ភ្នំពេញៈ ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំ​ ២០២២ ដែល​បាន​ដំណើរការ​រយៈពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី ៥ និង​ទី​ ៦ ខែធ្នូ បានបញ្ចប់​ទៅដោយ​រលូន​មាន​របៀបរៀបរយ មាន​ការជឿ​ទុកចិត្ត​ខ្ពស់ ជាមួយនឹង​ការ​ការ​​ពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​រស់ សុ​វាចា បាន​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី​ ៦ ខែធ្នូ ថា ទិដ្ឋភាព​ទូទៅ​ស្តីពី​ដំណើរការ​សំណេរ​នៃ​ការប្រឡង​បាក់​ឌុប នៅ​ទូទាំងប្រទេស​នា​ឆ្នាំ ២០២២​ នេះ​បានបញ្ចប់​ទៅដោយ​រលូន​តាម​ការគ្រោងទុក​ជាមួយ​នឹង​ភាពជឿជាក់​គួរ​ជាទី​ទុកចិត្ត​ប្រកប​​ដោយ​ក្តីសង្ឃឹម​។

​លោក​បញ្ជាក់ថា​៖ «​ជារួម​នៅតាម​មណ្ឌល​ប្រឡង​ទាំងអស់ មានដំណើរ​ការល្អ ប្រកបដោយ​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​។ បេក្ខជន​ប្រឡង និង​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​អនុវត្ត​គោលការណ៍​ទាំង​ ៤​ គឺ​គោលការណ៍​ច្បាប់​, យុត្តិធម៌​, តម្លាភាព និង​លទ្ធផល​ទទួលយកបាន​គួរ​ជាទី​ទុកចិត្ត ស្រប​នឹង​វិធាន​​ការ​សុខភាព​សុវត្ថិភាព​»​។

​លោក​បានលើកឡើង​ទៀតថា បេក្ខជន​ប្រឡង​សមជា​យុវជន​មាន​ភាព​ស័ក្តិ​សមជា​ពលរដ្ឋ​ល្អ ប្រកបដោយ​ភាព​អត់ធ្មត់​នឹង ការខិតខំ​ប្រឹងប្រែង​និង​មាន​ទំនុក​​ចិត្ត​លើ​ខ្លួនឯង​ក្នុងការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ប្រឡង ចេះ​ថែទាំ​សុខភាព​បុគ្គល​និង​គោរព​ច្បាប់​ចរាចរណ៍​។​នៅតាម​មណ្ឌល​ប្រឡង​បេ​ក្ខ​ជន​មួយចំនួន​តូច មាន​បញ្ហា​សុខភាព​កម្រិត​ស្រាល នៅក្នុង​ដំណើរការ​សំណេរ​ទាំង​២​ថ្ងៃ​។​

​យោងតាម​ការ​បូកសរុប​ដំណើរ​ការ​សំណេរ​នៃ​ការប្រឡង​សញ្ញា​​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​របស់​ក្រសួង​អប់រំ​ឱ្យដឹងថា បេក្ខជន​ចំនួន​ ៧០​ នាក់ មាន​បញ្ហា​សុខភាព ក្នុងនោះ​ករណី​គ្រោះថ្នាក់​ច​រា​ចរណ៍​កម្រិត​ស្រាល​ ៤ ​ករណី និង​សង្ស័យ​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩ មាន​ ៤ ​ករណី​។ បេក្ខជន​ដែល​មិនអាច​បន្ត​ដំណើរការ​សំណេរ​ដោយសារ​បញ្ហា​សុខភាព​មាន​ ៣ ​ករណី គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​មាន​ចំនួន​ ១៤​ នាក់ ក្នុងនោះ​ម្នាក់​មាន​ស្ថានភាព​ធ្ងន់​ធ្ង​រ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រសួង​ថា បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​មួយចំនួន​បាន​បន្ត​ការប្រឡង​ក្រោម​ការយកចិត្តទុកដាក់​មើលថែ​ពី​ក្រុមគ្រូពេទ្យ បន្ទាប់ពី​មាន​អាការ​ធូរស្រាល​។ ក្នុង​​នោះ​ផងដែរ គណៈកម្មការ​មាន​បញ្ហា​សុខភាព​ចំនួន​ ១៣ ​ករណី​។​

​ទាក់ទង​នឹង​បញ្ហា​សុខភាព​នេះ លោក រស់ សុ​វាចា បញ្ជាក់ថា៖ «​បញ្ហា​សុខភាព​របស់​បេក្ខជន រួមមាន​អាការ​វិលមុខ ខ្យល់គ ក្អួត​និង​បានទទួល​ការជួយ​សង្គ្រោះ​បឋម ពី​សំណាក់​ក្រុមគ្រូពេទ្យ ប្រចាំការ​នៅតាម​មណ្ឌល​ប្រឡង ដើម្បី​អាច​ត្រឡប់​ចូលរួម​បញ្ចប់​ការប្រឡង​បាន​»​។

​លោក​សុ​វាចា ក៏​បញ្ជាក់ដែរថា លទ្ធផល​នៃ​ការ​​ប្រឡង​បាក់​ឌុប​ដែល​នឹង​ប្រកាស​នាពេលខាងមុខ​មិនមែនជា​ទីបញ្ចប់​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​នោះទេ តែ​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ​របស់​អ្នកសិក្សា​ពេញ​មួយជីវិត​ដើម្បី​បន្ត​សម្រេច​គោល​​បំណង​ជីវិត​បុគ្គល និង​គ្រួសារ​។

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​ក្រសួង​អប់រំ ដំណើរការ​ប្រឡង​រយៈ​ពេល​ ២ ​ថ្ងៃ មកនេះ មាន​បេ​ក្ខ​ជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៥​ នាក់ (​ស្រី​ ៦៨-៧៧១​ នាក់​),​មណ្ឌល​ប្រឡង ចំនួន​ ២២១​ ត្រូវជា​ ៥១៧៤​ បន្ទប់​។

​ដំណើរការ​សំណេរ​ត្រូវបាន​ចូលរួម​រៀបចំ ដោយ​គណៈ​មេ​​ប្រយោគ​ទូទាំងប្រទេស និង​គណៈកម្មការ​នានា​សរុប​ចំនួន​ ១៧ ២៤០ ​នាក់​, ជំនួយការ​អប្ប​មាទ ដែលជា​គរុ​សិស្ស និង​គរុ​​និស្សិត​ ២ ៧៥៦ ​នាក់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចូល​​រួម​សង្កេតការណ៍ ចំនួន​ ៣៥០​នាក់ និង​អ្នកសង្កេតការណ៍ រាជ​ធានី​ខេត្ត​ចំនួន ២ ៧០០​ នាក់​។​

​ក្រសួង​អប់រំ បញ្ជាក់ថា បេក្ខជន​អវត្តមាន​សរុប​ចំនួន ​២ ៤០០ ​នាក់ (​ត្រូវជា ​១,៨៧ ​ភាគរយ​នៃ​បេក្ខជន​សរុប (​ស្រី​ ១ ០៣៦​ នាក់​)​។​

​ក្រសួង​លើកឡើងថា​៖ «​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​មានដំណើរ​ការល្អ មាន​សភាព​ស្ងប់​ស្ងាត់ និង​របៀបរៀបរយ​ល្អ​, បាន​អនុវត្តតាម​សេចក្តី ណែនាំ​ប្រតិ​​ប​ត្តិ​របស់​ក្រសួង មាន​ការយក​​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុស​​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ភ្នាក់ងារ​សុខាភិបាល​, កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់​​ព័ន្ធ​»​។

​ទោះបី​នៅតាម​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​ហើយ​បេ​ក្ខ​​ជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​​ប្រឡង​បាន​យ៉ាង​ល្អ ដោយមាន​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​តែ​ ១ ​ករណី​ប៉ុណ្ណោះ​។​

​ដំណើរការ​សំណេរ​បានបញ្ចប់​ទៅ​នៅ​ម៉ោង​ ១៦:៣០ ​រសៀល​ថ្ងៃទី​ ៦ ខែធ្នូ ហើយ​ហឹប​សំណៅ​កិច្ចការ​បេក្ខជន និង​សំណុំ​ឯក​សារ​ពាក់ព័ន្ធ​ការប្រឡង ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត នឹងត្រូវ​បញ្ជូន​មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៧ ខែធ្នូ ដើម្បី​ត្រៀម​ដំណើរការ​កំណែ​។ «​ជារួម ដំណាក់កាល​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០២២​ នេះ បាន​ប្រព្រឹត្ត​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​លទ្ធផល​អាច​ទទួលយក​បាន និង​ស្របតាម​គោល​​ការណ៍ អ្នកចេះ​គឺជា​ប់​»​។​

​តាម​ការគ្រោងទុក លទ្ធផល​ប្រឡង​នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី ​២៧ ខែធ្នូ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា ថ្ងៃទី ​២៨ ធ្នូ និង​ផ្សព្វផ្សាយ​តាម​ facebook.com/moeys.gov.kh ៕