សៀមរាបៈ​ អគារ​ចាស់​ទុកចោល​១​ខ្នង​នៅ​តំបន់​ចុង​ឃ្នៀ​ស បាន​ប្រែ​រូបភាព​ថ្មី បន្ទាប់ពី​ត្រូវបាន​បោះ​បង់​ចោល​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​អាជ្ញា​ធរ​ខេត្ត​សៀម​រាប បានដក​ហូត​ត្រឡប់​មកវិញ​ពី​ក្រុមហ៊ុន​ឯកជន​មួយ​។ អគារ​ចាស់​ប្រែ​រូប​រាង​ថ្មី​នេះ ស្ថិត​នៅក្បែរ​មាត់​ទឹក​ ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ហើយ​វា​បាន​ប្រែ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា មជ្ឈ​មណ្ឌល​បែង​ចែក និ​ង​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក​របស់​សហ​គមន៍​ចុង​ឃ្នៀ​ស​។​

ការ​កែប្រែ​រូបរាង​អគារ​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​សហ​គមន៍​សង្កាត់​ចុង​ឃ្នៀ​ស​ឱ្យ​អនុវត្ត​កម្មវិធី​គ្រប់​គ្រង​កាក​សំណល់​ និង​ប្រមូល​យក​ប្លា​ស្ទិ​ក​ពី​ក្នុង​បឹង​ទន្លេ​សាប ដែល​មាន​រយៈ​ពេល​៣ឆ្នាំ (Waste Manage​ment and Harvest Plastic Program) របស់​អង្គ​ការ​មូល​និធិ​ទំពាំង​ស្នង​ប្ញ​ស្សី​(NGO2)និង​អង្គការ​ដៃគូ​ពាក់​ព័ន្ធ​។​

​លោក ​ស៊ា សុផល ប្រធាន​អង្គការ​មូល​និធិ​ទំពាំង​ស្នង​ប្ញ​ស្សី បាន​និយាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ត្រឹម​រយៈ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៥ ​និង​២៦ ​ខែវិច្ឆិកា ក្រុម​យុវជន​ដែលជា​សិស្ស​និស្សិត​ក្នុង​សហ​គមន៍​ចុង​ឃ្នៀ​ស ​បាន​កែប្រែ​អគារ​ចាស់​១​នេះ ឱ្យ​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​ថ្មី​១ ដ៏​គួរ​ឱ្យ​ទាក់​ទាញ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ប្រើប្រាស់​អគារ​នេះ​ជាថ្មី​ដោយ​បាន​លាប​ពណ៌​សាដើម ​ហើយ​ឱ្យ​ក្មេងៗ​ចូល​រួម​គូរ​រូប ដើម្បី​ប្រែ​ក្លាយ​ពីអគា​រដែល​ទុក​ចោល​ទៅជា​អគារ​អប់រំ និង​ផ្តល់​ព័ត៌​មាន​ទៅ​កាន់​ភ្ញៀវ​ទេសចរ​នៅក្នុង​តំបន់​នេះ​។ បរិវេណ​ជុំវិញ​អគារ​នេះ គឺ​យើង​នឹង​រៀបចំ​ជា​កន្លែង​សម្រាប់​ទុក​ដាក់ និង​បែង​ចែក​សំរាម​ដែល​ប្រមូល​បាន​ពី​គ្រប់​ទិស​ទី​ក្នុង​តំបន់​ចុង​ឃ្នៀ​ស​»​។​

​និយាយ​បណ្តើរ​ បន្ត​សកម្ម​ភាព​សម្អាត​បរិវេណ​អគារ​បណ្តើរ ​លោក ស៊ា សុផល បាន​រៀប​រាប់​បន្តថា ក្រុម​យុវ​ជន បានធ្វើ​សកម្ម​ភាព​គូរ​គំនូរ​ដោយ​ដៃ​លើ​ជ​ញ្ជាំង​អគារ ​ដើម្បី​បង្ហាញ​អំពី​ជីវចម្រុះ​បឹង​ទន្លេ​សាប​ ការអប់រំ​បរិស្ថាន ​និង​គូរ​រូបភាព​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​នៃ​សំរាម​ប្លា​ស្ទិ​ក​។ ក្រៅពី​សកម្ម​ភាព​ទាំងនេះ ​លោក​ បាន​ឱ្យដឹង​ទៀត​ថា ការដាក់​បង្ហាញ​ជា​ផ្ទាំង​ផ្សព្វ​ផ្សាយ​ និង​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​សកម្ម​ភាព​នៃ​ការសម្អាត​បរិស្ថាន ​ក៏ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​អគារ​មួយ​នេះ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​អគារ​នេះ​នៅជាប់​មាត់​ទឹក​ ហើយ​មានផ្ទះ​ប​ណ្តែ​តទឹក​របស់​ប្រជាជន​នៅ​ជុំវិញ ​ហើយ​វា​ស្ថិតក្រោម​ការ​គ្រប់​គ្រងរ​បស់​រដ្ឋបាល​ខេត្ត​សៀម​រាប​។ពីមុន​អគា​រនេះ គឺជា​អគាររ​បស់​ក្រុមហ៊ុន​ស៊ូ​ជី​ង ដែល​ទទួល​គ្រប់​គ្រង​តំបន់​ចុង​ឃ្នៀ​ស ហើយ​ក្រោយមក​រដ្ឋ​ដក​ហូត​យក​មក​គ្រប់​គ្រង​វិញ​​អ៊ីចឹ​ងអាជ្ញា​ធរ​សង្កា​ត់ចុង​ឃ្នៀស​យើង បាន​យក​មក​កែច្នៃ សម្រាប់​ប្រើ​ប្រាស់​ដោយ​បាន​បង្កើត​ជា​មជ្ឈ​មណ្ឌល​តែ​ម្តង​»​។​

​លោក ស៊ា សុ​ផល បាន​និយាយ​ថា ការដែល​អាច​កែប្រែ​អគា​រមួយ​នេះដើម្បី​ជា​ប្រយោជន៍​របស់​សហ​គមន៍ ក៏​ព្រោះ​តែមាន​ការចូល​រួម​សហ​កា​រនិង​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់និ​ង​ប្រជា​សហ​គមន៍ដែល​មជ្ឈ​មណ្ឌល​នេះនឹង​ចូល​រួម​ចំណែក​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​តំបន់​បឹង​ទន្លេ​សាប​ស្អាត ​និង​បៃតង​។​

​អ្នក​ស្រី លឹម បូរ៉ែន ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​អនុវិទ្យា​ល័យ​ចុង​ឃ្នៀស ​និងបាន​ដឹកនាំ​សិស្សា​នុ​សិស្ស​ក្នុង​សាលា​របស់​ខ្លួន​ចូល​រួម​គូរ​រូប​លើ​ជញ្ជាំង​អគារ​ បាន​និយាយ​ថា ​ការ​ចូល​រួម​របស់​សិ​ស្សានុ​សិស្ស​ក្នុង​តំបន់​នេះ​ គឺជា​ផ្នែក​មួយ​ជួយ​ឱ្យ​បរិស្ថាន​ស្អាត ​ហើយ​វា​ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​ក្មេងៗ​បាន​ចូល​រួម​ចំណែក​បញ្ចេញ​នូវអ្វី​ដែល​ពួក​គេ​ចង់​បង្ហាញ​ពី​បញ្ហា​បរិ​ស្ថាន​ផង​ដែរ​។​

​និយាយ​ដោយ​បង្ហាញ​ក្តី​សប្បាយ​រីក​រាយ ​បន្ទាប់ពី​បាន​ឃើញ​ស្នាដៃ​របស់​សិស្សា​នុសិស្ស​ដែល​បង្ហាញ​ពី​ភាព​លេច​ធ្លោ​នៃ​ផ្ទាំង​គំនូ​រលើ​ជញ្ជាំង​ចាស់​ទៅជា​ជញ្ជាំង​ដ៏​ស្រស់​ស្អាត​ អ្នក​ស្រី ​ជឿជាក់​ថា ផ្ទាំង​គំនូរ​ទាំង​នេះ នឹង​ចូល​រួម​ទាក់​ទាញ​កែវ​ភ្នែក​ភ្ញៀវ​ទេស​ចរ​ឱ្យ​ក្រ​ឡេក​មើល​មក​គំនូរ​ទាំង​នោះ​​មិន​ខាន​។​

​អ្នក​ស្រី​បាន​រៀប​រាប់​ថា​៖ «​អារម្មណ៍​ដែល​មើល​ឃើញ​ជាក់​ស្តែង​ដំបូង​គិតថា​ពួកគាត់​មិន​អាច​ធ្វើបានតែ​ផ្ទុយ​ទៅវិញ​ពួកគាត់​អាច​បញ្ចេញ​ស្នាដៃ​មួយ​ដ៏​អស្ចារ្យ ​និង​អាច​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរថា ​ថង់​ប្លា​ស្ទិ​ក​ពិតជា​រំខាន​ដល់​ការ​រស់នៅ​​និង​ធ្វើឱ្យ​កន្លែង​ទេស​ចរ​ណ៍​ទាំង​មូល​បាត់​បង់​ភាព​ស្រស់ស្អា​ត ហើយ​ធ្វើឱ្យ​ពួក​គាត់​យល់​ដឹង​បន្តិច​ម្តងៗ ​អំពី​បរិស្ថាន​និង​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​»​។​

​ម៉ៃ​ មាន ជា​យុវ​ជន​ទទួល​បន្ទុក​ផ្នែក​អនាម័យ​នៅក្នុង​តំបន់​ចុង​ឃ្នៀ​ស បាន​បង្ហាញ​ក្តី​សប្បាយ​រីក​រាយ​ដែល​អាជ្ញាធរ​បាន​ផ្តល់​ទីតាំង​នេះ​សម្រាប់​សហ​គមន៍​ក្នុងការ​បង្កើតជា​មជ្ឈ​មណ្ឌល​បែង​ចែក និង​កែច្នៃ​សំរាម​របស់​សហ​គមន៍​ចុង​ឃ្នៀ​ស​។

​បន្ទាប់ពី​បាន​កែប្រែ​អគារ​នេះហើយ យុវជ​នម៉ៃ មាន​បាន​រៀបរា​ប់ថា ជំ​ហាន​ដំបូង ​ក្រុមការ​ងារ នឹងបែង​ចែក​ប្រភេទ​សំរាម​ ដែល​អាច​យក​មក​ស្តុក​ក្នុង​មជ្ឈ​មណ្ឌល​នេះ ដើម្បី​​កែច្នៃ ​ខណៈ​១ផ្នែក​នៃ​អគារ​នេះ នឹង​ចូលរួម​ផ្តល់​ជាទី​កន្លែង​អប់រំ​សម្រាប់​ក្រុម​ស្ម័គ្រ​ចិត្ត​សហ​គមន៍ ដើម្បី​បន្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​។​

​គេបាន​បញ្ជាក់​ថា​៖ «​សំរាម​ដែល​បាន​បែង​ចែក​ត្រឹម​ត្រូវហើយយើង​យក​សំរាម​នោះម​ក​កែច្នៃ​ឱ្យមាន​ប្រយោជន៍​វិញ​។មជ្ឈ​មណ្ឌល​នេះគឺ​យើង​ទុក​១​ផ្នែក​សម្រាប់​បែង​ចែក​កែច្នៃ​សំរាម ​និង​១​ផ្នែក​ទុក​សម្រាប់​ផ្សព្វ​ផ្សាយ​អប់រំ​។ យើង​មិន​អាច​ផ្សព្វ​ផ្សាយ​តែ​១​ថ្ងៃ២​ថ្ងៃបាន​ទេ យើង​អប់រំ​ឱ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ផ្នត់គំ​និត​បាន​។យើង​ត្រូ​វមាន​កន្លែង​ផ្សព្វ​ផ្សាយ​សម្រាប់​ឱ្យ​សិស្សានុ​សិស្សគាត់​ចូលមក​សិក្សា​តាម​រយៈ​ការផ្លាស់​ប្តូរ​ផ្នត់​គំនិត​ទៅ​កាន់​ក្មេងៗ​ឱ្យមក​ចូល​រួម​ជា​មួយ​ចលនា​យើង​នេះ​»​។​

​ម៉ៃ មាន ​សង្ឃឹម​ថា​ មជ្ឈ​មណ្ឌល​បែង​ចែក និង​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក​របស់​សហ​គមន៍​ចុង​ឃ្នៀ​ស​នេះនឹង​អាច​ចូលរួម​ផ្តល់​អត្ថ​ប្រយោ​ជន៍​ដល់​ប្រជា​សហ​គមន៍​ទៅ​ថ្ងៃ​អនា​គត​ និង​អាច​ចូលរួម​កែប្រែ​ឥរិយា​បថ​ពួក​គាត់ ឱ្យ​មាន​ការ​យល់​ដឹង​ពី​អត្ថ​ប្រយោជ​ន៍​នៃ​ការ​វេច​ខ្ចប់​សំរាម​ប្លា​ស្ទិ​ក​។

​សហគ​មន៍​ចុង​ឃ្នៀ​ស ជា​តំបន់​ទេសច​រណ៍​បែប​ធម្មជាតិ​ដែល​ចូលរួម​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​ចូល​មក​ទស្ស​នា​តាមរយៈ​ការមើល​ទេសភាព​​ថ្ងៃ​លិច​ដ៏​ស្រស់​ត្រកាល​នៅលើ​ផ្ទៃ​បឹង​ទន្លេ​សាប​ ខណៈ​ភ្ញៀវ​ទេស​ចរអាច​ទស្សនា​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ដែល​គេ​និយម​​ហៅ​ជាទូទៅ​ថា ផ្ទះ​បណ្ដែត​ទឹក ឬ​ភូមិ​បណ្ដែត​ទឹក​។ សហ​គមន៍​ចុង​ឃ្នៀ​សមាន​ចម្ងាយ​២១​គីឡូម៉ែត្រ​ពី​ទី​រួម​ខេ​ត្តសៀមរា​ប ដែល​មាន​ប្រជាព​លរដ្ឋ​រស់នៅ​ប្រមាណ​ជាង ​១ ០០០គ្រួ​សារ ដោយ​ក្នុងនោះ​ពលរដ្ឋ​រស់នៅ​តាម​ផ្ទះ​ប​ណ្តែ​ត​ទឹក​មាន​ប្រមាណ​៧០០​គ្រួសារ។​

​លោក អ៊ុំ សារី ចៅ​សង្កាត់​ចុង​ឃ្នៀ​ស បាន​ថ្លែងថា ​ការដឹក​នាំ​ប្រជា​ពលរដ្ឋ​ឱ្យ​ចូលរួម​ទុក​ដាក់​សំរាម​ និង​ប្រមូល​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ គឺជា​រឿង​សំខាន់​ ព្រោះ​វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ក្នុង​សហ​គមន៍​ទេស​ចរណ៍​មួយ​នេះ​។ ក្នុង​នាម​អាជ្ញា​ធរ​មូល​ដ្ឋាន លោក​រំពឹងថា ​មជ្ឈ​មណ្ឌល​ថ្មី​នេះនឹង​ចូលរួម​ចំណែក​ជា​ផ្នែក​មួយ​ធ្វើឱ្យ​សហ​គមន៍​មាន​ភាព​ល្អប្រ​សើរ​។​

​លោក ​សារី បាន​បញ្ជាក់ថា​​៖ «​ពេលនេះ​ យើ​ង​ត្រូវធ្វើ​ហើយ​ យើង​ត្រូវ​បែង​ចែក​ឧបករណ៍​ដល់​ពលរដ្ឋ​យើង ដើម្បី​ឱ្យ​ពួកគាត់​ចេះ​ញែក​សំរាម​ ហើយ​យើង​ក៏​បង្កើត​គណៈ​កម្មការ​ ដើម្បី​ផ្សព្វ​ផ្សាយ​ និង​សម្អាត​រាល់​ខែ ដើម្បី​ឱ្យ​ពួក​គាត់​ចូល​រួម​ប្រមូល​សំរាម​ទាំង​អស់​គ្នា​។ មជ្ឈ​មណ្ឌល​នេះ​គឺជា​ផ្នែក​មួយ​របស់​ពួក​យើង​»​។​

​តាម​ការ​សិក្សា​កន្លង​មក​ សំរាម​ប្លា​ស្ទិ​ក​ជាច្រើន​ ត្រូវ​បាន​ហូរ​ចូល​បឹង​ទន្លេ​សាប​ដោយ​ការប្រើ​ប្រាស់​របស់​សហ​គម​ន៍​ដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប​នេះ​ផង​ និង​ការហូរ​នាំយក​ប្លា​ស្ទិ​ក​ដែល​ប្រជា​ពលរដ្ឋ​បោះ​ចោល​គ្មាន​សណ្តាប់​ធ្នាប់​តាម​ព្រែក ​តាម​ស្ទឹង​នានា​ចាក់​ចូលម​កក្នុង​បឹង​ទន្លេ​សាប​ផង​។ ចាប់​ពី​ខែមិថុនា ​មកដល់​ខែតុលា ឆ្នាំ​២០២២ ​អាជ្ញាធរ​មូល​ដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​បាន​កៀរគរ​ប្រជា​សហ​គមន៍​នៅ​តំបន់​ចុង​ឃ្នៀស ​ដើម្បី​ចូល​រួម​ធ្វើ​អនា​ម័យ​សម្អាត​បរិស្ថាន និង​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​ក្នុង​ទឹក​ទន្លេ​។

​ជាក់​ស្តែង​នៅក្នុង​រដូវវស្សា​ឆ្នាំនេះ​សកម្ម​ភាព​របស់​អាជ្ញាធ​រ​មូល​ដ្ឋាន​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​នៅក្នុ​ង​សហ​គមន៍​ចុង​ឃ្នៀ​ស​ឱ្យចូល​រួម​ធ្វើ​អនាម័​យ​សម្អាត​បរិស្ថាន​និង​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​ក្នុង​តំបន់​របស់ខ្លួ​ន​សរុប​បាន​ជាង​១០០​តោន​៕