![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/topic-14.-citizens-are-checking-voter-names-at-tuol-kork-district-on-june-2022-by-hong-menea.jpg)
ប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតនៅខណ្ឌទួលគោក កាលពីខែមិថុនា។ ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គជប គ្រប់ជាន់ថ្នាក់ដែលធ្វើឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ រយៈពេល ៥០ ថ្ងៃកន្លងមកនេះ បញ្ចប់ទៅដោយរលូន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានថ្លែងព្រឹកថ្ងៃទី ៨ ខែធ្នូ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ថា បើទោះបីមានបញ្ហាអាកាសធាតុ តំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ហើយភូមិសាស្ត្រខ្លះស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានបញ្ហាតិចតួចបានកើតឡើងក្តីក៏ប៉ុន្ដែវាមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះឡើយ។
លោកថា៖ «យើងឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ។ សរុបរួមមក ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេល ៥០ ថ្ងៃកន្លងមកនេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គជប និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ធ្វើឱ្យការចុះឈ្មោះបញ្ចប់ទៅដោយរលូន និងដោយជោគជ័យ»។
បើតាមរបាយការណ៍គជប គិតត្រឹមរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧៧៥៥០ នាក់ (ស្ត្រី ២៨៨ ៥៥១ នាក់) ដែលស្មើនឹង ១៤១,១៩% នៃស្ថិតិពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោត។
របាយការណ៍បន្តថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៥៨ ៣៧២ នាក់ អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦០ ៧៦៩ នាក់ និងអ្នកផ្ទេរចូលមានចំនួន ១៧៨ ៥២១ នាក់ ។
លោក ហង្ស ពុទ្ធា ថា នេះជាលទ្ធផលបណ្តោះអាសន្នហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលដែលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃចុងក្រោយគឺ ថ្ងៃទី ៨ ខែធ្នូ។
បើតាម គជប បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ត្រូវបានបញ្ចប់ ហើយបណ្ដឹងពាក់ព័ន្ធនឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោតត្រូវបានដោះស្រាយរួចរាល់ (ក្នុងករណីមានបណ្ដឹង) ឬប្រសិនបើពុំមានបណ្តឹង ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចាត់ចែងបំពេញនូវរបាយការណ៍ស្តីពីលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតតាមការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ។
លោក ហង្ស ពុទ្ធា ថ្លែងថា បើមានបណ្ដឹងតវ៉ាអំពីការបដិសេធការសុំចុះឈ្មោះបោះឆ្នោត ត្រូវបានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវអនុវត្តនៅថ្ងៃទី ៧ បន្ទាប់ពីថ្ងៃបញ្ចប់ការចុះឈ្មោះបោះឆ្នោត (ថ្ងៃទី ១៥ ធ្នូឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយ)។
ពាក់ព័ន្ធនឹងបណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត លោក ហង្ស ពុទ្ធា បានឱ្យដឹងថា រហូតមកទល់ពេលនេះ គជប បានទទួលបណ្តឹងសរុបចំនួន ១ បណ្តឹង (បណ្តឹងផ្តន្ទាទោស) ពីគណបក្សភ្លើងទៀន ករណីភ្នាក់ងារគណបក្សភ្លើងទៀន ប្ដឹង ចៅសង្កាត់រងទី ១ នៃសង្កាត់ អូរឫស្សីទី ៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ប៉ុន្តែពាក្យបណ្ដឹងនេះត្រូវបាន គជប សម្រេចធ្វើលិខិតជូនដំណឹងបដិសេធ។
អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានកត់សម្គាល់ឃើញតាមរយៈការតាមដាននៃដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នេះថា ការផ្សព្វផ្សាយហាក់បីដូចជាមិនបានទូលំទូលាយ និងជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋគ្រប់រូបនៅឡើយទេ ជាពិសេសយុវវ័យដែលគ្រប់អាយុដល់ថ្ងៃបោះឆ្នោត។
លោកថ្លែងថា៖ «យើងឃើញថា ពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុកមកតាមបណ្តាខេត្តមួយចំនួន ពិសេសតាមបណ្តាខេត្តជាប់ព្រំដែនគឺបានចាកចេញទៅធ្វើជាពលករនៅក្រៅប្រទេសច្រើនមែនទែន បើតាមរបាយការណ៍របស់អង្គការសង់ត្រាល់គឺមានប្រមាណជា ២ លាននាក់ឯណោះ។ អ៊ីចឹង យើងមានការបារម្ភថា ការចុះឈ្មោះបោះឆ្នោតនេះមិនបានចុះឈ្មោះអស់នូវចំនួនប្រជាពលរដ្ឋដែលសិទ្ធិក្នុងការបោះឆ្នោតនេះ»។
លោក ស៊ឹង សែនករុណា ថា ៖ «បើអាចគួរតែទុកនៅចន្លោះណាមួយដើម្បីឱ្យពួកគាត់ចុះឈ្មោះបន្តទៀត ដើម្បីឱ្យពួកគាត់អាចអនុវត្តនូវសិទ្ធិរបស់ពួកគាត់បាន ហើយជាការសម្រួលខាងពលករចំណាកស្រុកយើងចង់ឱ្យមានការកែសម្រួលឬក៏ធ្វើវិសោធនកម្មច្បាប់យ៉ាងណាឱ្យពលករចំណាកស្រុកមានឱកាសចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ដើម្បីចៀសវាងនូវការចំណាយផ្សេងៗក្នុងការធ្វើដំណើរចុះឡើងមកចុះឈ្មោះនេះ»។
អគ្គលេខាធិការរង គជប លោក សោម សូរីដា ថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានបិទបញ្ចប់នៅម៉ោង ៥ និង ៣០ នាទីរសៀល ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ហើយ គជប នឹងមិនមានការពន្យារពេល ឬបន្ថែមថ្ងៃសម្រាប់ការចុះឈ្មោះនេះទៀតនោះឡើយ។ ជាមួយគ្នានេះលោក សូរីដា បានឱ្យដឹងថា បើពិនិត្យទៅលើចំនួនពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត គិតត្រឹមថ្ងៃទី ៧ ខែធ្នូ មានប្រមាណជាង ៩ លាន ៧ សែននាក់ ឬប្រមាណជាជិត ៩០% បើធៀបទៅនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតនោះគឺមានជាង ១០ លាននាក់។
លោកបានបញ្ជាក់ថា ដូចនេះតួលេខនេះគឺជាតួលេខមួយដែលនៅសល់ប្រហាក់ប្រហែល ១ លាន ១ សែននាក់ ហើយលោកសង្ឃឹមថា នៅថ្ងៃចុងក្រោយនេះនឹងមានការចុះឈ្មោះប្រជាពលរដ្ឋថ្មីបន្ថែមទៀត៕