ភ្នំពេញៈ ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​(CMAC) ​និង​គណៈប្រតិភូ​អង្គការ​ជំនួយ​ប្រជាជន​ន័រវែស​(NPA)​ប្រចាំ​កម្ពុជា ​បាន​ជួប​ពិភាក្សា​គ្នា​លើ​ការ​បោស​សម្អាត​គ្រាប់បែក​ចង្កោម ​និង​ការ​កៀរគរ​ថវិកា​បន្ថែម ​ខណៈ​គ្រាប់មីន​ចង្កោម​នៅសល់​លើ​ផ្ទៃដី​ជាង​៧០០​គីឡូម៉ែត្រ​ក្រឡា​ទៀត ​ដែល​កំពុង​គំរាម​កំហែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ លោក​ហេង រតនា ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ Eva Veble ​ទីប្រឹក្សា​របស់​អង្គការ NPA មកពី​ប្រទេស​ន័រវែស ​និង​លោក ​Rune Dale-Andresen ​ប្រធាន​អង្គការ​ជំនួយ​ប្រជាជន​ន័រវែស​(NPA)​ប្រចាំ​កម្ពុជា ​និង​សហការី ​កាលពី​ថ្ងៃទី​៦ ​ខែធ្នូ ​ឆ្នាំ​២០២២​។ លោក​ហេង រតនា ​ឱ្យដឹងថា ​ជំនួប​ពិភាក្សា​នេះ​ ផ្តោត​សំខាន់​លើ​ការពង្រឹង​កិច្ចសហការ​បន្ថែមទៀត​ក្នុង​វិស័យ​សកម្មភាព​មីន ​និង​កិច្ចសហប្រតិបត្តិការ ​លើ​គម្រោង​បោស​សម្អាត​គ្រាប់បែក​ចង្កោម ​និង​សំណល់​សង្គ្រាម​នៅ​កម្ពុជា​ រវាង​អង្គភាព ​CMAC ​និង​អង្គការ ​NPA​។ ជាពិសេស​ពង្រឹង​យន្តការ​គ្រប់គ្រង​គម្រោង​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ​ដែល​ផ្តល់​មក​អង្គភាព ​CMAC ​តាមរយ:​អង្គការ​NPA​។

លោក​ថ្លែងថា​៖«ការជួបគ្នា​នោះ ​បាន​ពិភាក្សា​ច្រើន​ទៅលើ​ជំនួយ​របស់ ​NPA ដែល​បានទទួល​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​ជាពិសេស ​ពី​សហរដ្ឋអាមេរិក​ តាមរយៈ ​NPA ផ្តល់​មកឱ្យ​ស៊ីម៉ាក់ ​ដែលមាន​ថវិកា​ប្រមាណ ​៦​លាន​ ៥​សែន​ដុល្លារ​ ដែល​យើង​បានធ្វើ​ឆ្នាំនេះ ​និង​៣​ឆ្នាំ​បន្តទៀត​។ យើង​ជជែក​គ្នា​លើ​ការគ្រប់គ្រង​នេះ​ ហើយ​ការ​កៀរគរ​ដៃគូ​បន្ថែម ​ដែលមាន​ព័ត៌មាន​វិជ្ជមាន​មួយចំនួន​ដែល​អាច​បង្កើន​ការ​ផ្តល់​ជំនួយ»។

លោក​ឱ្យដឹងថា ​ជំនួយ​ជាង​៦​លាន​ដុល្លារ ​ដែល​ផ្តល់ឱ្យ​ស៊ីម៉ាក់​នេះ ​គឺ​ប្រើប្រាស់​សម្រាប់​រយៈពេល​៤៥​ខែ ពី​ឆ្នា​២០២២ ដល់​ចុងឆ្នាំ​២០២៥ ​ដោយ​ក្នុង​១​ឆ្នាំ​ ស៊ីម៉ាក់​ទទួលបាន​១​លាន ​៦​សែន​ដុល្លារ ​សម្រាប់​ការងារ​បោស​សម្អាត​គ្រាប់បែក​ចង្កោម​។​

លោក​បញ្ជាក់ថា​៖«តាមរយៈ​ជំនួយ​នេះ​នឹង​ជួយ​ឱ្យ​ស៊ីម៉ាក់ ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​[ហ៊ុន សែន]​ក្នុង​ការជំរុញ​ការបោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ គ្រាប់មីន​នៅ​កម្ពុជា​ឱ្យបាន​ឆាប់​។ យើង​បាន​រំដោះ​ផ្ទៃដី​គ្រាប់បែក​ចង្កោម​តាម​ផែនការ ​គឺ​ត្រៀម​រំដោះ​ផ្ទៃដី​ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ​ក្រឡា ​ក្នុង​រយៈពេល​៤៤​ខែ ​ហើយ​១ឆ្នាំ​មាន​ន័យថា ​យើង​អាច​បោសសម្អាត​បាន​ជិត ៣០​គីឡូម៉ែត្រ» ។

លោក​ហេង រតនា​ បានឱ្យ​ដឹ​ថា ​សម្រាប់​គ្រាប់បែក​ចង្កោម​នៅសល់​ជាង​៧០០​គីឡូម៉ែត្រ​ក្រឡា គឺ​នៅ​ធំ​ជាង​ផ្ទៃដី​ចម្ការមីន​។​លោក​បន្ថែមថា ​ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នេះ​ បាន​ឯកភាព​គ្នា ​ក្នុង​គោលដៅ​ធ្វើការ​បោសសម្អាត​សំណល់​គ្រាប់បែក​ចង្កោម ​ដែលជា​សំណល់​ពី​សង្គ្រាម​ឥណ្ឌូចិន​-អាមេរិក ​មាន​អាយុកាល​៥០​ឆ្នាំ ​ជា​ប្រភេទ​គ្រាប់បែក​នៅតែ​បន្ត​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ។​

​លោក​បញ្ជាក់ថា ​គ្រាប់បែក​ចង្កោម ​បើ​ប្រៀបធៀប​ជាមួយ​គ្រាប់មីន​ ទោះបី ​មីន​មាន​ហានិភ័យ​ខ្ពស់ជាង​ ដែល​ងាយ​ផ្ទុះ ​និង​ងាយ​បង្ក​គ្រោះថ្នាក់​ក្តី​ ប៉ុន្តែ​បើ​កម្រិត​គ្រោះថ្នាក់​វិញ​នោះ ​គ្រាប់បែក​ចង្កោម​នេះ​ ក៏មាន​ហានិភ័យ​ខ្លាំង​ដែរ ​ព្រោះ​បើ​គ្រាប់បែក​ចង្កោម​ផ្ទុះ ​គ្រោះថ្នាក់​ច្រើនតែ​ស្លាប់​តែម្តង ​ដោយសារ​កម្លាំង​ផ្ទុះ ​និង​អំបែង​ដែក​ខ្លាំង។​

លោក​បញ្ជាក់ថា​៖«ប៉ុន្តែ​គ្រាប់មីន​មាន​ប្រភេទ​មីន​ខ្យល់​ ធ្វើឱ្យ​របួស ​និង​ពិការ ​បើ​គ្រាប់បែក​ចង្កោម​បើ​មាន​ករណី​ផ្ទុះ​ គឺ​ត្រូវស្លាប់​ហើយ ​បើ​របួស​គឺ​ធ្ងន់ធ្ងរ​។ អ៊ីចឹង​ហានិភ័យ​គ្រាប់បែក​ចង្កោម​នៅមាន​បន្ត​គ្រោះថ្នាក់ ​ប៉ុន្តែ​កម្រិត​គ្រោះថ្នាក់​បង្ក​ឱ្យ​ផ្ទុះ​មាន​កម្រិត​ទាប​ជាង​គ្រាប់​មីន»។​

សូម​បញ្ជាក់ថា​ ចាប់​តាំងពី​ឆ្នាំ​២០០៩ ​ដល់​ឆ្នាំ​២០២២​នេះ ​សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​មក​អង្គភាព​ CMAC ​តាមរយៈ​អង្គការ ​NPA ​មាន​ចំនួន​ថវិកា​២៩ ៩២៥ ៥៥៨​ដុល្លារ​អាមេរិក និង​សម្រេចបាន​លទ្ធផល​ប្រតិ​ប​តិ្ត​ការ​បោស​សម្អាត​ផ្ទៃដី​បាន​ជាង​២២ ២០០​ហិកតា ​រុករក​ឃើញ ​និង​កម្ទេចចោល​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះគ្រប់​ប្រភេទ ​ចំនួន​ ២២១ ៧៩៣​គ្រាប់ និង​បាន​អប់រំ ​ផ្សព្វផ្សាយ​យល់ដឹង​អំពី​មីន ​បាន​ចំនួន​១ ៣០៤ ២៦០​នាក់៕