![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/sorkheng002.jpg)
លោកស ខេង ដឹកនាំកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី៨ធ្នូ។ រូបថត Sar Kheng page
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយបានថ្លែងថា ក្រសួងមហាផ្ទៃបានផ្ទេរបុគ្គលិកក្របខណ្ឌរបស់ក្រសួងជាង៧ ០០០នាក់ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប ដោយមានការចូលរួមដោយផ្ទាល់នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីមន្ត្រីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប។
គ.ជ.អ.ប ឱ្យដឹងថា កិច្ចប្រជុំលើកទី២០នេះ គឺបានពិនិត្យ ពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាលើសេចក្តីព្រាងសំខាន់ៗមួយចំនួន ដូចជាការពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.អ.ប លើកទី១៩ ការពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពីផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី១ (២០២១-២០២៥) និងពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ទៀត។
គ.ជ.អ.ប បញ្ជាក់ថា៖«សេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ សេចក្តីព្រាងច្បាប់ស្តីពីជលផល និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ។ ជាមួយគ្នានោះក៏នឹងពិនិត្យមើលឡើងវិញពីរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង ការបែងចែកមុខងារ និងសិទ្ធិអំណាច តួនាទី ភារកិច្ច រវាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យការប្រគល់មុខងារនេះស្របតាមគោលនយោបាយអភិវឌ្ឍន៍ និងលើកកម្ពស់គោលនយោបាយមុខងាសារធារណៈសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ លើកកម្ពស់គុណភាពសិទ្ធិរបស់ប្រជាពលរដ្ឋ»។
ក្នុងឱកាសនោះ ស ខេង បានលើកឡើងថា រយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងសកលលោក បានតម្រូវឱ្យមានការផ្លាស់ប្តូរនូវរបៀបនៃការរស់នៅ និងការបំពេញការងារ។ សម្រាប់ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាបាននូវស្ថានភាពដ៏ល្អប្រសើរ និងបង្កលក្ខណៈឱ្យស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នារៀបចំអនុវត្តការងារចាំបាច់នានាផ្សារភ្ជាប់ទៅនឹងកំណែទម្រង់ពាក់ព័ន្ធដើម្បីធានាបាននូវនិរន្តរភាពជូនប្រជាពលរដ្ឋ។
លោកឱ្យដឹងថា ក្នុងការអនុវត្តគោលនយោបាយថ្នាក់ជាតិ២០១០-២០២០ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងនានា ព្រមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួនធំ ទៅថ្នាក់ក្រោមជាតិហើយកិច្ចការនេះត្រូវបានរៀបចំជាជំហាន និងជាដំណាក់កាលដោយមានការពិភាក្សា និងពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធផងដែរ។
លោក បានបញ្ជាក់ថា៖«ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជាច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខ័ណ្ឌក្រសួងមហាផ្ទៃប្រមាណជាង៧ ០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។
លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បាននិយាយថា រាជរដ្ឋាភិបាល បានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏ចាំបាច់ និងមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានា រួមមានកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានា។
លោក បាននិយាយបន្តថា៖«ដើម្បីឱ្យការធ្វើកំណែទម្រង់ខាងលើមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាដំណាក់កាលៗ ដើម្បីផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកំណែទម្រង់ស្នូល និងកំណែទម្រង់តាមវិស័យនានារបស់រាជរដ្ឋាភិបាល»។
បើតាមលោក ចាន់ សុធា កម្ពុជា កំពុងរៀបចំនូវសេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំដំណាក់កាលទី១ មាន៥ជំពូក និង១១៧ទំព័រ ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អដំណើរការផ្តល់សេវា និងគុណភាពសេវា ដែលជាការរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីជលផល បានថ្លែងថា ក្រសួង បានជំរុញដល់ដំណើរការនៃការរៀបចំក្រុមការងារក្រសួងនៅក្នុងការធ្វើការពិនិត្យរៀបចំកែសម្រួលយ៉ាងយកចិត្តទុកដាក់ និងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ។
លោកបានបញ្ជាក់ថា៖«សេចក្តីព្រាងច្បាប់ស្តីពីជលផល បានពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នានាជាសាធារណៈជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធសម្រេចបានជាសេចក្តីសម្រេចចុងក្រោយ មាន១៧ជំពូក និង១២៩មាត្រា។ ច្បាប់នេះឆ្លើយតបទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មវិស័យជលផលកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្តោតសំខាន់ទៅលើបទប្បញ្ញត្តិមួយចំនួន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងនេសាទសមុទ្រ»។
ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចូលរួមធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំនោះ ដោយនិយាយថា កត្តាសំខាន់ៗជាមូលដ្ឋាន ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ គឺផ្អែកលើការរីកចម្រើនរបស់ប្រទេស និងជីវភាពប្រជាជននៅទូទាំងប្រទេស។ លោកបានបន្តថា កត្តានេះ គឺទាមទារឱ្យមានការថែក្សាការពារតំបន់ធនធានធម្មជាតិនានាគ្រប់ប្រភេទនៅក្នុងប្រទេស រួមមាន ព្រៃឈើ ទន្លេ បឹងបួ ភ្នំ និងសម្បត្តិធម្មជាតិមួយចំនួនទៀត សម្រាប់តម្កល់ជាសម្បត្តិជាតិដែលមានរយៈពេលយូរអង្វែង និងអាចទាញយកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជនត្រឡប់មកវិញ។
លោកបានបញ្ជាក់ថា៖«ត្រូវមានច្បាប់ថ្មីមួយ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់អនុវត្តលើកិច្ចការងារនេះឱ្យបានស្របជាមួយការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន នោះគឺច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនេះ មានគោលបំណងដើម្បីកំណត់អំពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព ដើម្បីធ្វើការការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ព្រមទាំងលើកកម្ពស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ជីវភាពសហគមន៍មូលដ្ឋាន អភិវឌ្ឍន៍ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ»៕