
លោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី Ann Mills-Griffiths ពិភក្សាលើកិច្ចសហប្រតិបត្តិការPOW/MIA។ រូបថត Sar Kheng page
ភ្នំពេញៈ ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) លោកស្រី Ann Mills-Griffiths បានលើកសរសើរកម្ពុជាថា ជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ ក្នុងចំណោមប្រទេសដែលមានកម្មវិធី ស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមកំពុងមានប្រតិបត្តិការ។
លោកស្រី Ann Mills-Griffiths បានលើកឡើងបែបនេះក្នុងពេលជួបសម្តែងការគួរសមជាមួយលោក ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
លោកស្រីថ្លែងថា៖ «ទោះក្នុងស្ថានភាពកូវីដ១៩ ក្តីប្រទសកម្ពុជាបានបង្ហាញថា មិនមានភាពថមថយក្នុងការរុករកនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះទេ ថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច។ ជាងនេះទៅទៀត ប្រទេសកម្ពុជាក៏ធ្លាប់បានធ្វើការជាមួយអង្គភាពដៃគូរបស់សហរដ្ឋអាមេរិក»។
ក្នុងជំនួបនោះ លោកស្រី Ann Mills-Griffiths បានសម្តែងសេចក្តីរីករាយក្រៃលែង ដែលបានជួបលោក ស ខេង សាជាថ្មី និងបានជម្រាបជូនលោក ស ខេង ថា មកដល់ពេលនេះលោកស្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាច្រើនដងមកហើយ ដែលលើកនេះអាចជាពេលចុងក្រោយសម្រាប់លោកស្រី ដែលបានមកទស្សនកិច្ចនៅកម្ពុជា។
ហេតុនេះលោកស្រីមានបំណងចូលជួបសម្តែងការគួរសម ដើម្បីថ្លែងអំណរគុណ លោក ស ខេង ព្រះមហាក្សត្រ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមសហការក្នុងនាមមនុស្សធម៌ជួយដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លោកស្រី Ann Mills-Griffiths លើកឡើងថា៖«ខ្ញុំបានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ខ្ញុំបានធ្វើដំណើរទៅផ្នែកជាច្រើននៃប្រទេសកម្ពុជា»។
លោក ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី Ann Mills-Griffiths ចំពោះប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល។ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមានការប្រែប្រួលទេគឺនៅតែបន្ត ផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបច្ចុប្បន្ននៅសល់៤៨រូបទៀត។
លោកស ខេង ថ្លែងថា៖«យន្តការទាំងអស់របស់ប្រទេសកម្ពុជា នឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់លោកស្រី ពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះ សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ទៅមុខទៀត»។
ជាមួយគ្នានោះ លោក ឧបនាយករដ្ឋមន្ដ្រី បានជូនពរដល់ លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះ ហើយសង្ឃឹមថា កិច្ចការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងដំណើរការទៅឈានដល់ការបិទបញ្ចប់ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅថ្ងៃទី៧ ខែធ្នូថា លោកឯកភាពចំពោះការលើកឡើងរបស់លោកស្រី Ann Mills-Griffiths ក៏ដូចជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលរួមគ្នាក្នុងការស្វែងរកអដ្ឋិធាតុទាហានសហរដ្ឋអាមេរិកដែលបាត់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាម។
លោកបន្តថា ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ ពេញលេញប្រកបដោយភាពស្មោះត្រង់និងការផ្តល់តម្លៃដល់គ្នាទៅវិញទៅមកចំពោះប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានសហរដ្ឋអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា។
លោកថ្លែងថា៖«កម្ពុជាតែងតែបំពេញកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួនដោយមិត្តភាព ភាពស្មោះត្រង់ ប៉ុន្តែជាការកត់សម្គាល់របស់ខ្ញុំកន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិកហាក់ដូចជាមិនទាន់បានផ្តល់តម្លៃខ្ពស់គ្រប់គ្រាន់សម្រាប់កម្ពុជាក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហាហ្នឹង»។
លោកបានលើកឡើងទៀតថា ភាគីទាំង២គួរតែបង្កើននូវកិច្ចសហប្រតិបត្តិការ និងបង្កើនការយល់គ្នា ព្រោះជានិច្ចជាកាលកម្ពុជាតែងមានសុច្ឆន្ទៈ ទាំងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការស្វែងរកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួន និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាមួយសហរដ្ឋអាមេរិក៕