
នគរបាលប្រឆាំងគ្រឿងញៀនបង្ហាញបុរសជនជាតិចិនតៃវ៉ាន់ និងវត្ថុតាងហេរ៉ូអុីន។ រូបថត នគរបាល
ភ្នំពេញៈ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់កំពុងត្រូវនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនសួរចម្លើយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីចាប់ខ្លួនបាន៤ថ្ងៃ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញពាក់ព័ន្ធគ្រឿងញៀនប្រភេទហេរ៉ូអុីនជិត៣គីឡូក្រាម។
លោកអុិន សុង នាយករងនិងជាអ្នកនាំពាក្យនៃមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៧ ខែធ្នូថា បុរសសង្ស័យឈ្មោះ YANG CHINCHUNGជាជនជាតិតៃវ៉ាន់ហើយបុរសសង្ស័យកំពុងត្រូវសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសាកសួរបន្តទៀត។
លោកថ្លែងថា៖«យើងមិនទាន់បញ្ជូនជនសង្ស័យទៅតុលាការទេហើយកំពុងកសាងសំណុំរឿង ដោយសារយើងកំពុងធ្វើការស្រាវជ្រាវតាមរកអ្នកពាក់ព័ន្ធ»។
លោកឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីថ្ងៃទី៣ធ្នូ ឆ្នាំ ២០២២ វេលាម៉ោងប្រហែលជាជាង១១ព្រឹកដោយសមត្ថកិច្ចគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញសហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកំពុងធ្វើការត្រួតពិនិត្យអ្នកដំណើរក្នុងព្រលាន។ នៅពេលនោះសមត្ថកិច្ចចម្រុះបានឃើញបុរសជនជាតិចិនម្នាក់គួរឱ្យសង្ស័យហើយក៏អញ្ជើញជនសង្ស័យទៅសាកសួរនៅសាខាគយ និងរដ្ឋាករប្រចាំនៅក្នុងព្រលានយន្តហោះហើយក៏ឆែកឃើញគ្រឿងញៀនតែម្តង។សមត្ថកិច្ចបានធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យដែលបានរុំដុំគ្រឿងញៀននៅជាប់នឹងខ្លួន។
លោកប្រាប់ថា គ្រឿងញៀនដែលសមត្ថកិច្ចឆែកឆេររកឃើញនោះជាប្រភេទហេរ៉ូអុីន ចំនួន៨ដុំស្មើទម្ងន់២ ៧៩៩,៧៩ក្រាម ដែលជនសង្ស័យលាក់ទុក ដោយបិទជាប់នឹងដងខ្លួន។ជនសង្ស័យមានបំណងនាំគ្រឿងញៀនចេញពីប្រទេសកម្ពុជាឆ្ពោះទៅទីក្រុងតៃប៉ិកោះតៃវ៉ាន់តាមរយៈជើងហោះហើររបស់ ក្រុមហ៊ុន ឈ្មោះ EVAAIR BR0266/03DEC។
លោកបញ្ជាក់ថា លោកម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនព្រមទាំងលោកឃីង សារ៉ាត់ ប្រធានមន្ទីរ មន្ត្រីគ្រឿងញៀន និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសហការបង្ក្រាបករណីរត់ពន្ធគ្រឿងញៀននេះ៕