​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៥៦៥ ០៥៧​នាក់ ដែលជា​ចំនួន​បន្ថែម​ទៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បានឱ្យដឹងថា ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ដែល​បានចាប់ផ្ដើម​តាំងពី​ខែតុលា ដល់​ថ្ងៃទី​៨ ខែធ្នូ​។ ក្នុង​ដំណើរការ​នេះដែរ គជប បាន​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ២៥៣ ៣៦៧ នាក់ កែតម្រូវ​ទិន្នន័យ មាន​ចំនួន ៥៩ ៦៨៩​នាក់ និង អ្នក​ដែល​បាន​ផ្ទេរ​លំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ១៧៣ ២៤៣ នាក់​។​

លោក សោម សូ​រី​ដា អ្នកនាំពាក្យ គជប ថ្លែងថា ក្នុង​រយៈពេល​៤៨​ថ្ងៃ មកនេះ ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​បោះឆ្នោត និង ចុះឈ្មោះ​បោះឆ្នោត​គឺ​បាន​ប្រព្រឹត្តទៅដោយ​រលូន ក្នុង​បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាពល្អ​។ ចំណែក​សម្ភារ​សម្រាប់​ប​ម្រើ​ឱ្យ​ការបោះឆ្នោត ក៏មាន​ដំណើរការ​ជា​ប្រក្រតី ទោះបី​មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​នឹង​កាមេរ៉ា និង​ម៉ាស៊ីន​ស្កេន​ខ្ចៅដៃ​ក៏ដោយ ហើយក៏​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោ​ង​ផត​ដែរ​។​

លោក សោម សូ​រី​ដា ថ្លែងថា​៖ «​សម្រាប់​មន្ត្រី​វិញ ក៏បាន​បំពេញការងារ​របស់ខ្លួន​បាន​យ៉ាង​ល្អ និង​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​នេះ ហើយ​ត្រូវបាន​គេ​ពិនិត្យឃើញថា​មិនមាន​បណ្តឹង​ណាមួយ ត្រូវបាន​ដាក់ឱ្យ គជប ដោះស្រាយ​នោះទេ​»​។

លោក កន សាវា​ង្ស អ្នកសម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្វ្រែល ថ្លែងថា តាម​តួលេខ​ដែល គជប បានបង្ហាញ​ប្រចាំថ្ងៃ គឺ​តួលេខ​នេះ នឹង​លើស​ផែនការ​ដែល​តាម​ការប៉ាន់ស្មាន​របស់ គជប គឺ​នឹង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់ ។

លោក​ថ្លែងថា​៖ «​ករណីនេះ ឃើញថា មាន​អ្នក​ចុះឈ្មោះ​ច្រើន ដោយ​សារតែមាន​អ្នក​ទៅ​ចុះឈ្មោះ​ថ្មី​មាន​ជាង​២ ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ​។ អីចឹង បើ​យើង​គិតមកដល់ពេលនេះ គឺ​លើស​ផែនការ ព្រោះ​នៅសល់​១​ថ្ងៃ ឬ​២​ថ្ងៃ​ទៀត​ហ្នឹង​»៕