ភ្នំពេញៈកើត​ចេញពី​ចិត្ត​ស្រឡាញ់​វិស័យ​ទេសច​រណ៍ និង​មាន​ចំណូល​ចិត្ត​ក្នុង​ការដើរ​ផ្សងព្រេង​ស្រាប់ និស្សិត៥រូប​បាន​ជួបជុំគ្នា​បង្កើតជា​ក្រុម​១​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ផលិត​វីដេអូ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​តាម​សហគមន៍។ ការប្ដេជ្ញាចិត្ត​យកឈ្នះ​ឧបសគ្គ នាំឱ្យ​និស្សិត​១ក្រុម​នេះ ​ក្លាយជា​ម្ចាស់​ជយលាភី​វីដេអូ​ផ្សព្វផ្សាយ​លើកស្ទួយ​អេកូ​ទេសច​រណ៍។

«កំពូលភ្នំ​នៃ​ជីវិត» គឺជា​ចំណងជើង​នៃ​វីដេអូ​ស្នាដៃ​ក្រុមនិស្សិត​ទេសចរណ៍ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ពី​កម្មវិធី​ប្រឡង​ប្រណាំង​ថត​វីដេអូ​ទេសចរណ៍​សហគ្រិន​ភាព។

តាមរយៈ​ខ្សែភាព​យន្ដ​ខ្លី​មួយ​នេះ ក្រុមនិស្សិត​បានបង្ហាញ​ពី​សាច់រឿង​របស់​បុរស​ម្នាក់​ដែល​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ និង​ដែល​ទទួលរង​សម្ពាធ​ច្រើន​ពី​ការងារ។

ការដើរ​កម្សាន្ដ​តាម​ព្រៃភ្នំ​មិនមែនជា​ចំណង់​ចំណូលចិត្ត​របស់​បុរស​ជា​តួអង្គ​នោះទេ ប៉ុន្តែ​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ​បន្ទាប់ពី​រូបគេ​បាន​ឡើងដល់​កំពូលភ្នំ និង​បាន​គយគន់​ទេសភាព​យ៉ាង​ស្រស់ត្រកាល​នៃ​ធម្មជាតិ។

អមដោយ​ការនិទាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ វីដេអូ​មួយ​នេះ​បាន​នាំ​អ្នកទស្សនា​ទៅ​ស្គា​ល់ពី​ការរស់នៅ​របស់​សហគម​ន៍​យ៉ាង​សម្បូរបែប រាប់​ចាប់តាំងពី​ការប្រកប​របរ​ចិញ្ចឹមជីវិត និង​ការរស់នៅ​ប្រចាំថ្ងៃ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សាច់រឿង​នេះ​បាន​បង្កប់​នូវ​ភាពរួសរាយ​រាក់ទាក់​របស់​បងប្អូន​ដែល​រស់នៅ​ក្នុង​សហគមន៍ បង្កើត​បានជា​ទស្សនីយ​ភាព​យ៉ាង​កក់ក្ដៅ​សម្រាប់​អ្នក​ទស្សនា។

ពីក្រោយ​ឆាក ស្នាដៃ​នេះ​កើត​ចេញ​ពី​ក្រុមនិស្សិត​៥នាក់ ដែល​រៀន​ជំនាញ​ទេសចរណ៍​ចេញពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង។ បើតាម​សមាជិក​ក្រុម​និស្សិត (The visitor) ម្នាក់​បាន​ឱ្យដឹង​ថា ទម្រាំ​ចេញ​ជា​ស្នាដៃ​មួយ​នេះ​ឡើង​គឺ​វា​មិន​ស្រួល​ប៉ុន្មាន​ទេ ពោលគឺ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ដោយ​រាប់​ចាប់តាំងពី​ការ​ធ្វើដំណើរ ការ​រវល់​ជាមួយ​កិច្ចការ​រៀន​សូត្រ ការរៀបចំ​គម្រោង​ថត បញ្ហា​អាកាស​ធាតុ រហូត​ដល់​ការ​រៀបចំ​សាច់​រឿង។

លោក ឈិន ឡុង ដែលជា​សមាជិក​ម្នាក់​បាន​រៀបរាប់ថា៖ «ផ្លូវ​ដែល​ត្រូវធ្វើ​ដំណើរ​គឺ​ស្ថិត​ក្នុង​សភាព​លំបាក ចំណែក​ឯ​ការថត​ក៏បាន​អូស​បន្លាយ​ពេល​កាន់តែ​យូរ ហើយ​ពេល​ចុះ​ថត​ផ្ទាល់​ពួក​យើង​ក៏មាន​បញ្ហា​បច្ចេក​ទេស​ជារឿយៗ​ថែម​ទៀត»។

ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្ដី លោ​កថា ​ក្រុម​ខ្លួន​នៅតែ​អាច​ជម្នះ​ថត​រហូត​បញ្ចប់​ដោយ​ជោគ​ជ័យ ដោយហេតុ​ផល​មួយ​គឺ​ស្រឡាញ់។

សមាជិក​ម្នាក់ទៀត​គឺ​លោក លីម សុគន្ធ​វឌ្ឍនៈ បានបង្ហាញ​ពី​គោលបំណង​នៃ​ការខិតខំ​របស់​ក្រុម​លោក​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​ពួក​យើង​ទាំង​អស់នេះ នឹង​ជា​ចំណែក​១​ ជួយ​ជាការ​ផ្សព្វផ្សាយ​ទៅដល់​សហគ​មន៍​ទេសចរណ៍ ជាពិសេស​គឺជា​ការ​បង្វែ​រ​ចំណាប់អារម្មណ៍​ក្នុង​ស្រទាប់​យុវជន​ខ្មែរ ឱ្យ​ងាក​ទៅ​គាំទ្រ​ទេស​ចរណ៍​ក្នុង​ស្រុក​ផង​ដែរ»។

និស្សិត​រូបនេះ​បានបញ្ជាក់​បន្ថែម​ថា នៅក្នុង​សាច់រឿង​គឺ​ក្រុម​របស់ខ្លួន​ព្យាយាម​ធ្វើយ៉ាង​ណា​បង្ហាញ​ពីស​កម្ម​ភាព​រស់​រវើក​របស់​ប្រជា​សហគមន៍ និង​ទេសភាព​ដ៏​ស្រស់ត្រកាល​ជា​លក្ខណៈ​ស្រុកស្រែ ដែល​ប្លែក​ភ្នែក​ពី​តំបន់​ផ្សេងៗ​ទៀត។

កញ្ញា ណេង សុខុម ដែលជា​សមាជិក​ក្រុម​ម្នាក់​ បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​ជាច្រើន​ចេញពី​ការបង្កើត​វេទិកា​ប្រកួត​ប្រជែង​ផលិត​វីដេអូ​បែប​ទេសចរណ៍​នេះ។ កញ្ញា​យល់ថា វា​ជា​ឱកាស​ក្នុងការ​បញ្ចេញស្នាដៃ​រប​ស់​យុវជន​ជំនាន់​ក្រោយ ហើយ​វា​គួរតែ​បន្ត​មាន​ទៀត​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ផ្សេង​ទៀត​ដែរ។

ម្យ៉ាង​ទៀត តាមរយៈ​វីដេអូ​ផ្សព្វ​ផ្សាយ កញ្ញា​រំពឹងថា ​សហគមន៍​នឹង​អាច​រកចំណូលបាន​បន្ថែ​ម​ទៀត​ពី​ការផ្ដល់​សេវាកម្ម​ទេសច​រណ៍។ ជាពិសេស វា​ក៏​អាច​ទាញ​វិនិយោគិន​ក្នុងស្រុក​ផងដែរ ដោយសារតែ​ក្រុម​កញ្ញា​បានបង្ហាញ​ពី​ចំណុច​ខ្វះខាត​មួយចំនួន​នៅក្នុង​ការធ្វើដំណើរ និង​កង្វះ​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ជាដើម។ ដូច្នេះ វា​អាចជា​ឱកាស​មួយ​ដែរ​សម្រាប់​អ្នក​វិនិយោគ​លើ​វិស័យនេះ។

តាមរយៈ​ស្នាដៃ​វីដេអូ​ទាំង២ ក្រុម The visitor បាន​រំពឹងថា ​នឹង​អាច​ជំរុញ​យុវជន យុវតី​ខ្មែរ​ឱ្យមាន​ភាពក្លាហាន​ក្នុង​ការដើរ​កម្សាន្ដ​តាម​តំបន់​ព្រៃភ្នំ ដើម្បី​ផ្ដល់​ចំណូល​បន្ថែម​ដល់​សហគមន៍ ក៏ដូចជា​រួម​​ចំណែក​ក្នុងការ​ថែរក្សា​ធនធាន​ធម្មជាតិ។

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រឡង​ប្រណាំង​ថត​វីដេអូ​ទេសចរណ៍​សហគ្រិនភាព​នេះ​ធ្វើឡើង​ក្រោម​ការរៀបចំ​របស់​ក្រសួង​ទេស​ចរណ៍ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​សហគ្រិន​ខ្មែរ ដោយបាន​បែងចែក​ជា​តំបន់​សម្រាប់​ថត​វីដេអូ​ដូចជា សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​អេកូទេសចរណ៍​ចង្ក្រាន​រយ សហ​គមន៍​អេកូ​ទេស​ចរណ៍​ទឹកធ្លាក់​អូរ​ជាំ សហ​គមន៍​ទេសចរណ៍​ធម្មជាតិ​ទឹកធ្លាក់​ស្រែ​អំពិល៕