ភ្នំពេញៈ ក្រសួងកសិកម្មប្រកាសស្វែងរកក្រុមហ៊ុនដែលមានបំណងចង់ផលិតឬនាំចូលជីកសិកម្មដែលមានគុណភាពត្រឹមត្រូវតាមស្តង់ដា និងមានតម្លៃសមរម្យ ដើម្បីបង្កើនប្រាក់ចំណេញ និងកាត់បន្ថយការចំណាយថ្លៃដើមរបស់កសិករ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៧ ធ្នូ ថា៖ «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិតឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដា និងមានតម្លៃសមរម្យមកចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងកសិកម្ម»។
ក្រសួងកសិកម្មបញ្ជាក់ថា ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិតឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្ដង់ដាពិតប្រាកដមែន។ ក្រសួងកសិកម្មបញ្ជាក់ពីក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុនជាច្រើនចូលរួមនិងគាំទ្រអនុវត្តការងារនេះ ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់ភ្នំពេញប៉ុស្តិ៍ថា រាល់ថ្ងៃនេះកសិករត្អូញត្អែរថា ជីកសិកម្មនៅក្នុងទីផ្សារដែលមានលក់រាល់ថ្ងៃមានតម្លៃថ្លៃដែលជាហេតុធ្វើឱ្យពួកគាត់មិនបានទទួលផលចំណេញច្រើនបន្ទាប់ពីប្រមូលផលស្រូវលក់រួចហើយ។ នេះគឺជាវិធានការថ្មីមួយទៀត បន្ទាប់ពីការផ្ដួចផ្ដើមឱ្យបង្កើតពូជស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ដល់ការ-ធ្វើស្រែនៅរដូវក្រោយសម្រាប់កសិករ។
កញ្ញា ថ្លែងថា៖ «យើងកំពុងតែប្រកាសស្វែងរកក្រុមហ៊ុនដែលនាំចូលជីឬក៏ផលិតជីដែលមានគុណភាពខ្ពស់ហើយតម្លៃសមរម្យ។ [តម្លៃ]សមរម្យហ្នឹងចង់មានន័យថា ឱ្យប្រកួតជាមួយទីផ្សារបានឬមួយក៏ទាបជាងតម្លៃទីផ្សាររាល់ថ្ងៃហ្នឹងឱ្យតែបានថោកជាងរាល់ថ្ងៃហ្នឹងហើយល្អ។ អាហ្នឹងវានឹងរួមចំណែកជួយកាត់បន្ថយការចំណាយថ្លៃដើមរបស់កសិករយើង ១ ជាន់បន្ថែមទៀតដែលបន្តិចម្ដងៗ វានឹងបង្កើនផលចំណេញរបស់បងប្អូនប្រជាកសិករយើង»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា-កម្ពុជា ថ្លែងថា លោកឃើញថា មានក្រុមហ៊ុនធំៗជាច្រើន បានធ្វើការនាំជីចូលមកកម្ពុជា ហើយការបើកឱ្យមានការនាំចូលជីរបស់ក្រសួងកសិកម្មនេះនឹងធ្វើឱ្យមានការប្រកួតប្រជែងថ្លៃជីក្នុងការនាំចូល។ លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យជីកាន់តែមានគុណភាព ពីព្រោះកន្លងមកនេះ ក្រុមហ៊ុននាំចូលជីមកកាន់កម្ពុជា គឺមិនមានការប្រកួតប្រជែងនោះទេ ដែលធ្វើឱ្យតម្លៃជីកើនឡើងខ្ពស់។ ដំណោះស្រាយរបស់ក្រសួងកសិកម្មនៅពេលនេះ គឺជាការងារល្អ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ថ្លែងថា ៖ «ជាងនេះ ខ្ញុំស្នើថា ឱ្យមានការសិក្សាស្រាវជ្រាវ ផលិតជីដោយខ្លួនឯងឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនផលិតជីនៅក្នុងប្រទេសកាន់តែច្រើនដើម្បីឱ្យថ្លៃដើមជីឱ្យបានទាបសម្រាប់ការរួមចំណែកផលិតកម្មរបស់កសិករ»។
ជាមួយគ្នានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសមាគមកសិករកម្ពុជា ក៏បានលើកឡើងដែរថា ការអន្តរាគមន៍បន្ទាន់ទៅលើការគ្រប់គ្រង និងការចាត់វិធានការចំពោះការឡើងថ្លៃនូវទំនិញសម្ភារ ជី ថ្នាំកសិកម្មនេះ រដ្ឋាភិបាលអាចដោះស្រាយបាន តាមរយៈការបន្ធូរបន្ថយអត្រាពន្ធនៃការនាំចូល។ លោកបន្តថា រួមជាមួយនឹងការបន្ថែមថវិកាជាតិក្នុងការជួយដល់ប្រជាកសិករ ឬក៏ធ្វើយ៉ាងម៉េចពិនិត្យលើលទ្ធភាពផលិតនូវវត្ថុធាតុដើមដូចជា ជីគីមី និងសម្ភារនៅក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយខ្ពស់ទៅលើអ្វីដែលជាតម្រូវការខ្ពស់របស់កសិករ។
លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្លាប់បានថ្លែងថា តម្លៃជីកសិកម្មឡើងថ្លៃខ្ពស់ក្នុងឆ្នាំ ២០២២ ដោយតម្លៃជីក្នុង ១ តោនឡើងដល់ចន្លោះពី ៥១០ ដុល្លារ ទៅ ៧៨៣ ដុល្លារ។ លោកថា មូលហេតុដែលតម្លៃជីកសិកម្មឡើងថ្លៃ ព្រោះតម្លៃដឹកជញ្ជូនផ្គត់ផ្គង់ចែកចាយក្នុងស្រុកឆ្នាំ ២០២០-២០២២ កើនឡើងតម្លៃ ១ តោនពី ១០ដុល្លារទៅ ១១ ដុល្លារ ហើយមូលហេតុចម្បងមួយទៀត គឺមកពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយហេតុថា រុស្ស៊ីជាប្រទេសដែលផលិតជីកសិកម្មច្រើនជាងគេ។
ពាក់ព័ន្ធវិស័យកសិកម្មនេះ កម្ពុជា និងប្រទេសកូឡុំប៊ី បានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មតាមរយៈការចែករំលែកបច្ចេកវិទ្យាជាពិសេសការបង្កាត់ពូជស្រូវ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកជំនាញ។
ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ២ កាលពីថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី រវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងលោក Francisco Jose' Coy Granados អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសកូឡុំប៊ី។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាចេញពីថ្ងៃទី ៨ ខែធ្នូ បញ្ជាក់ថា៖ «ភាគីកូឡុំប៊ីក៏បានស្នើឱ្យមានគម្រោងបណ្តុះបណ្តាលរួមគ្នារវាងប្រទេសទាំង ២ លើវិស័យកសិកម្មតាមរយៈសេវាបណ្តុះបណ្តាលជាតិរបស់ក្រសួងការងារកូឡុំប៊ី»៕