The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​គ្រូ​បង្រៀន​ចោទ​ប្រធាន​មន្ទីរ​អប់រំថា​ បាន​លួច​កិប​កេង​កាត់​ប្រាក់​បៀវត្សរ៍​ក្រោម​លេស​ព្យួរ​ឈ្មោះ

ក្រុម​គ្រូ​បង្រៀន​ចោទ​ប្រធាន​មន្ទីរ​អប់រំថា​ បាន​លួច​កិប​កេង​កាត់​ប្រាក់​បៀវត្សរ៍​ក្រោម​លេស​ព្យួរ​ឈ្មោះ

Content image - Phnom Penh Post
ប្រធានមន្ទីរអប់រំដែលរងការចោទប្រកាន់ពីគ្រូបង្រៀនពីរឿងកិបកេងប្រាក់បៀវត្សរ៍ ។ រូបថត សហការី

ក្រុម​គ្រូ​បង្រៀន​ចោទ​ប្រធាន​មន្ទីរ​អប់រំថា​ បាន​លួច​កិប​កេង​កាត់​ប្រាក់​បៀវត្សរ៍​ក្រោម​លេស​ព្យួរ​ឈ្មោះ

ត្បូងឃ្មុំៈប្រធាន​មន្ទី​រអប់រំ​យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ លោក អ៊ិន ពៅ​សម្បត្តិ ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន​នៅ​តាម​សាលា​ជាច្រើន​អះអាង​ថា បាន​លួច​កិប​កេង​កាត់​ប្រាក់បៀវត្សរ៍​របស់​ពួកគាត់​អស់​ជាច្រើន​ខែ និងប្រាក់​មុខការ​ងារ​ផ្សេងៗ​ទៀតសរុប ៣០០​ លាន​រៀល ដោយ​យក​លេស​ថា ពួកគាត់​បាន​ព្យួរ​ឈ្មោះ ហើយ​ចូលទៅ​បម្រើ​ការងារ​ជាម​ន្ត្រី​រៀបចំ​ការបោះឆ្នោត​នៅតាម​ឃុំ​សង្កាត់​។

​លោកសុខ ជា អាយុ​៥១​ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​ជី​រោទិ៍​កណ្ដាល​មាន​លំនៅ​ក្នុងភូមិ​ជី​រោទិ៍​កណ្ដាល ឃុំ​ជី​រោទិ៍​១ ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើម្បី​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ និង​ការ​សិក្សា​របស់​កូនៗគាត់​ត្រូវ​ខិ​តខំ​ធ្វើការ​ងារ​ដោយ​សឹង​រក​គ្មាន​ថ្ងៃ​សម្រាក​នោះ​ឡើយ​។

​លោក​បាន​បន្ត​ថា នៅមុន​ការបោះ​ឆ្នោត​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី​៥ លោក​បាន​ដាក់​ពាក្យ​បម្រើ​ការងារ​ជាម​ន្ត្រី​រៀប​ចំ​ការបោះ​ឆ្នោតក្នុង​តួនាទី​ជា​អនុ​ប្រធាន​គណៈក​ម្មការ​រៀបចំ​ការបោះ​ឆ្នោត​ឃុំ​-​សង្កាត់ ​ក្នុង​មូល​ដ្ឋាន​ដែល​គាត់​រស់​នៅ ​ដោយ​ទទួល​បាន​ប្រាក់ខែ​ក្នុង​១​ខែ​ ចំនួន​១,២៥​លាន​រៀល​។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​៤​ខែ ​ដែល​គាត់​បម្រើ​ការងារ​ជា​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​នោះ ​សម្រាប់​តែ​ប្រាក់​បៀវត្សរ៍​ជា​នាយក​សាលា​និង​គ្រូ​បង្រៀន​របស់​គាត់ ត្រូវបាន​កាត់​អស់៥​លាន​រៀល​ទៅ​វិញ​។

​លោកសុខ ជា ​មាន​ប្រសាសន៍​ថា​៖«​ថ្វីបើ​ខ្ញុំ ដាក់​ពាក្យ​បម្រើ​ការងារ​ជា​អនុប្រ​ធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បោះ​បង់​ការងារ​ និង​តួនាទី​ជា​នាយក​សាលា ​និងជា​គ្រូ​បង្រៀន​នោះទេ​។ ខ្ញុំ​តែង​តែ​ចាត់​ចែង​ការងារ​ដល់​បុគ្គ​លិក​សិក្សា និង​គ្រូប​ង្រៀន​នៅ​ក្នុង​សាលា​រៀន​របស់​ខ្ញុំ មុន​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ទៅ​បំពេញ​ការ​ងារ​ជា​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​»​។

​បើតាម​លោក ​សុខ ជា កន្លង​មក គាត់​ក៏​ធ្លាប់​បម្រើ​ការងា​រ​ជាម​ន្ត្រី​ការ​រៀបចំ​ការបោះ​ឆ្នោត​ផង និង​បង្រៀន​សិស្ស​នៅ​ឯ​សាលា​រៀន​របស់​គាត់​ផង​អ៊ី​ចឹ​ង​ដែរ​ ប៉ុន្តែ​ពុំដែល​មាន​ករណី​កាត់​ប្រាក់​បៀវត្សរ៍​ដ៏​ច្រើន​បែប​ហ្នឹង​នោះ​ទេ​។ លោក​ទាម​ទារ​ឱ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ ពន្យល់​បក​ស្រាយ​ឱ្យបាន​ច្បាស់​ថា ​តើ​កាត់​លុយ​របស់​គាត់​ដ៏​ច្រើ​ន​បែប​នោះ​យក​ទៅ​ធ្វើ​អ្វី​ខ្លះ​?

​លោក​បាន​បញ្ជាក់​ថា​៖«​វា​អយុត្តិ​ធម៌​ណាស់​សម្រាប់​ខ្ញុំ​ និង​លោក​គ្រូ​អ្នកគ្រូ​ផ្សេង​ទៀតដែល​ខិតខំ​ធ្វើ​ការងារ​ដោយ​លំបាក ដើម្បី​ជីវភាព​គ្រួសារ ​បែរជា​រង​ការ​កាត់​ប្រាក់​បៀវត្សរ៍​ដោយ​គ្មាន​មូល​ហេតុ​។ ខ្ញុំ​ធ្វើ​ការងារ​បោះ​ឆ្នោត​៤​ខែបាន​ប្រាក់​ខែ​សរុប​៥​លាន​រៀល ​តែ​ត្រូវ​ថ្នាក់​ដឹក​នាំ​នៅ​មន្ទីរ​ កាត់​បៀវត្សរ៍អស់​៥​លាន​រៀល​វិញ​»​។​

​ស្រ​ដៀង​គ្នា​នេះ លោក ឈុន សុខ អាយុ​៤៨​ឆ្នាំ ជា​នាយក​សាលា​បឋ​មសិក្សា​បឹង​ព្រះ ​មាន​លំនៅ​ក្នុង​ភូមិ​-​ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​បើសិនជា​​រាជរ​ដ្ឋាភិបា​ល​មាន​ការ​ខ្វះខាត តម្រូវ​ឱ្យ​ខាង​មន្ទីរ​កាត់​ប្រាក់​បៀវត្សរ៍​​របស់​ពួក​គាត់​ជា​គ្រូ​ប​ង្រៀនដើម្បី​យក​ថវិកា​ទៅ​ជួយ​ទំនុ​កបម្រុង​ក្នុង​វិស័យ​អ្វីមួយ​ផ្សេងទៀ​ត​នោះ ក៏​ពួកគាត់​មិន​ជំទាស់​ដែរ តែ​សូម​កុំ​កាត់​ដល់​ច្រើនបែប​ហ្នឹង​ខ្លាំងពេ​ក​។​

​លោក​​ថ្លែងថា​​៖«​ខ្ញុំ​និង​លោក​គ្រូ​អ្នកគ្រូ​មួយ​ចំនួ​នទៀតបាន​ដាក់​ញត្តិ​សុំឱ្យ​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​លើ​ករណី​នេះ ​ដើម្បី​ដឹងថា ​តើ​លុយ​ដែល​ត្រូវបាន​កាត់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​យ​កទៅ​ធ្វើ​អ្វី​?ហើយ​ត្រឹម​ត្រូវ​
តាម​ទម្រង់​ច្បាប់​ឬ​អត់​?សម្រាប់​ខ្ញុំ ក្នុង​ករណី​កាត់​នេះ​មិន​ត្រឹម​ត្រូវសូម​បង្វែរ​លុយ​នោះ​ម​កឱ្យ​ខ្ញុំ​វិញ ទោះ​មិន​បាន​ទាំងអ​ស់​ក៏​សូម​ត្រឹម​៥០​ភាគ​រយ​វិញ​មក ព្រោះ​វា​ជា​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ ​ដែល​ខិត​ខំ​បង្រៀន​សិស្ស​ថ្នាក់​ផ្គួប [​ថ្នាក់​ទី​៣-៤] »​។​

​បើតាម​លោក ​ឈុន សុខ ក្រៅពី​តួនាទី​ជា​នាយក​សាលា​បឋម​សិក្សា​បឹង​ព្រះ ​គាត់​នៅ​ឆ្លៀត​ជួយ​បង្រៀន​សិស្ស​ថ្នាក់​ផ្គួប ​គឺ​ថ្នាក់​ទី​៣-៤​នេះ​១​វេន​ថែម​ទៀត ព្រោះ​សា​លារៀន​របស់​គាត់​ខ្វះ​គ្រូបង្រៀន​។ ក្នុង​អំឡុ​ងពេល​គាត់​បំពេញ​ការងារ​ជាម​ន្ត្រី​រៀបចំ​ការ​បោះឆ្នោ​ត​ក្នុង​រយៈពេ​ល​៤​ខែ​កន្លង​មក​នេះ គាត់​ត្រូវ​បាន​គេ​កាត់​ប្រាក់​បៀ​វត្សរ៍​សរុប​អស់​៣​លាន​រៀល​។​

​ជុំវិញ​ករណីនេះ​ លោក ​អ៊ិន ពៅ​សម្បត្តិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា មិន​អាច​ទាក់ទ​ង​ស្នើសុំ​ការ​អធិប្បា​យ​បានទេ ​កាលពី​ថ្ងៃទី​៨​ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​​។

​យ៉ាង​ណាក៏​ដោយ ប្រភព​ពី​មន្ត្រី​សំខាន់​ម្នាក់​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខ​ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ​លោ​ក អ៊ិន ពៅ​សម្បត្តិ និង​បក្ខ​ពួក​ត្រូវ​បាន​គេ​រក​ឃើញ​ថាបាន​កេង​ប្រវ័ញ្ច​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​កិច្ច​សន្យា​ចំនួន​៩០​នាក់ នៅ​ស្រុក​មេ​មត់ ​នូវ​ថវិកា​ក្នុង​១​ខែៗ ​សរុប​ជិត​១០០​លាន​រៀល​ និង​បាន​បន្លំ​ឯក​សារ​សា​ធារណៈ ​រំលោភសេ​ចក្តីទុ​កចិ​ត្ត កេង​ប្រ​វ័​ញ​ប្រាក់​បៀវត្សរ៍​​គ្រូប​ង្រៀន ២​វេន​ សម្រាប់​​ឆ្នាំ​២០២២​ ដោយ​បន្លំ​ដាក់​ឈ្មោះ​បក្ខ​ពួក​មិន​មាន​ក្រ​បខ័ណ្ឌ​មន្ត្រី​អប់រំ ដាក់​បន្លំ​ប្តី​ប្រពន្ធ​ លាក់បាំ​ង​ដោយ​ដាក់ឈ្មោះ​​ជា​គ្រូ​២​វេន​ ដោយ​សាមី​ខ្លួន​មិន​ដឹង​ ដើម្បី​កុ​ហស​ថា ​ធនាគា​រវេ​លុយ​ច្រឡំ ​ហើយ​សូម​អ្នក​ទទួល​នោះ វេ​រលុយ​ត្រឡប់​មកឱ្យ​ពួក​គេ​វិញ​។

​ប្រភព​បាន​បញ្ជាក់​ថា​៖«​ប្រាក់​បៀវត្សរ៍ រ៍​ដែល​ត្រូវបាន​កេង​ប្រវ័ញ្ច​ពី​គ្រូ​បង្រៀន​២​វេន​នោះ គឺ​បាន​កើត​ឡើង​ចាប់​តាំងពី​ខែ​មករា ​ដល់​ ខែសីហា ឆ្នាំ​២០២២ ​ក្នុង​គ្រូ​ម្នាក់ៗ ​អស់​ជាង ១១ ​លាន​រៀល ​ស​រុប​ជា​ថវិកា ជាង ​២០០​ លាន រៀល »​។​

​ជុំវិញ​ការផ្ទុះ​បាតុ​ភាព​ដ៏​ចម្រូង​ចម្រាស​នេះ នៅ​រសៀល​ថ្ងៃទី​៨ ​ខែធ្នូ ឆ្នាំ​២០២២ ​លោក​ រស់ សុ​វាចារ អ្នក​នាំពា​ក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​សារ​អេ​ឡិច​ត្រ​និក​ថា ជា​ទូទៅ ​គណ​:​គ្រប់​គ្រង​គ្រឹះ​​ស្ថាន​សិក្សា ត្រូវ​ដោះ​ស្រាយ​ករណី​បាតុ​ភាព​ផ្សេងៗ ​នៅតា​ម​គ្រឹះ​ស្ថាន​សិក្សា ​ដោយ​ចាត់​វិធា​នការ​តាម​ទិដ្ឋភាព​ជាក់ស្តែ​ង​។

​លោក​បាន​បន្ថែម​ថា បើ​ចាំបា​ច់ គណ​:​គ្រប់​គ្រង​គ្រឹះស្ថា​នសិ​ក្សា អាច​សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ទាំង​២៥​ខេត្ត ​រាជធា​នី ដែលជា​សេនាធិកា​រ តាម​ឋានានុ​ក្រម​នៃ​ក្រសួង​អប់​រំ យុវជន ​និង​កីឡា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍