ភ្នំពេញៈ អគ្គ​លេ​ខាធិ​ការ​អាស៊ាន លោក ​ Lim Jock Hoi បាន​បង្ហាញ​ការ​ប្តេជ្ញា​របស់​អាស៊ាន​ដើម្បី​បន្តការគាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ស្ថិរភាព​ពិភព​លោក ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ​ចំពេល​មាន​ភាព​តានតឹង​ខាង​ភូមិ​សាស្ដ្រ​​នយោ​បាយ និង​ការ​រារាំង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ជុំវិញ​ពិភព​លោក​។​

​លោក Lim Jock Hoi ថ្លែង​នៅ​ក្នុង​វេទិកា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ាន​តាម​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃទី​៧ ខែធ្នូ​ថា​៖ «​ខណៈ​ដែល​មាន​ភាព​តាន​តឹង​ភូមិ​សាស្ដ្រ​នយោ​បាយ​ និង​រារាំង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ជុំវិញ​ពិភព​លោក យើង​នឹង​បន្តការគាំទ្រ​​សម្រាប់​ការ​អភិវឌ្ឍ និង​ស្ថិរ​ភាពជា​​សកល​ក្រោយ​ជំងឺ​កូ​វីដ​១៩»​។​

​លោក Hoi បន្ត​ថា បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​ថ្មីៗ​នេះ ថ្នាក់​ដឹក​អាស៊ាន​បាន​បញ្ជាក់​ពី​គោល​នយោបា​យ​ឆ្លើយ​តប​ជា​យុទ្ធ​សាស្ត្រ ​ដើម្បីជំរុញ​កំណើន​ប្រកប​ដោយ​បរិ​យាប័ន្ន ​និង​ប្រកប​ដោយ​ចីរភាព ​ព្រម​ទាំង​ធានា​ភាព​ធន់​រយៈ​ពេល​យូរ​ក្នុង​តំបន់​អា​ស៊ាន​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ ដូច​ជា ការ​បំផ្លាញ​ចង្វាក់​ផ្គត់​ផ្គង់ ការ​ឡើង​ថ្លៃ​នៃ​តម្លៃ​ស្បៀង និង​ថា​ម​ពេល និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។​

​លោក​បាន​បន្ថែម​ថា ទាំង​អស់​នេះ​នឹង​បំពេញ​បន្ថែម​នូវ​គំនិត​ផ្តួច​ផ្តើម​ដែល​កំពុង​បន្ត ដូចជា ​ក្រប​ខ័ណ្ឌ​ស្តារ​ឡើង​វិញ​គ្រប់​ជ្រុង​ជ្រោយ​អាស៊ាន និង​ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ​ដែល​នឹង​ត្រូវ​បាន​អនុវត្ត​បន្ថែម​ទៀត​ក្នុង​អំឡុង​ពេល​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​។​

​ក្រៅ​ពី​នេះ លោក​ Hoi​ ថ្លែង​ថា ដោយ​សារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គឺជា​ឧបករណ៍​សំខាន់​នៃ​ព័ត៌មាន ​និង​ទំនាក់​ទំនង​នា​ពេល​បច្ចុប្បន្ន​នេះ ​អាស៊ាន​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នេះ​ដើម្បី​នាំ​មនុស្ស​កាន់​តែច្រើ​ន​ចូលទៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ការ​ធ្វើ​សមា​ហ​រណកម្ម​ក្នុង​តំបន់​។​

​លោក​បន្តថា​៖ ជាការ​ពិត ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិ​ពល​ដែល​អាច​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ការ​យល់​ដឹង ការ​យក​ចិត្ត​ទុក​ដាក់​ដល់​សង្គម​ដ៏​សកម្ម ក៏ដូច​ជា ​អនុញ្ញាត​ឱ្យ​ប្រជាជន​របស់​យើង​ចូលរួម​ក្នុង​ជីវិត​សាធា​រណៈ ទទួល​បាន​សេវា​ជា​មូលដ្ឋាន និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហ​គម​ន៍​របស់​ពួកគេ​»​។​

​លោក Hoi បាន​បញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សា​យ​មាន​មុខងារ​សំខាន់ ​ជា​អ្នកផ្តល់​ចំណេះ​ដឹង សំឡេង​នៃ​សុចរិត​ភាព និង​ជា​ស្ពាន​សម្រាប់​ផ្តល់ព័​ត៌មា​ន ដោយ​លោក​បន្ថែមថា​៖«​តាមរយៈ​ការងារ​របស់​អ្នក​ មនុស្ស​កាន់តែច្រើ​ន​នឹង​មាន​ការ​យល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​អាស៊ាន និង​អាច​រួម​ចំណែក​ដល់​ការ​កសាង​សហ​គមន៍ ​និង​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ស្តារ​សេដ្ឋ​កិច្ច​របស់​យើង​»​។​

​លោក គង់ ភោគ រដ្ឋ​លេខាធិ​ការ​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ បាន​ថ្លែងក្នុង​វេទិកា​ថា អាស៊ាន​កំពុង​ពង្រីក​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ក្នុង​ពិភព​លោក ​មិនមែន​តែ​ក្នុង​តំបន់​នោះទេ​។ ឥឡូវ​នេះ រឿង​ដែល​អាស៊ាន​ត្រូវ​គិត​ផង​ដែរ​គឺ​របៀប​ដែល​អាស៊ាន​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា ភាពជា​ដៃគូ​នេះ​នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក​ មិន​ត្រឹមតែ​សម្រាប់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ដៃគូ​របស់​អាស៊ាន​ផង​ដែរ​។​

​លោក​បន្ត​ថា ដៃគូ​ទាំង​នោះ​​មក​កាន់​តំបន់​នេះ​គឺ​ដើម្បី​ធ្វើ​ពាណិជ្ជ​កម្ម​ បង្កើត​មិត្ត​ភាព និង​ជំរុញ​ផល​ប្រយោជន៍ ហើយ​អាស៊ាន​សង្ឃឹម​ថា ខ្លួន​មាន​សមត្ថ​ភាព ឬ​ធនធាន​គ្រប់​គ្រាន់​ក្នុង​ការផ្តល់​ការគាំទ្រ​ទាំង​នោះ​សម្រាប់​ភាព​ជា​ដៃគូ​ជាក់​លាក់​។​

​លោក គង់ ភោគ ថ្លែង​ជា​ភាសា​អង់​គ្លេស​ ដែ​លមាន​ខ្លឹមសារ​ថា​៖ «​រដ្ឋ​ជា​សមា​ជិក [​អាស៊ាន​]​នឹង​បន្ត​កិច្ច​សន្ទនា​អំពី​របៀប​ដែល​យើង​នឹង​កសាង​សមត្ថ​ភាព​របស់​យើង ​ជាពិសេស​ការ​ពង្រឹង​ស្ថាប័ន​របស់​យើង ​ដើម្បី​យើង​អាច​គាំទ្រ​ភាពជា​​ដៃគូ​នេះ​ឱ្យ​បាន​ល្អ និង​ធានា​ថា ​ភាពជា​ដៃគូ​ដែល​យើង​មាន​ជា​មួយ​ដៃគូ​ខាងក្រៅ​របស់​យើង​នឹង​នាំមក​នូវ​ផល​ប្រយោ​ជន៍​ទៅ​វិ​ញទៅ​មក​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​»​។​

​ពាក់ព័ន្ធ​បញ្ហា​អ៊ុយ​ក្រែ​ន លោក គង់ ភោគ លើកឡើ​ងថា តាមរយៈ​យន្តកា​រ​ដឹកនាំ​ដោយ​អាស៊ាន ​ថ្នាក់ដឹក​នាំ​អាស៊ាន​ធ្លាប់​បាន​ពិភាក្សា​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន​នេះ និង​បង្ហាញ​ពី​ជំហរ​រឹងមាំ​របស់ខ្លួ​ន ដោយ​ឈរលើ​ការគោរព​ធម្មនុញ្ញ​អង្គ​កា​រសហ​ប្រជា​ជាតិ អធិបតេយ្យ​ និង​បូរណភាព​ ឯ​ករាជ​ភាព​នយោ​បាយ​ ការជំទាស់​នឹង​ការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​រុស្ស៊ី ​ជា​ដើម​។​

​លោក​ថ្លែង​ថា​៖«​អាស៊ាន​នឹង​បន្ត​ដើរ​តួនាទី​ប្រកបដោយ​ការស្ថាប​នា​តាម​រយៈ​យន្ត​ការ​ដឹកនាំ​ដោយ​អាស៊ាន​។ តាម​រយៈ​យន្ត​ការ​នេះ យើង​នឹង​ខិតខំ​ប្រឹងប្រែ​ង​ឱ្យ​អស់ពី​សមត្ថ​ភាព​ដើម្បី​ចូល​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

​ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉​ង់​ប្រចាំ​កម្ពុជា លោក Stefan Messerer​លើកឡើ​ង​នៅក្នុង​វេទិកា​នេះ​ថា ក្នុង​គ្រា​ដ៏​លំបាក​នេះ វា​ពិត​មាន​សារៈ​សំខាន់​ជាង​ពេ​លណា​ៗ​ទាំង​អស់​ក្នុងការ​ពង្រឹង​បទដ្ឋាន​អន្តរ​ជាតិ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិកា​រ​អន្តរជាតិ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​កសាង​ស្ថា​ប័ន​ក្នុង​តំបន់​រឹងមាំ​ដូចជា ​អាស៊ាន​ ដើម្បី​ធានា​ស្ថិរ​ភាព សន្តិសុខ​ និង​សន្តិ​ភាព​។​

​លោក​បន្តថា​៖ «​ស្ថាប័ន​អន្តរជាតិ ​និង​តំបន់​ដ៏​រឹងមាំ​គឺ​ត្រូវការ​ជា​ចាំបាច់​ជាង​ពេល​ណាៗ​ទាំងអស់​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​ដែ​លមាន​ប្រសិទ្ធភាព​។ការព​ង្រឹង​ស្ថាប័ន​ទាំងនេះ​គឺជា​មធ្យោបា​យ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យមា​ន​វឌ្ឍន​ភាព​លើ​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​»៕