ភ្នំពេញៈក្រសួង​សាធា​រណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ភ្នំ​ពេញ-ក្រុង​ព្រះសីហនុ ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​គន្លង​ច្រក​ចូល​ចំនួន​៣ប្រ​ភេទ ដើម្បី​បង្ក​​លក្ខណៈ​ងាយស្រួល និង​រហ័ស ខណៈ​គន្លង​អាទិភាព ឬ​គន្លង ANPR ថ្មី គឺជា​​ច្រក​អាទិភាព​១ ក្នុងការ​ចេញចូល​ដែលមាន​លក្ខណៈ​សាមញ្ញ​សម្រាប់​អ្នក​ធ្វើដំណើរ​ចេញ-ចូល​ផ្លូវ​ល្បឿន​លឿន។

ក្រសួង​សាធារណ​ការ បានឱ្យដឹង​នៅ​ថ្ងៃទី៧ ធ្នូ​ថា ដើម្បី​ចូលរួម​អបអរ​សាទរ​បុណ្យ​សមុទ្រ ក្រសួង និង​ក្រុមហ៊ុនផ្លូវ​ល្បឿន​​លឿន ភ្នំពេញ-ក្រុង​ព្រះ​សីហនុ បាន​ដាក់ឱ្យ​ដំណើរការ​នូវ​គន្លង ៣​ប្រភេទ សម្រាប់​​ប្រជា​ពលរដ្ឋ​​អាចធ្វើ​ដំណើរ​ចេញ-ចូល​ផ្លូវ​ល្បឿន​លឿន។

គន្លង​ទាំង​៣ ប្រភេទ​នេះ គឺមាន​គន្លង MTC តម្រូវឱ្យ​យក​កាត និង​បង់​សាច់ប្រាក់​នៅ​ច្រកចេញ ហើយ​ក្នុងករណី​មាន​ចរាចរណ៍​មមាញឹក អ្នកបើកបរ​អាច​ប្រឈម​នឹង​ការរង​ចាំ​យូរ​នៅ​ច្រកចេញ។ ចំណែក​គន្លង ETC ជា​ច្រក​អាទិភាព មាន​របាំង​បើក​ចេញ​ចូល​ដោយ​ស្វ័យប្រវត្តិ​នៅ​ខាងឆ្វេង​បង្អស់​ដែលមាន​សញ្ញា ETC ហើយ​ដើម្បី​ប្រើ​ប្រាស់​គន្លង​នេះ បាន អ្នកបើកបរ ​ត្រូវ​ចុះឈ្មោះ​ប្រើប្រាស់​បំពាក់​ឧបករណ៍​ OBU នៅ​មជ្ឈមណ្ឌល ETC ឬ​ទីតាំង​កំណត់​ដោយ​ក្រសួង និង​បញ្ចូល​​សមតុល្យ​តាម​ស្លាក​លេខ​មុន​នឹង​ប្រើ​ប្រាស់។

ចំពោះ​គន្លង ANPR វិញ គឺជា​ច្រក​អាទិភាព១ថ្មី ក្នុងការ​ចេញចូល​ដែលមាន​លក្ខណៈ​សាមញ្ញ ដោយ​អ្នកបើក​បរ គ្រាន់​តែ​​ប​ញ្ជូ​ល​សមតុល្យ​តាម​ស្លាកលេខ​ជាមុន និង​ចេញចូល​គន្លង​ដែលមាន​សញ្ញា ANPR ហើយ​ការប្រើប្រាស់​គន្លង​នេះ មិន​តម្រូវឱ្យ​យក​កាត និង​ប្រើប្រាស់​សាច់ប្រាក់​ឡើយ ដោយ​គ្រាន់តែ​បញ្ចូល​សមតុល្យ​ទៅក្នុងស្លាកលេខ​ជាការ​ស្រេច។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួង។

ក្រសួង​សាធារ​ណ​ការ បន្ថែម​ថា៖«អបអរសាទរ​បុណ្យ​សមុទ្រ ចេញ​ចូល​ផ្លូវ​ល្បឿន​លឿន តាម​គន្លង​អាទិភាព ថ្មី បាន​លឿន​រហ័ស ការពារ​ពី​ជំងឺ​​កូ​វីដ១៩ និង​ការពារ​ឯកជន​ភាព ដោយ​គ្រាន់តែ​បញ្ចូល​ប្រាក់​តាម​ស្លាក​លេខ​ជាមុន (Plate No. Top-up) ជាការ​ស្រេច។ លោកអ្នក​មិន​ចាំបាច់​យក​កាត​ចេញចូល មិនចាំបាច់​រង់ចាំ​បង់​ប្រាក់​នៅ​ច្រកចេញ មិនចាំបាច់​ដំឡើង​ឧបករ​ណ៍​បន្ថែម​ក្នុង​រថ​យន្ត​ឡើយ​»។

កាលពី​ថ្ងៃទី១៤ វិច្ឆិកា ២០២២ ក្រសួង​សាធារ​ណការ បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​កម្មវិធី Mobile Banking ដើម្បី​បញ្ចូល​សម​តុល្យ​ទឹកប្រាក់​តាមរយៈ​ស្លាក​លេខ​សម្គាល់​យាន​យន្ត ហើយ​បច្ចុប្បន្ន មាន​គ្រឹះស្ថាន​ជា​ដៃគូ ចំនួន​​៧ ដូចជា ធនា​គារ ជីបម៉ុង ធនាគារ អេស៊ីលីដា ធនាគារ​ វឌ្ឍនៈ​អាស៊ី​ចំកាត់ ធនាគារ​វី​ង ធនាគារ វឌ្ឍនៈ ធនាគារ​កាណាឌីយ៉ា និង​លី​ហួរ​វេរ​លុយ។

ជាមួយនឹង​ការប្រកាស​បើក​ឱ្យប្រើ​ប្រាស់​ច្រកចូល​ចំនួន​៣​ប្រភេទ​នេះ នៅ​ថ្ងៃទី៧ ធ្នូ​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួលបន្ទុក និង​ក្រសួង​សាធារណការ ត្រូវ​សិក្សា​បន្ថែមទៀត ដើម្បី​ធានា​ឱ្យបាននូវ​ការកាត់​បន្ថយ​គ្រោះ​ថ្នាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន។

ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​របាយការណ៍​ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​នៅលើ​ផ្លូវ​ល្បឿន​លឿន ដែល​ទើបបាន​បើក​ឱ្យ​ប្រើប្រាស់​ចាប់ផ្តើម​ពី​ដើមខែ​តុលា​មកដល់ពេលនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២៦លើក ប៉ុន្តែ​គ្មាន​ជនរងគ្រោះ​ដល់​ស្លាប់ ឬ​រងរបួស​ធ្ងន់​ឡើយ គ្រាន់តែ​មាន​ការ​ខូចខាត​យាន​យន្ត និង​បរិក្ខា​រសុវត្ថិភាព​នៃ​ផ្លូវ​ថ្នល់​ប៉ុណ្ណោះ។

លោក បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី១៧ នៅ​សួន​មុខ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​គិតថា ក្រុមហ៊ុន​វិនិយោគ ក្រសួង​សាធារណការ បន្ដធ្វើ​ការងារ​នេះ​បន្ដទៀត ដើម្បី​ធានា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​ល្បឿន​លឿន​នេះ ឱ្យ​កាន់តែ​តិច​ជាការ​ល្អប្រសើ។ ម្យ៉ាង​យើង​ធ្វើដំណើរ​បាន​លឿន​ផង ដើម្បីនឹង​ដោះស្រាយ​បញ្ហា​កិច្ចការងារផ្សេងៗ បាន​ឆាប់រហ័ស។ ប៉ុន្ដែ​ម្យ៉ាងទៀត ក៏​កាត់​បន្ថយ ឬ​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​ទៅតាម​ផ្លូវ​ល្បឿន​លឿន​នេះ គឺជា​ជោគជ័យ​របស់​យើង»។

លោក ស ខេង ក៏បាន​ជំរុញ​ឱ្យ​វិស្វកម្ម​ផ្លូវថ្នល់​ដែល​ដាក់​ចរាចរណ៍​ឯកទិស មាន​ចែក​គន្លង​ផ្លូវ​ច្បាស់លាស់ មាន​គំនូស និងស្លាកសញ្ញា​គ្រប់គ្រាន់​ និង​ការធ្វើ​ចរាចរណ៍​ដោយ​គ្មាន​ម៉ូតូ​នៅ​ផ្លូវ​ល្បឿន​លឿន ដើម្បី​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ។

លោក បាន​បញ្ជាក់​ថា៖«បើសិន​ផ្លូវ​ល្បឿ​នលឿន​នេះ បន្ដ​គ្រោះថ្នាក់​កាន់តែច្រើន មានន័យថា “ផ្លូវ​នេះ មិនទាន់​ល្អប្រសើរ​នោះទេ។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​បង្ក​ផលវិបាក​ជាច្រើន​ដល់​សង្គម និង​ប្រជាពលរដ្ឋ និង​បាន​បង្ក​ផលប៉ះ​ពាល់​ដល់​គោល​នយោ​បាយ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​រាជរ​ដ្ឋាភិបាល​ផង​ដែរ»។

ល្បឿន​លឿន ភ្នំពេញ-ក្រុង​ព្រះសីហនុ ត្រូវបាន​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ដោយ​គិតថ្លៃ​សេវា ចាប់ពី​ថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពី​ផ្លូវត្រូវ​បាន​ដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​រយៈពេល១ខែ កាលពី​ខែតុលា ហើយ​ក្នុង១ថ្ងៃៗ មាន​យានយន្ត​ធ្វើ​ដំណើរ​លើផ្លូវ​ថ្ងៃនេះ​ចន្លោះ​ពី៧ពាន់​គ្រឿង ក្នុង​ថ្ងៃ​ធម្មតា រហូតដល់​ជាង ១ម៉ឺន​គ្រឿង​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍៕