ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ជំនួប​ដាច់ដោយឡែក​ពីគ្នា ជា​​មួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា និង​គុយបា ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​ក្នុង​បញ្ហា​វិស័យ​ក​សិ​​កម្ម និង​ឱកាស​បើក​ទីផ្សារ​សម្រាប់​លក់​កសិផល​កសិកម្ម​ចេញទៅ​ក្រៅប្រទេស​។​

​លោក ឌិ​ត ទីណា បានស្នើ​ឱ្យមាន​ការផ្លាស់​ប្តូរ​បទពិសោធន៍​នៃ​ការធ្វើ​កសិកម្ម ជាមួយ​ប្រទេស​ឥណ្ឌា ដោយ​អញ្ជើញ​អ្នកវិនិយោគទុន​ឥណ្ឌា មក​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​សក្តានុពល​រប​ស់​វិស័យ​កសិកម្ម​កម្ពុជា និង​បើកឱកាស​ទីផ្សារ​ឱ្យ​កសិផល​​កម្ពុជា​។​

​លោក​ ឌិ​ត ទីណា បានលើកឡើង​បែបនេះ​នៅពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​​ស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​នៃ​សា​​ធារ​ណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​​​ ៥ ខែធ្នូ ឆ្នាំ​ ២០២២​។

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា​៖ «​ឥណ្ឌា​សម្បូរ​ដោយ​គ្រឿងយន្ត​កសិកម្ម ជាច្រើន​ដែល​អាច​កាត់​បន្ថយថ្លៃ​ចំណាយ​កសិករ​។ ទន្ទឹមគ្នានេះ ខ្ញុំ​ក៏បាន​ពិភាក្សា ជាមួយ​លោកជំទាវ Devyani Khobragade អំពី​ការសិក្សា​ពី​លទ្ធភាព​នៃ​ការផ្គត់ផ្គង់​ជីគីមី​ពី​ឥណ្ឌា ដោយ​ផ្តោត​សំខាន់ លើ គុណភាព និង​តម្លៃ​នៃ​ជី ដែល​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​កម្ពុជា​បាន​»​។​

​កញ្ញា អ៊ឹ​ម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ថា ក្នុងជំនួប​នេះ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​លទ្ធភាព​នៃ​ការផ្តល់​ឱកាស​ទៅដល់​ក្រុម​អ្នកជំនាញ​កសិកម្ម​កម្ពុ​ជា អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច និង​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ស្វែងយល់​ពី​ការរីក​ចម្រើន​នៅក្នុង​វិស័យ​កសិកម្ម របស់​ឥណ្ឌា ជាពិសេស ក្នុងការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ការបូមទឹក​ដោយ​ប្រើ​ពន្លឺ​ព្រះ​​អាទិត្យ និង​ការស្រាវជ្រាវ​ពូជ​ជាដើម​។

​កញ្ញា​លើកឡើងថា​៖ «​ទន្ទឹមគ្នា​នោះ​កម្ពុជា​ក៏បាន​ស្នើសុំ​ជំនាញការ​ឥណ្ឌា​មក​កម្ពុជា​ដើម្បី​ពង្រឹង​ការស្រាវជ្រាវ​បច្ចេក​​ទេស​ដើម្បី​អភិវឌ្ឍ និង​ការ​ស្រាវជ្រាវ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​»​។

​កញ្ញាថ្លែងថា ក្រៅពី​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ដដែល​នោះ លោក ឌិ​ត ទីណា ក៏បាន​ជួប​ជាមួយ លោកស្រី Liurka Rodriguez Barrios ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​គុយបា​ផងដែរ​។ ក្នុងជំនួប​នេះ ឯកអគ្គ​​រដ្ឋទូត​បានលើកឡើង​ពី​តម្រូវ​ការ​ស្រូវ ព្រោះ​គុយបា​ជា​ប្រទេស​ដែល​ប្រជាជន​បរិភោគ​បាយ​ជា​អាហារ​ចម្បង និង​បាន​អញ្ជើញ​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា និង​មន្ត្រី​​ជំនាញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​។

​កញ្ញា​ថ្លែងថា​៖ «​គុយបា​ស្នើឱ្យ​បញ្ជូន​អ្នកជំនាញ​បច្ចេក​ទេស​ដាំ​ស្រូវ​ពី​កម្ពុជា​ទៅ​គុយ​​បា​ដើម្បី​ពិសោធ និង​បង្ហាត់​បង្ហាញ​ចែករំលែក​ចំណេះដឹង អំពី​ការដាំដុះ​ដំណាំ​ស្រូវ​ទៅដល់ អ្នកជំនាញ​របស់​គុយ​បា​»​។​

​កញ្ញា រចនា បាន​ថ្លែងថា លោក ​ឌិ​ត ទីណា បាន​សម្ដែង​ការស្វាគមន៍ និង​បញ្ជាក់​ទៅវិញ​ថា កម្ពុជា​នឹង​បញ្ជូន​អ្នក​បច្ចេក​ទេស​ដំណាំ​ស្រូវ​ទៅ​គុយបា ដើម្បី​ធ្វើការ​ពិសោធ និង​បង្ហាត់​បង្ហាញ​ដោយផ្ទាល់​។

​កញ្ញា​ថ្លែងថា​៖ «​កម្ពុជា​នឹង​រៀបចំ​គណៈប្រតិភូ​កម្ពុជា ១ ​ក្រុម ដែល​រួមមាន​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​កសិកម្ម មិនមែន​តែ​អ្នក​ជំនាញ​ទេ ប៉ុន្តែ​ក៏មាន​ផងដែរ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត និង​វិស័យ​ឯកជន​ដើម្បី​ទៅ​គុយបា​ក្នុង​បំណង​ចែករំលែក​ចំណេះដឹង ពិនិត្យ ក៏ដូចជា​សិក្សា ហើយនឹង​ឈានទៅ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជាពិសេស​ដំណាំ​ស្រូវ​នៅ​ប្រទេស​គុយបា​»៕