ្វើទៅខុសនោះគឺជារឿងផ្សេង ប៉ុន្តែមកដល់ថ្ងៃនេះ ខ្ញុំមិនទាន់ឃើញទេ ខ្ញុំឃើញតែយើងធ្វើទៅបានលទ្ធផលពិតប្រាកដមែន អាចថា ជារយៈពេលខ្លី ប៉ុន្តែសុទ្ធតែជាដំណោះស្រាយរយៈពេលខ្លីចំពោះបញ្ហារយៈពេលខ្លី ឯដំណោះស្រាយរយៈពេលវែង សម្រាប់រយៈពេលវែងគឺត្រូវការការកែសម្រួលបន្ថែម»។
លោកបន្តថា ការដោះស្រាយបញ្ហាក្នុងវិស័យកសិកម្មគឺមានបញ្ហាខ្លះត្រូវដោះស្រាយបានក្នុងពេលបន្ទាន់ ប៉ុន្តែបញ្ហាខ្លះទៀត ត្រូវដោះស្រាយក្នុងរយៈពេលយូរ ហេតុនេះអ្វីដែលត្រូវធ្វើពេលនេះ គឺដោះស្រាយបញ្ហាបន្ទាន់ជាមុនសិនឧទាហរណ៍ដូចជាបញ្ហាស្រូវចុះថោកជាដើម។
លោកបញ្ជាក់ថា៖ «ដំណោះស្រាយវាមានធ្វើទៅកើតឬក៏ធ្វើទៅមិនកើត រឿងខ្លះត្រូវដោះក្នុងរយៈពេលខ្លីបាន រឿងខ្លះត្រូវដោះក្នុងរយៈពេលវែង។ ដូចតម្លៃស្រូវយើងទៅពិនិត្យមើលឃើញថា បញ្ហាកើតមានពិតប្រាកដមែន គឺការចាល់របស់រោងម៉ាស៊ីនកិនស្រូវ មិនមែនគាត់មិនចង់ទិញទេ យើងទៅមើលរួចហើយ គឺវាចាល់មែន។ អ៊ីចឹងពេលគាត់ដោះអាចាល់ហ្នឹងបានគាត់អាចទិញមកវិញ»។
លោកបានគូសបញ្ជាក់ថា ក្រសួងកសិកម្មអាចដោះស្រាយបានចំពោះបញ្ហាស្រូវធ្លាក់ថ្លៃនេះក្នុងរយៈពេលខ្លី នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមដំណើរការស្រួលវិញហើយ ប៉ុន្តែជាសំណួរថា តើនឹងមានបញ្ហាកើតមានទៀតទេ? គឺប្រាកដណាស់នៅតែមានកើតបន្តទៀត នៅពេលប្រមូលផលខាងមុខ។
លោកថ្លែងថា៖ «អាទិភាពគឺដោះស្រាយបញ្ហាដែលដោះបានចំពោះមុខ ឯបញ្ហាត្រូវដោះដោយរយៈពេលវែងគឺត្រូវការកែទម្រង់ក្នុងវិស័យកសិកម្ម ទាំងមូលរយៈពេលវែង។ អាហ្នឹងហើយដែលខ្ញុំលើកនៅគ្រប់កន្លែងដែលខ្ញុំដើរទៅ ដើម្បីឱ្យយល់ទាំងអស់គ្នា ព្រោះកសិករក៏ត្រូវកែទម្លាប់ក្នុងការធ្វើ អ្នកទិញក៏ត្រូវកែទម្លាប់ក្នុងការទិញ រដ្ឋាភិបាល ក្រសួងយើងក៏ត្រូវរៀបចំជួយទៅតាមស្ថានភាពនោះដែរ»។
លោក ឌិត ទីណា លើកឡើងថា បញ្ហាមិនមែនទើបតែកើតមានក្នុងពេលបច្ចុប្បន្ននេះទេ មានបញ្ហាមួយចំនួនបានកើតឡើងជាយូរលង់មកហើយ ហើយកើតឡើងដោយសារភាពរីកចម្រើននៃវិស័យកសិកម្ម។ ពីមុនកម្ពុជាខ្វះសព្វគ្រប់ សូម្បីរកទទួលទានក៏មិនគ្រប់គ្រាន់ដែរ ប៉ុន្តែបច្ចុប្បន្ននេះ បើមើលតាមបណ្តាញសង្គមជាដើម គេនិយាយអំពីកង្វះទីផ្សារលក់មិនបានថ្លៃទៅវិញ។
លោកថ្លែងថា៖ «កង្វះទីផ្សារមិនមែនមានន័យថា អត់ទីផ្សារ ប្រជាជនមិនដឹងទៅទិញអីទេ ប្រជាជនមានលទ្ធភាពទិញរបស់ច្រើនណាស់ រហូតដល់ច្រើនហ្នឹងហើយទើបធ្វើឱ្យតម្លៃវាមិនអាចបានថ្លៃដូចពេលដែលខ្វះ»។
លោក ឌិត ទីណា បានលើកឡើងថា ដំបូងឡើយកសិករចិញ្ចឹមជ្រូក ដើម្បីទទួលទានខ្លួនឯង ប៉ុន្តែនៅពេលមួយ ពួកគាត់បានប្តូរមកចិញ្ចឹមដើម្បីអាជីវកម្មទៅវិញ ហេតុនេះចំណុចនេះបានទៅជាបញ្ហាថ្មី ចេញពីការចិញ្ចឹមសត្វ ផលិតផលដើម្បីចិញ្ចឹមគ្រួសារខ្លួនទៅជាការចិញ្ចឹមធ្វើអាជីវកម្ម ដែលអាជីវកម្មនេះហើយ តែងតែមានហានិភ័យរៀងៗខ្លួន មិនថា តែកសិកម្មទេ៕
វីដេអូ៖