សៀមរាបៈ ក្រុមយុវជន​ប្រមាណ​ជិត​៣០នាក់ ​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ពី​ខេត្តសៀមរាប ​ចេញពី​ប្រាសាទ​អង្គរវត្ត​ ទៅកាន់​ទីលាន​ប្រជាធិប​តេយ្យ ​រាជធានី​ភ្នំពេញ ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០២២​ ដោយ​ពួកគេ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​ពង្រឹង​ការគោរព ​ការផ្តល់​លម្ហ​ពេញលេញ ​និង​ការការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

យុទ្ធនាការ​ជិះ​កង់​នេះ ​រៀបចំឡើង​ ដោយ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​និង​មាន​ការចូលរួម​ពី​យុវជន​មកពី​តំបន់​ព្រៃ​ឡង់ ​តំបន់​ព្រៃ​ព្រះរកា ​សិស្ស ​និស្សិត ​និង​បុគ្គលិក​សមាគម​អង្គការ​មែន​មែនរដ្ឋាភិបាល​មួយចំនួន ​ដែល​មាន​រយៈ​ពេល​៥ថ្ងៃ ​ចាប់ពី​ថ្ងៃទី​៦ ​ដល់​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០២២។

CYN ​បញ្ជាក់ថា ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​សិទ្ធិមនុស្ស​នេះ​ គឺ​រៀបចំ​ឡើង​ដោយ​មាន​ព្រឹត្តិការណ៍​សំខាន់​២ ​គឺ​ព្រឹត្តិ​ការណ៍​ជិះ​កង់​ដើម្បី​សិទ្ធិមនុស្ស ​ដែលមាន​យុវជន​ជិត​៣០នាក់ ​ជិះ​កង់​ពី​ខេត្តសៀមរាប​ ចេញពី​ប្រាសាទ​អង្គរវត្ត ​មកកាន់​ទីលាន​ប្រជាធិបតេយ្យ​ នៅ​រាជធានី​ភ្នំពេញ។ ចំពោះ​ព្រឹត្តិការណ៍​ទី២ ​គឺ​ការជិះ​កង់​១០​ ធ្នូ​ ចម្ងាយ ​៣០គីឡូម៉ែត្រ ​នៅ​ថ្ងៃ​ទី១០ ​ខែធ្នូ ​ឆ្នាំ២០២២។

CYN ​ឱ្យដឹងថា​៖«ក្រុមយុវជន​ចំនួន​៣០នាក់ ​បានធ្វើ​ដំណើរ​មក​ជួបជុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ ​ព្រមទាំង​ជាចំណុច​ចាប់ផ្តើម​នៃ​យុទ្ធនាការ​ជិះកង់​ដើម្បី​សិទ្ធិ​មនុស្ស ​ដែលនឹង​ជិះ​ពី​ទីក្រុង​អង្គរ​អតីត​រាជធានី ​នៃ​បុព្វកាល​នៃ​ភាពរុងរឿង ​របស់​ប្រទេស​កម្ពុជា»។

លោក​អូត ឡាទីន ​មន្ត្រី​សម្របសម្រួល​គម្រោង ​នៃ​ CYN ​និង​ជា​អ្នកសម្របសម្រួល​ព្រឹត្តិការណ៍​ជិះ​កង់​នេះ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៧ ​ធ្នូ ​ថា​ យុទ្ធនាការ​នេះ​ ធ្វើឡើង ​ក្នុង​គោលបំណង​សំខាន់​ចំនួន​៤ ​ គឺ​ ដើម្បី​ចូលរួម​អបអរសាទរ ​និង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ឆ្នាំ២០២២ ​ខួប​លើក​ទី៧៤។ គោល​បំណង​ទី២ ​ដើម្បី​ជំរុញឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​ពង្រឹង​ការគោរព ​ការផ្តល់​លម្ហ​ពេញ​លេញ ​និង​ការការពារ​សិទ្ធិមនុស្ស ​ជាពិសេស​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ​ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ សេចក្តី​ប្រកាស​ជាសកល​ស្តីពី​សិទ្ធិមនុស្ស ​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​ ព្រម​ទាំង​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌។

លោក​បន្ថែមថា ​គោលបំណង​ទី៣​ ដើម្បី​ជំរុញឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ត្រូវ​ផ្តល់​លម្ហ​សិទ្ធិ​សេរីភាព​ពេញលេញ ​ដល់​សហ​គមន៍​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការអនុវត្ត​សិទ្ធិសេរីភាព​បញ្ចេញមតិ ​សិទ្ធិ​ខាង​សមាគម ​សិទ្ធិ​ធ្វើបាតុកម្ម ​ដោយ​សន្តិវិធី​ សិទ្ធិ​ជួបជុំ ​សិទ្ធិ​ផ្នែក​វិជ្ជាជីវៈ​ការចូលរួម​កិច្ចការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ ​ព្រមទាំង​ការសម្រេចចិត្ត​ក្នុង​ការចូលរួម​ការបោះ​ឆ្នោត​ដោយ​ពុំមាន​ការបង្ខិត​បង្ខំ​គ្រប់​ទម្រង់។

គោល​បំណង​ចុងក្រោយ ​លោក​បញ្ជាក់ថា​៖«ដើម្បី​ផ្តល់​លម្ហ​សេរីភាព ​និង​លើក​ទឹកចិត្ត​ដល់​យុវជន ​ក្នុង​ការចូល​រួម​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត ​ជួយ​កិច្ចការ​សហគមន៍​មូលដ្ឋាន ​សិទ្ធិសេរីភាព​បញ្ចេញមតិ ​ការបង្កើត​ក្រុម ​ឬ​ក្លិប​ដើម្បី​ចូល​រួម​កិច្ចការងារ​សង្គម ​បើកចំហ​ឱ្យមាន​ការពិភាក្សា ​និង​ការជជែក​ដេញដោល​ពី​បញ្ហា​នយោបាយ​សង្គម ​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការពង្រីក​វិសាលភាព ​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​សង្គម​ឱ្យ​កាន់តែ​សកម្ម​លើ​គ្រប់​វិស័យ»។

លោក​អូត ឡាទីន ​ឱ្យដឹងដែរ​ថា ​នៅ​ថ្ងៃទី៧​ ធ្នូ​នេះ ​ក្រុមយុវជន​បានធ្វើ​ធ្វើ​ដំណើរ​មក​ដល់​ព្រំប្រទល់​ឃុំ​ប្រឡាយ​ ស្រុក​ស្ទោង ​ខេត្តកំពង់ធំ​ហើយ។ ក្រុម​យុវជន​នឹង​ធ្វើដំណើរ​ឱ្យដល់​ភ្នំពេញ ​ឱ្យបាន​មុន​ថ្ងៃទី១០ ​ធ្នូ ​ដើម្បី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។

លោក​បញ្ជាក់ថា​៖«តាម​ផែនការ ​កម្មវិធី​នេះ ​យើង​ជិះ​ចេញ​[ពីមុខ]​ប្រាសាទ​អង្គរវត្ត ​ខេត្តសៀមរាប ​ឆ្ពោះ​មកកាន់​ទី​លាន​ប្រជាធិបតេយ្យ ​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​ខួប​ទី៧៤ ​ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។ ដំណើរការ​ជិះកង់​១ថ្ងៃ​កន្លះ​មកនេះ ​មិនមាន​ការរារាំង​ពី​អាជ្ញាធរ​នោះ​ទេ ​តែ​មាន​ការមក​សួរនាំ ​និង​ថត​រូបភាព​ តាម​មូលដ្ឋាន​ដែល​ក្រុមយុវជន​យើង​បានធ្វើ​ដំណើរ​ទៅ​ដល់»។

លោក​ជិន​ ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​និយាយថា ​ក្រុមយុវជន​ គឺ​អាច​ជួបជុំ​គ្នា ​ដើម្បី​រៀបចំ​យុទ្ធនាការ​នេះ។ ប៉ុន្តែ​ដើម្បី​អនុវត្ត​សិទ្ធិ​ឱ្យ​កាន់តែ​ពេញលេញ ​លោក​ជំរុញឱ្យ​ក្រុមយុវជន​ទាំងនេះ ​គួរ​ធ្វើការ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ឱ្យ​ស្រប​តាម​ច្បាប់​កម្ពុជា។

លោក​បញ្ជាក់ថា​៖«ពួកគាត់​គួរតែ​មាន​ការសហការ​ជាមួយ​អាជ្ញាធរ​ ដែល​ពាក់ព័ន្ធ​ ដូចជា ​ការជូនដំណឹង ​ការរៀបចំ​សណ្ដាប់​ធ្នាប់ ​ចៀសវាង​ការធ្វើ​សកម្មភាព​នៃ​ការអនុវត្ត​សិទ្ធិ​នេះ ​ប៉ះពាល់​ទៅដល់​សិទ្ធិសេរីភាព​របស់​អ្នកដទៃ ​សណ្ដាប់​ធ្នាប់​សង្គម​ ដែល​ការពារ​ដោយ​ច្បាប់»៕