ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌ មន្ត្រីនគរបាល​ជំនាញ​កម្ពុជា និង​មន្ត្រី​ជំនាញ​ពី​ប្រទេស​អាល្លឺម៉ង់ ជាង​ ៤០ ​នាក់ បាន​ពិភាក្សា​និង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា នៅក្នុង​សិក្ខាសាលា​ស្តីពី​ឧក្រិដ្ឋកម្ម​ដែលមាន​ការចាត់​​តាំង​ដោយមាន​គោលដៅ​ច្បាស់​​លាស់​ដោយ​ផ្តោតលើ​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ ដែលជា​កិច្ច​ចាប់ផ្តើម​រួមគ្នា​រវាង​រដ្ឋាភិបាល​-​អាល្លឺម៉ង់ និង​កម្ពុជា ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​សម្អាត​ប្រា​ក់នៅ​កម្ពុជា​។​

​សិក្ខាសាលា​ស្តីពី​ឧក្រិដ្ឋកម្ម​ដែលមាន​ការចាត់តាំង​ដោយមាន​គោល​​ដៅ​ច្បាស់លាស់ ដោយ​ផ្តោតលើ​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី ​៧ ខែធ្នូ ឆ្នាំ​ ២០២២ នៅ​សណ្ឋាគារ Tribe ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​ខុនរ៉ាត​ប្រចាំ​តំបន់ KAS Regional in Singapore​។​

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែធ្នូ​ថា សិក្ខា​សា​​លា​នេះ មាន​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​ប្រទេស​អាល្លឺម៉ង់ លើ​ឧក្រិដ្ឋកម្ម​ដែលមាន​ការចាត់​​តាំង​ដោយមាន​គោលដៅ​ច្បាស់​លាស់ ដោយ​ផ្តោតលើ​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ ដោយមាន​វាគ្មិន​ជា​អ្នកជំនាញការ​មកពី​ប្រ​​ទេស​អាល្លឺម៉ង់ និង​កម្ពុជា​។​

​លោក​បាន​និយាយថា កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​នេះ គឺ​ចាប់ផ្តើម​ពី​ការធ្វើសិក្ខាសាលា និង​កិច្ចប្រជុំ​រួមគ្នា រវាង​អ្នកជំនាញការ និង​មន្ត្រី​អនុវត្តន៍​ច្បាប់​កម្ពុជា ជាមួយ​អ្នកជំនាញការ និង​មន្ត្រី​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​​អាល្លឺម៉ង់ ដើម្បី​ចែករំលែក​បទ​ពិ​សោធន៍​គ្នា​ទៅវិញទៅមក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កិច្ច​ពិ​ភា​ក្សា​នេះ គឺ​ដើម្បី​ជជែក​រក​បញ្ហា និង​ធ្វើការ​ដោះស្រាយ​ដែល​ប្រធាន​​បទ​ដំបូង​ដែល​យើង​បានរៀបចំ​គឺ​ការសម្អាត​ប្រាក់ ដោយសារតែ​កម្ពុជា​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ ដើម្បី​រំដោះខ្លួន​ពី​បញ្ជី​ប្រផេះ​។ អ៊ីចឹង​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្តន៍​ច្បាប់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់ គឺជា​រឿង​សំខាន់​»​។​

​លោក ជិន ម៉ា​លីន បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល​ ៣​ ថ្ងៃនេះ មន្ត្រី​កម្ពុជា និង​មន្ត្រី​មកពី​ប្រទេស​អាល្លឺម៉ង់ នឹង​ជួប​ជជែក​គ្នា ដោយ​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ ជា​​ពិសេស​គឺ​រៀនសូត្រ​ពីគ្នា​ទៅវិញ​​ទៅមក ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការលាង​លុយកខ្វក់ ឬ​ការសម្អាត​ប្រាក់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ផ្លាស់ប្តូរ និង​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក​នេះ គឺ​ផ្តោតទៅលើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ទៅនឹង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​សម្អាត​ប្រាក់ រួមទាំង​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ រួមទាំង​វិធាន​ការ​យន្ត​ការដែល​កម្ពុ​ជា​បាន​ដាក់ចេញ​នានា ព្រមទាំង​ជជែក​ពី​ប្រសិទ្ធ​​ភាព​នៃ​ការអនុវត្ត​ច្បាប់ និង​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​នឹង​ឧក្រិដ្ឋកម្ម​នៃ​ការសម្អាត​ប្រាក់​នេះ​»​។​

​លោក ជិន ម៉ា​លីន បានឱ្យដឹងថា មន្ត្រី​​នគរបាល​យុត្តិធម៌ ចៅក្រម ព្រះ​រាជអាជ្ញា និង​មន្ត្រី​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​នៅ​ក្រសួង​យុត្តិធម៌​ប្រមាណ​ជាង​ ៤០ ​នាក់ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ហើយ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​នេះ នៅ​ដើមឆ្នាំ​ ២០២៣ មន្ត្រី​កម្ពុជា​នឹង​ទៅធ្វើ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធន៍​ដោយផ្ទាល់​នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​បន្ត​កិច្ចការ​រួមគ្នា​រវាង​ប្រទេស ទាំង​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​សម្អាត​ប្រា​ក់នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី ​៥ ​ធ្នូ លោក ជិន​ម៉ា​លីន ក៏បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងយុត្តិធម៌ ចូលរួម​កិច្ចសន្ទនា​ជាន់ខ្ពស់​ស្តីពី​ផែនការ​សកម្មភាព​រប​ស់​អង្គការសហប្រជាជាតិ​ស្តីពី​សុវត្ថិភាព​អ្នកសារព័ត៌មាន និង​បញ្ហា​ប្រឈម ដែល​រៀបចំឡើង​ដោយ​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​។​

​លោក ជិន ម៉ា​លីន បាន​ប្រាប់ថា កិច្ចសន្ទនា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង លើក​​កម្ពស់​យល់ដឹង​អំពី​ផែនការ​សកម្ម​ភាព និង​កំណត់​ស្តង់ដា​នៃ​ការរៀប​​ចំ​គោលនយោបាយ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​អ្នក​សារ​

​ព័ត៌មាន និង​បញ្ហា​ប្រឈម​។​

​លោក​ថ្លែងថា កិច្ចសន្ទនា​នេះ ក៏​ដើម្បី​រៀបចំ​យន្តការ​តាមដាន រាយការណ៍ និង​កសាង​សមត្ថភាព​មន្ត្រី​អនុវត្តន៍​ច្បាប់ ព្រមទាំង​ធ្វើ​​ការសិក្សា​ស្រាវជ្រាវ និង​កសាង​សម្ព័ន្ធភាព ដែលជា​ជំហាន​បន្ត​បន្ទាប់​ឱ្យស្រប​នឹង​ចំណុច​ទី​ ១០ នៃ​គោលដៅ​ទី​ ១៦​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដើម្បី​ធ្វើឱ្យ​តួនាទី​នៃ​ការបញ្ចេញ​​មតិ​ដោយ​សេរី និង​ការទទួលបាន​ព័ត៌មាន​ជា​បុ​រេ​លក្ខខណ្ឌ និង​កត្តា​ដែលមាន​លក្ខណៈ​អំណោយផល​សម្រាប់​ការអភិវឌ្ឍ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៕