ភ្នំពេញ: ការ​ប្រកួត​ប្រជែង​គំរូ​អាជីវ​កម្ម(BMCCambodia)​ដែលជា​ការ​ប្រកួត​របស់​សិស្ស​-​និស្សិត​​​ថ្នាក់​ជាតិ​ពេល​នេះ​បាន​ត្រឡប់​​មក​វិញ​ហើយ​​ក្នុង​ការ​បើក​ឱកាស​​ឱ្យបេក្ខ​ជន​ដាក់ពា​ក្យ​បង្ហាញ​ពី​​គំនិត​អាជី​វកម្មឬ​អាជីវ​កម្ម​សង្គម​ហើយ​មាន​បំណង​​ចង់​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។​

​លោក Stephen Paterson អ្នក​សម្រប​សម្រួល​កម្ម​វិធី BMC ​បាន​និយាយ​ថា៖ «​កម្មវិធី​នេះ​បើក​​ស្វា​គមន៍​​ដល់​​និស្សិត​ទាំង​អស់​​នៅ​សាកល​វិទ្យាល័​យ​រដ្ឋ និង​ឯកជន​​ទូទាំងប្រ​ទេស​កម្ពុជា ​ហើយ​សិស្ស​វិទ្យា​ល័យ​ក៏មាន​សិទ្ធិ​ដាក់​ពាក្យ​ផង​ដែរ​»។​

BMC Cambodia ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩​ ជា​ផែន​ការ​អាជីវ​កម្ម​ហើយ​បាន​ចាប់​ផ្តើម​កម្មវិធី​ប្រកួត​ប្រជែង​នៅ​ក្នុង​ឆ្នាំ​២០១១​ ជា​មួយ​នឹង​៥​ប្រភេទ​វិញ្ញា​សា ​រួម​មាន​ កសិកម្ម​ ថា​មពល​ស្អាត ​វេជ្ជ​សាស្ត្រ​ បច្ចេក​វិទ្យា និ​ង​អាជីវ​កម្ម​ទូទៅ​។​

​កម្មវិធី​នេះ​មាន​គោល​បំណង​លើក​កម្ពស់​សហ​គ្រិន​ភាព ​និង​ផ្នត់​គំនិត​សហគ្រិន​ភាព​ក្នុង​ចំណោម​យុវជន​កម្ពុជា​។​

​ក្នុង​​ឆ្នាំ​ទី១៣នៃ​​ដំណើរ​ការ​ប្រកួត​ដែល​បាន​បើក​ទទួល​ពាក្យ​សុំពី​ពេល​នេះ​រហូត​ដល់​ថ្ងៃទី២៩​ ខែធ្នូ លោក Paterson បាន​និយាយ​ថា ​ជា​ធម្មតា BMC Cambodia ទទួល​បាន​​ការ​ដាក់​ប្រកួត​​វីដេ​អូអាជីវ​កម្ម​​​រហូត​ដល់​១០០​ក្រុម​​ ក្នុង​១​ឆ្នាំ​ ដែល​មក​ពី​ចន្លោះ​២០​ ទៅ២៥​គ្រឹះ​ស្ថាន​សិក្សា​​ ទូទាំង​ប្រទេស​។​

​ដើម្បី​ចូលរួម​ការ​ប្រកួត​ សិស្សានុ​សិស្ស​ ត្រូវ​អនុវត្ត​តាម​ជំហាន​មួយ​ចំនួន​ មុន​នឹង​បញ្ជូន​វីដេអូ​​អាជី​វកម្ម​គំរូ​របស់​ខ្លួន​មក​កាន់ BMC Cam​bodia​។​

​សិស្សា​នុសិស្ស​បង្កើត​ជាក្រុម​ដែល​មាន​​​សមា​ជិក​៣​នាក់​ ហើយ​បង្កើត​វីដេអូ​រយៈ​ពេល​៣​នាទី រួច​បង្ហោះ​វា​លើ​បណ្ដាញ​សង្គម​ YouTube។ឥឡូវ​នេះ​ពួកគេ​ទាញ​យក​ទម្រង់​ពាក្យ​ស្នើ​សុំ​ដោយ​ប្រើ​លេខ​កូដQRនៅលើ​សេចក្តី​ប្រកាស​។ជា​ចុង​ក្រោយ​សិស្សានុ​សិស្ស​អាច​ដាក់​ទ​ម្រ​ង់​ពាក្យ​សុំ​របស់​ពួក​គេ​តាម​អ៊ីមែល។នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ BMC Cambodia​។​

លោក​Patersonប្រធាន​ផ្នែក​ច្នៃ​ប្រឌិត​ និង​សហគ្រិន​ភាព(CIEO)នៅឯ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​(NUM)បាន​និយាយ​ថា៖​«​ក្រុម​ប្រកួត​ប្រជែង​ប្រហែល​២០​ក្រុម ​ត្រូវបាន​ជ្រើស​រើស​សម្រាប់​ក​ម្ម​វិធី​បណ្តុះ​បណ្តាល​រយៈ​ពេល​៣​ខែបន្ទាប់​មក​ ដោយ​ការ​ប្រកួត​ប្រជែង​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​»។​

​លោក​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «​ក្រុម​កំពូល​ទាំង១០​នឹង​ឆ្ពោះ​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​​ធ្វើ​ឡើង​នៅ​ខែឧសភា ឆ្នាំ២០២៣​។​​យើង​កំពុង​ស្វែងរក​គំរូ​អាជីវកម្ម និង​សង្គម​តែមួយគត់​ ដែល​ដោះស្រាយ​បញ្ហា​អតិថិជន ឬ​សង្គម​ពិតប្រាកដ»​។​

លោក Paterson បាន​ឱ្យ​ដឹង​ថា ​គណៈ​កម្មាធិ​ការ​វិនិច្ឆ័យ​មាន​ទាំង​សហ​គ្រិន​ និង​នា​យក​ប្រតិ​បត្តិ​អាជី​វកម្ម​មកពី​ក្រុ​មហ៊ុន​អន្តរ​ជាតិ​ឈាន​មុខ​គេ​នានា​​។

​លោក​បាន​បន្ដ​ថា​គោល​បំណង​សំខាន់​នៃ​កម្មវិធី​គឺ​បង្រៀន​នូវ​យុទ្ធ​សាស្ដ្រ​អាជី​វកម្ម​សាក​ល្បង​ដើម្បី​ឱ្យ​​សិស្ស​រៀន​ពី​របៀប​បង្កើត​គំនិត​អាជីវ​កម្ម ​និង​​សាក​ល្បង​ដំណើរ​ការ​គំនិត​របស់​ពួក​គេ​។គោល​ដៅ​គឺ​ដើម្បី​អភិវឌ្ឍ​គំនិត​សហ​គ្រិន​។​

អ្នក​សម្រប​សម្រួល​កម្មវិធី​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ជា​រៀង​រាល់​ឆ្នាំ​ ក្រុម​១ ឬ​២​អាច​នឹងបន្ដ​​អនុវត្ត​អាជី​វកម្ម​របស់​ពួកគេ​។ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ យើង​ឃើញ​ថា ​ក្រុម​ជាច្រើន​នឹង​អនុវត្ត​គំនិត​អាជីវកម្ម​ផ្សេងទៀ​ត​​ដែល​​មិនមែន​ជា​គំនិត​ទទួល​បាន​ជ័យ​លាភី​​នោះទេ»។​

​ដូច្នេះPaterson ​និយាយ​ថា ​គោល​ដៅ​គឺ​ដើម្បី​បង្រៀន​នូវ​យុទ្ធ​សាស្ដ្រ​អាជី​វកម្ម​សាក​ល្បង ​ដែល​​ក្រុមនីមួយៗ​​អាច​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ដូច​គ្នានេះ​​ទាក់​ទង​នឹង​ឱកាស​សហ​គ្រិន​ផ្សេង​ទៀត​នា​ពេល​អនា​គត​។ដូច្នេះ​ហើយ​គំនិត​អាជីវកម្ម​ដែល​ឈ្នះ​គឺ​មិន​មែន​តែង​តែ​អនុវត្ត​ជា​អាជីវ​កម្ម​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ​។​

​ដោយ​ភាព​ជា​ដៃគូ​ជា​មួយ​សាកល​វិទ្យា​ល័យ​កាលី​ហ្វ័រនី​ញ៉ាBerkeley វិទ្យាស្ថាន​អប់រំ​នឹង​បម្រើ​ជា​ដៃគូ​ចំណេះ​ដឹង​​ដែល​​សាស្ត្រា​ចារ្យ​មួយ​ចំនួន​នឹង​ចូល​រួម​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​ទាំង​ដោយ​ផ្ទាល់​និង​តាម​រយៈ​វីដេអូ​និម្មិត​​។​

​ម្ចាស់​ជយ​លាភី​មេដាយ​មាស BMC Cambodia ឆ្នាំ២០២២ ដែល​ទទួល​បាន​ប្រាក់​រង្វាន់៥​ពាន់​ដុល្លារ​បាន​ផលិត​ផលិត​ផល​Sugarpadsប្រើ​​ប្លា​ស្ទិក​តិច​តួច​បំផុត​​ជា​បន្ទះ​ទ្រនាប់​​រដូវ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​សម្រាប់​ស្ត្រី​។SugarPadsគឺជា​ការ​ច្នៃ​ប្រឌិត​ថ្មី​ដែល​អាច​រលាយ​ ផលិត​ចេញពី​កាក​សំណល់​កសិ​ផល​​។​

​ចាប់​តាំងពី​ឆ្នាំ​២០០៩ ​មក BMC Cambodia ទទួល​ពាក្យ​ប្រកួត​ប្រជែង​ជាង ១ ៥០០​​ ដោយ​មាន​​ជាង​ ៣០០​ក្រុម​មកពី​សាកល​វិទ្យា​ល័យ​ជាង​២០​​។​

​សម្រាប់​ព័ត៌​មាន​បន្ថែម​ទាក់​ទង​នឹង​ពេល​វេលា​នៃ​ការ​ប្រកួត​សូម​ចូលទៅ​កាន់​គេហទំព័​រhttps://bmccambodia.com៕​