
ក្រុមអប្បមាទឆែកបេក្ខជនប្រឡងបាក់ឌុប នៅច្រកទ្វារចូលមណ្ឌលប្រឡង១កន្លែង នាថ្ងៃទី៥ ធ្នូ នៅរាជធានីភ្នំពេញ។ រូបថត ហុង មិនា
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព. ឬ ACU) បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន ក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃកន្លងមកនេះ។
អ.ប.ព.បានលើកឡើង តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី៧ ខែធ្នូ ថា ឆ្នាំនេះ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី៥-៦ ខែធ្នូ កន្លងទៅថ្មីៗនេះ។
ក្នុងសម័យប្រឡងនេះ មានថ្នាក់ដឹកនាំ មន្ត្រី អ.ប.ព. និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ជាង៣ ០០០នាក់ ក្នុងនោះ អ.ប.ព.បានរៀបចំមន្ត្រីប្រចាំតាមមណ្ឌលប្រឡង១នាក់ ក្នុង១មណ្ឌល និងបានដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដោយអនុវត្តតាមនិយាម ១នាក់ សម្រាប់សង្កេត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡង ទាំង២២១មណ្ឌល ដែលត្រូវជា ៥ ១៧៤បន្ទប់ ទូទាំងរាជធានី-ខេត្ត។ ការដាក់អ្នកសង្កេតការណ៍នេះ គឺដើម្បីធានាឱ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
អ.ប.ព.បញ្ជាក់ថា៖«អ.ប.ព.សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួង អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតបបានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានា ដែលកើតឡើងជាយថាហេតុ»។
អ.ប.ព. បន្តថា កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្ស សម្រាប់បន្តវេនសង្គមកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
នាព្រឹកថ្ងៃទី៧ ខែធ្នូ ថ្នាក់ដឹកនាំក្រសួងអប់រំ បានចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជន សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ។
ក្រសួងអប់រំបញ្ជាក់ថា៖«ហឹបសន្លឹកកិច្ចការរបស់បេក្ខជន បានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ»។
ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស។
លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់កាលពីល្ងាចថ្ងៃទី៦ ក្រោយការប្រឡងត្រូវបានបញ្ចប់ថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុបឆ្នាំ២០២២ បានបញ្ចប់ដោយមានការទុកចិត្តខ្ពស់ ប្រកបដោយក្តីសង្ឃឹម។
លោកថា៖«នៅតាមមណ្ឌលប្រឡងទាំងអស់ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយដោយបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តគោលការណ៍ទាំង៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របនឹងវិធានការសុខភាពសុវត្ថិភាព»។
បើតាមការបូកសរុបដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល៤ករណីនិងសង្ស័យវិជ្ជមានជំងឺកូវីដ១៩ មាន៤ករណី។
បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរ ដោយសារបញ្ហាសុខភាព មានចំនួន៣ករណី គណៈមេប្រយោគមានបញ្ហាសុខភាព មានចំនួន១៤នាក់ ក្នុងនោះ១នាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាពចំនួន១៣ករណី។
ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ទៀតថា បេក្ខជនអវត្តមានសរុបចំនួន ២ ៤០០នាក់(ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុបស្រី១ ០៣៦នាក់។
សូមរំឭកដែរថា ដំណើរការសំណេរនៃការប្រឡងដែលបានប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែធ្នូ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១២៨ ១៣៥នាក់(ស្រី៦៨ ៧៧១នាក់) មណ្ឌលប្រឡង ចំនួន២២១ និងត្រូវជា ៥ ១៧៤បន្ទប់៕